ស្រីៗត្រូវចាំ! ស៊ូចំណាយពេលយូររង់ចាំជួបបុរសដែលខ្លួនពេញចិត្ត ប្រសើរជាងប្រញាប់ប្រញាល់ជ្រើសរើសខុសអស់មួយជីវិត
- 2020-07-08 04:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗត្រូវចាំ! ស៊ូចំណាយពេលយូររង់ចាំជួបបុរសដែលខ្លួនពេញចិត្ត ប្រសើរជាងប្រញាប់ប្រញាល់ជ្រើសរើសខុសអស់មួយជីវិត
ស្រីៗត្រូវចាំទុកក្នុងចិត្តឲ្យបានច្បាស់ថា មុននឹងអាចជួបបុរសដែលខ្លួនពេញចិត្តប្រាកដ ត្រូវហ៊ានលះបង់ចំណាយពេលវេលាយូរបន្តិច ដើម្បីឲ្យសមនឹងតម្លៃនៃការរង់ចាំ។ ស្នេហាពិត មិនអាចបង្ខំ មិនអាចប្រញាប់ប្រញាល់ ដើម្បីឲ្យទាន់គ្នាជាមួយនឹងតួលេខនៃអាយុ មិត្តភ័ក្តិ ឬមាត់អ្នកដទៃបានឡើយ។
ស្នេហាពិតមិនមែនអាចផលិតដូចជាទំនិញ ឬជប់ឲ្យចេញដូចវេទមន្តនោះទេ។ អ្នកក៏មិនងាយនឹងរកវាឃើញក្នុងខ្លួនរបស់នរណាម្នាក់ដែរ។ ដោយសារតែវាជារបស់មានតម្លៃប្រៀបបានដូចកំណប់ ហេតុនេះហើយទាមទារឲ្យអ្នកត្រូវប្រើពេលច្រើន រួមទាំងការលះបង់ និងយកចិត្តទុកដាក់បំផុត។
ស្នេហាពិតមិនមែនបង្កើតឡើងដោយសារតែមើលឃើញពីផលប្រយោជន៍ចង់កេងប្រវ័ញ្ច ឬជាវត្ថុលេងដែលប្រើឆ្អែតហើយក៏បោះចោលនោះទេ។ ផ្ទុយទៅវិញវាគឺជារបស់កម្រ ដែលនរណាៗក៏ស្រលាញ់ត្រូវការប្រាថ្នាចង់បាន។
អ្នកព្យាយាមធ្វើអ្វីៗគ្រប់បែបយ៉ាង មានគោលដៅច្បាស់លាស់ដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន តែកុំភ្លេចថា មនុស្សគ្រប់គ្នាសុទ្ធតែបាននឹកគិតចង់ជួបដៃគូជីវិតពិត។ ថ្វីត្បិតតែពេលកន្លងមក អ្នកបានឆ្លងកាត់អារម្មណ៍ធុញថប់ស្មុគស្មាញ និងបរាជ័យឈឺចាប់ក្នុងរឿងស្នេហារាប់មិនអស់ យ៉ាងណា កុំបារម្ភអី ទាំងនោះគ្រាន់តែជាបញ្ហាបណ្តោះអាសន្ន ដែលអ្នកមិនគួរដាក់សម្ពាធ ស្ពាយជាប់ខ្លួនពេញមួយជីវិតទេ។
ពេលខ្លះគួរបណ្តោយឲ្យវាទៅតាមកាលៈទេសៈសិនចុះ រហូតដល់ពេលស័ក្តិសមណាមួយ គង់តែបានជួបស្នេហ៍ពិតជាក់ជាមិនខានទេ។ ដរាបណាអ្នកមិនរំពឹងខ្ពស់ហួសប្រមាណ មិនអន្ទះសាប្រញាប់ប្រញាល់ចង់បានខ្លាំងពេក នោះអ្នកក៏មិននឿយហត់ ខាតពេលវេលានឹងរត់តាមរកស្នេហាឡើយ។
ឆ្លងកាត់បទពិសោធនជាច្រើនក្នុងជីវិត អ្នកនឹងអាចយល់កាន់តែច្បាស់ពីអត្ថន័យនៃស្នេហាពិត។ ស្នេហាដែលរឹងមាំមិនប្រេះឆាដោយងាយ និងមិនធ្វើឲ្យអ្នកពិបាកក្នុងការពារឲ្យស្ថិតស្ថេរ គឺមានតែនៅចាំជួយផ្តល់កម្លាំងចិត្ត បង្ហាញវត្តមានគ្រប់ពេលដែលអ្នកត្រូវការ។
ស្នេហាពិតអាចចូលមកក្នុងជីវិត កាលណាអ្នកនៅបន្តភាពអត់ធ្មត់ រង់ចាំ មិនចុះចាញ់ និងជឿជាក់លើខ្លួនឯងជានិច្ច។ ការបង្ខំដោយគ្មានហេតុផល ឬដោយផ្អែកលើគំនិតអ្នកដទៃ ឬរបត់សង្គមក្តី មិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកឡើយ៕
ចុចអានបន្ត៖ ចូរធ្វើជាមនុស្សស្រីក្លាហាន ហ៊ានដើរចេញពីអ្វីដែលធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្ត