វិធីសាស្ត្រ ៦ យ៉ាងនារីខ្លាំងពូកែតែងមាន ទុកជួយសង្គ្រោះខ្លួនឯងពេលខូចចិត្ត
- 2020-07-07 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រ ៦ យ៉ាងនារីខ្លាំងពូកែតែងមាន ទុកជួយសង្គ្រោះខ្លួនឯងពេលខូចចិត្ត
ពាក្យថា "ខូចចិត្ត" ត្រឹមពីរម៉ាត់ខ្លី តែវាពោរពេញដោយភាពឈឺចាប់ពិបាកនឹងពណ៌នា។ ភាពគ្រាំគ្រាបានរោលរាលឡើង ពេលបាត់បង់មនុស្សជាទីស្រលាញ់ ឬនៅពេលស្នេហាបរាជ័យ។ យ៉ាងណាក៏ដោយ មានរបួស តែងមានវិធីព្យាបាល ហើយនារីដែលខ្លាំងពូកែម្នាក់ នឹងមិនបណ្តោយឲ្យបេះដូងខ្ទេចខ្ទីនោះឡើយ។ នាងមិនដែលភ្លេចអនុវត្តវិធីសាស្រ្តល្អៗ រកដំណោះស្រាយឆ្លាតវ័យ ដើម្បីជួយសង្រ្គោះខ្លួនឯងពីទុក្ខក្រៀមក្រំមួយនេះ។
១. យំឲ្យអស់ចិត្តកុំខ្លាចគេឮ
មិនបាច់ខំទប់ទឹកភ្នែកទេ បើឈឺណាស់ យំទៅ យំឲ្យចិត្ត កុំខ្លាចគេឮ។ ប្រៀបបានដូចជាការវះកាត់ព្យាបាលបេះដូងអីចឹងដែរ វះកាត់ហើយភ្លាមមិនមែនអាចជាសះស្បើយវិញភ្លែតទេ។ វាត្រូវការពេលវេលាយូរបន្តិច ដូច្នេះកើតទុក្ខសិន ក៏មិនអីដែរ ប៉ុន្តែកុំយូរខ្លាំងពេក។ បន្ទាប់ពីឆ្លងកាត់ការឈឺចាប់រួចហើយ លើកក្រោយៗបើមានបញ្ហាបែបនេះ កើតឡើងម្តងទៀត អ្នកនឹងអាចសម្របខ្លួននិងដឹងថាត្រូវប្រឈមយ៉ាងណាជាមួយវា។
២. នៅឲ្យឆ្ងាយពីម្នាក់នោះ
ពេលទំនាក់ទំនងស្នេហាឈានដល់ទីបញ្ចប់ ឬមួយក៏គេប្រកែកមិនទទួលស្នេហារបស់អ្នក អ្វីដែលត្រូវធ្វើគឺនៅឲ្យឆ្ងាយពីម្នាក់នោះ។ កុំព្យាយាមទូរសព្ទ ផ្ញើសារ តាមដានក្នុងបណ្តាញសង្គម ចង់ឃើញមុខគេ ឬសាកសួរដំណឹងពីមិត្តភ័ក្តិរបស់គេឲ្យសោះ។ បើចប់គ្នាហើយ ត្រូវធ្វើឲ្យដាច់ស្រឡះ ទើបបេះដូងមិននឿយហត់រត់តាមអ្នក។
៣. កុំនៅម្នាក់ឯង រកមិត្តភ័ក្តិបានជាគ្នា
បើខូចចិត្ត កុំនៅម្នាក់ឯងអី គួរទៅជួបមិត្តភ័ក្តិណា ដែលអាចនិយាយលើកទឹកចិត្តអ្នក ប្រាប់ពីទុក្ខកង្វល់ ឬចំណាយពេលនៅជាមួយគ្រួសារក៏បាន។ ពេលមានមនុស្សដែលអ្នកទុកចិត្តបំផុតនៅក្បែរ ហោចណាស់ បានធូរទ្រូង គ្រាន់បើជាងសម្ងំក្នុងបន្ទប់បៀមទុក្ខម្នាក់ឯង។ កាន់តែស្ងាត់ កាន់តែមានអារម្មណ៍ថាឯកា កាន់តែដុនដាបលើសដើម។
៤. ស្តាប់ភ្លេងឬចម្រៀងដើម្បីជួយឲ្យអារម្មណ៍ល្អ
ធ្វើអ្វីដែលអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ដូចជាស្តាប់ភ្លេង ចម្រៀង មើលរឿងជាដើម ព្រោះវាជាអាចកាត់បន្ថយភាពតានតឹង ព្រមទាំងរំសាយទុក្ខកង្វល់ផងដែរ។
៥. រៀបចំផែនការថ្មីសម្រាប់សកម្មភាពប្រចាំថ្ងៃ
មិនត្រូវឲ្យខ្លួនឯងលិចលង់ជាមួយភាពឈឺចាប់ទាំងនោះ ព្យាយាមងើបឡើងវិញ ដោយការសាកល្បងអ្វីថ្មីៗ រៀបចំផែនការថ្មី ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ឲ្យមានភាពស្រស់បំព្រង។ ចុងសប្តាហ៍ អាចរកកន្លែងណាសម្រាកលំហែ ចេញដើរលេងតាមខេត្ត ជាយក្រុង ឬទៅដើរផ្សារលេងក៏បាន។ ចង់ចាប់ផ្តើមជីវិតសារជាថ្មី គឺផ្តើមចេញពីការផ្លាសើប្តូរទម្លាប់ល្អៗជាមុនសិន។
៦. ទទួលស្គាល់ការពិត
វិធីមួយទៀតដែលអ្នកមិនគួរមើលរំលង គឺទទួលការពិតហើយព្យាយាមបំភ្លេចចោល។ រឿងនេះមិនមែនងាយស្រួលធ្វើដូចពាក្យថានោះទេ ប៉ុន្តែនារីខ្លាំងពូកែ មិនបោះបង់ចោល ហើយខិតខំប្រឹងប្រែង ដើម្បីព្យាបាលរបួសបេះដូង ព្រោះនាងជឿជាក់ថា បើនៅតែកើតទុក្ខតទៅទៀត ក៏គ្មានបានប្រយោជន៍អ្វីមកវិញដែរ។ នាងមិនបន្ទោសខ្លួនឯង ឬនរណាទាំងអស់ សំខាន់នាងអាចប្រកាន់ខ្ជាប់នូវគំនិតវិជ្ជមាន និងអភិវឌ្ឍខ្លួនឲ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ចុចអានបន្ត៖