ក្រោយស្ងាត់ជាង២ឆ្នាំ Angelababy បញ្ចុះតម្លៃខ្លួន ៩០% ដើម្បីថតរឿងថ្មី តែបែរជាគួរឲ្យស្តាយ
- 2020-07-10 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយស្ងាត់ជាង២ឆ្នាំ Angelababy បញ្ចុះតម្លៃខ្លួន ៩០% ដើម្បីថតរឿងថ្មី តែបែរជាគួរឲ្យស្តាយ
កេរ្តិ៍ឈ្មោះរបស់តារាសម្ដែងស្រីជួរមុខចិន Angelababy កំពុងធ្លាក់ចុះយ៉ាងគំហុក ក្រោយពេល ២ឆ្នាំ គ្មានរឿងថ្មី និង៧ខែ គ្មានកុងត្រា។
កាលពីថ្ងៃទី ៩ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មានបានរាយការណ៍ថា កំពូលតារាស្រីកើតឆ្នាំល្បាក់ ១៩៨០ កំពុងសម្រុកត្រលប់មកថតរឿងយ៉ាងច្រើនកុះករដូចជា Yang Mi, Zhao Li Ying, Liu Shi Shi និង Ni Ni ជាដើម ដោយម្នាក់ៗថតម្ដងសុទ្ធតែ២រឿង។ ខុសអីតែតារាសម្ដែងស្រីល្បីឈ្មោះ Angelababy អត់មានរឿងថតសូម្បីតែមួយ។ អាការៈបែបនេះ គឺអូសបន្លាយជាង ២ឆ្នាំមកហើយ។
សម្រាប់តារាសម្ដែងម្នាក់ ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ខ្លួន គឺមានតែតាមរយៈការថតរឿងប៉ុណ្ណោះ យ៉ាងណាក្ដី ស្រីស្អាតកូន១រូបនេះ គឺជាករណីពិសេស ត្បិតគ្មានផលិតកររូបហ៊ានសហការនឹងនាង។ QQ នាំពាក្យអ្នកក្នុងសិល្បៈម្នាក់ថា Baby ពេលនេះចង់សហការជាមួយ តារាប្រុសដែលល្អមួយចប់ គឺបានទាំងរូប និងសមត្ថភាព។ អាស្រ័យហេតុនេះហើយ នាងបានបញ្ចុះតម្លៃខ្លួនឯង រហូតដល់ទៅ ៩០% តែគួរឲ្យស្ដាយ អត់មានតារាណាហ៊ានសហការនឹងនាង ព្រោះនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះគេធ្លាក់ចុះ។
ជាក់ស្ដែង ករណីនេះបានធ្លាក់លើ តារាសម្ដែងប្រុស Deng Lun រួចមកហើយ ត្បិតលោកជាតារាលំដាប់ A តែរឿងរបស់លោកសហការនឹង Angelababy ត្រូវបរាជ័យទាំងស្រុង។ ដោយសារតែមានដើមទងជាម៉ូដែល ដូចនេះប្រពន្ធរបស់ Huang Xiaoming គ្មានបទពិសោធន៍សម្ដែងឡើយ។
មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីចូលឆ្នាំ ២០២០នេះមក ស្រីស្អាត ៣១ឆ្នាំ ក៏គ្មានកុងត្រាផ្សព្វផ្សាយអ្វីថ្មីដែរ ខណៈតារាស្រីរួមជំនាន់ ទទួលបានកុងត្រាថ្មី ម្នាក់ដល់ទៅ៦៕