លើ​លោក​នេះ​គ្មាន​ឡើយ​មនុស្ស​ស្រី​អេ មាន​តែ​មនុស្ស​ស្រី​ដែល​មិន​ទាន់​រក​ឃើញ​ស្នេហា​ពិត​ប្រាកដ

  • 2020-07-09 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ជីវិត​មួយ​នេះ សុខ​ចិត្ត​យឺត​ប្រសើរ​ជាង លឿន​តែ​ប្រហែស។ កុំ​ដោយ​សារ​តែ​ឃើញ​គេ​មាន​​គូ ហើយ​ឆ្វេឆ្វា​រក​ដៃ​គូ​ឲ្យ​ខ្លួន​ឯង​ដែរ​ ទាំង​មិន​ពេញ​ចិត្ត។

មនុស្ស​មិន​តិច​ឡើយ​ ដែល​គិត​ថា អាពាហ៍ពិពាហ៍​គឺ​ជា​ជម្រើស​ដែល​មិន​អាច​អត់​បាន​សម្រាប់​នារី​គ្រប់​រូប​ក្រោយ​ពេល​ចេញ​ពី​សកលវិទ្យាល័យ​រួច និង​មាន​ការងារ​សមរម្យ​មួយ។ តែ​មាន​​ខ្ញុំ​ម្នាក់ បែរ​ជា​ខុស​គេ ដែល​គិត​ថា វា​គ្រាន់​តែ​ជា​​ជម្រើស​​មួយ ដែល​អាច​ជ្រើស​យក ឬ​មិន​ជ្រើស​យក​ប៉ុណ្ណោះ។ ប្រសិន​បើ ខ្ញុំ​រក​ឃើញ​មនុស្ស​ម្នាក់​ដែលស័ក្ដិសម​នឹង​ខ្លួន​ខ្ញុំ ​នោះ​ខ្ញុំ​នឹង​រៀបការ។

បើ​ខ្ញុំ​នៅ​តែ​រក​មិន​ទាន់​ឃើញ ខ្ញុំ​នឹង​រីករាយ​ជីវិត​នៅ​លីវ​បែប​នេះ​រហូត​ដល់​ថ្ងៃ​ណា​មួយ​ដែល​បាន​ជួប​គេ។ យើង​គួរ​តែ​ដឹង​ថា អ្វី​ក៏​មាន​តម្លៃ​របស់​វា​ដែរ។ នៅ​ពេល​ដែល​បុគ្គលណាមួយ​ចូល​ក្នុង​ជីវិត​អ្នក​យឺត មាន​ន័យ​ថា គេ​នឹង​ពាំនាំ​នូវ​អ្វី​ដែល​ល្អ​មក​​ក្នុង​ជីវិត ដើម្បី​ឲ្យ​អ្នក​យល់​ពី​តម្លៃ​នៃ​ការ​រង់​ចាំ​អ្វី​មួយដែល​​ល្អ​លើស​គេ។ ដ្បិត​​ប្រសិនបើ​របស់​ល្អ ហើយ​បាន​មក​ដោយ​ងាយ​ៗ ភាគ​ច្រើន​យើង​មិន​ឲ្យ​តម្លៃ​វា​ឡើយ។ ហើយ​នៅ​ពេល​គូ​ស្រករ​បង្ហាញ​ខ្លួន​យឺត វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ចាស់​ទុំ និង​ចេះ​វាយ​តម្លៃ​មនុស្ស​ជាង​នៅ​ពេល​ក្មេង​ខ្ចី។ ទោះ​បី​ជា​សម័យ​ជឿនលឿន​ច្រើន​ហើយ​ក្ដី តែ​មិន​ខ្វះ​ឡើយ​នូវ​ករណី ឆាប់ការ ឆាប់​បែក។ ដោយ​គេ​សង្កេត​ឃើញ ស្ទើរ​តែ​គ្រប់​ភូមិ​ទៅ​ហើយ ដែល​មាន​កូន​ចៅ​ការ​នៅ​វ័យ​ក្មេង​ខ្លាំង មិន​ទាន់​ស្គាល់​អ្វី​ច្បាស់​លាស់។ លទ្ធផល​គឺ​បាន​ត្រឹម​ខាង​ស្រី​ក្លាយ​ជា​មេម៉ាយ ខាង​ប្រុស​ក្លាយ​ជា​ពោះ​ម៉ាយ។

ទោះ​បី​ជា​ឃើញ​បែប​នេះ​នឹង​ភ្នែក​ក៏​ដោយ តែ​ញាតិ​មួយ​ចំនួន នៅ​តែ​មាន​សម្ដី​ស្ដាប់​មិន​ចូល​ដូច​ជា មី​កូន​ហ្នឹង​អេ​ហើយ គ្មាន​អ្នក​យក​ទេ ទាំង​ដែល​កូន​ស្រី​គេ​ខ្លះ​អាយុ​មិន​ទាន់​សាម​ក៏​ដោយ។ នៅ​លើ​លោក​នេះ គ្មាន​ឡើយ​មនុស្ស​ស្រី​អេ ព្រោះ​ទោះ​បី​ជា​នៅ​ក្នុង​វ័យ​ណា​ក៏​ដោយ ​ក៏​គេ​អាច​រក​គូ​ស្រករ​គេ​បាន​ដែរ។ ហើយ​កត្តា​ដែល​មាន​អាយុ​ជ្រេ​ហើយ​នៅ​មិន​ទាន់​មាន​គូ​នោះ គឺ​មក​ពី​គេ​មិន​ទាន់​រក​ឃើញ​បុគ្គល​ដែល​ស័ក្ដិសម​នឹង​គេ​ពិត​ប្រាកដ។ ដូច​នេះ​ហើយ នៅ​ពេល​ឃើញ​គេ​មិន​ទាន់​មាន​គូ សូម​កុំ​ប្រញាប់​វាយ​តម្លៃ​ថា​គេអេ​ឲ្យ​សោះ ព្រោះ​វា​មិន​មាន​សុជីវធម៌៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel