វេជ្ជបណ្ឌិតបកស្រាយចំៗ រឿងមិនហូបបាយហើយញ៉ាំផ្លែឈើជំនួស តែគីឡូបែរជាមិនស្រក

  • 2020-07-06 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បទ​ពិសោធន៍​ក្មេង​ស្រី​ម្នាក់​បាន​ចែក​រំលែក​ថា នាង​អាយុ​២៤​ឆ្នាំ ​មាន​កម្ពស់ 1.6 ម៉ែត្រ ទម្ងន់ ៦២​kg​។ ​ជា​ប្រចាំ​​ថ្ងៃ ​នាង​តែង​តម​អាហារ​ដោយ​ញ៉ាំ​​បាយ​តែ​កន្លះ​ចាន​គោម​​ចង្កឹះ ហើយ​ជា​ញឹក​ញាប់​ហូប​ផ្លែ​ឈើ​ជំនួស​វិញ តែ​​គី​ឡូ​បែរ​ជា​មិន​ឃើញ​ស្រក​សោះ។

រូបតំណាង

​យោង​តាម​លោក​វេជ្ជបណ្ឌិត LE THI HAI ​នៃ​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាហារ​រូប​ត្ថម្ភ ​បក​ស្រាយ​ថា មនុស្ស​ជា​ច្រើន​យល់​ថា​ការ​ហូប​ផ្លែ​ឈើ​ច្រើន​នឹង​មិន​បណ្តាល​ឲ្យ​ធាត់​ទេ។ ​ម្ល៉ោះ​ហើយ ​អ្នក​ចង់​ស្រក​គី​ឡូ​ជា​ច្រើន​បាន​ងាក​មក​ញ៉ាំ​ផ្លែ​ឈើ​ជំនួស​បាយ​វិញ តែ​គួរ​ឲ្យ​សោក​ស្តាយ​គីឡូ​របស់​ពួក​គេ​បែរ​ជា​មិន​ស្រក មាន​តែ​ឡើង​ទៅ​វិញ។

​ជា​ការ​ពិត ​ផ្លែ​ឈើ​ទុំ​មាន​រស​ជាតិ​ផ្អែម​ហើយ​វា​ក៏​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ផង​ដែរ។ ​នៅ​ពេល​ញ៉ាំ​ច្រើន​​រាង​កាយ​នឹង​ទទួល​បាន​កាឡូរី​លើស​លប់។ ឧទាហរណ៍៖ បើ​អ្នក​ញ៉ាំ​ស្វាយ ២០០ -​២៥០ g ​ឬ​ញ៉ាំ​ផ្លែ​ខ្នុរ ៣០០g , ​ផ្លែ​គូលែន ឬ​ផ្លែ​មៀន ​​ក្នុង​បរិមាណ​នេះ ​វា​ស្មើ​នឹង​អ្នក​ហូប​បាយ​មួយ​ចាន​គោម ហើយ​បើ​អ្នក​​ញ៉ាំ​​ផ្លែ​ឈើ​រស​ជាតិ​ផ្អែម​ទាំង​នេះ​​កាន់​តែ​ច្រើន ​គីឡូ​ក៏​ឡើង​ជា​លំ​ដាប់​ដូច​គ្នា។ ​មួយ​វិញ​ទៀត សម្រាប់​អ្នក​​ដែល​ចូល​ចិត្ត​ហូប​ម្ទេស​ពេល​ញ៉ាំ​សាឡាដ ដោយ​ម្ទេស​១០០ g ​មាន​កាឡូរី​ស្មើ​នឹង​បាយ​មួយ​ចាន​គោមផ​ង​ដែរ។

បើសិន​​អ្នក​ពិត​ជា​ចង់​សម្រក​ទម្ងន់​ដោយ​វិធី​ញ៉ាំ​ផ្លែ​ឈើ អ្នក​គួរ​តែ​ហូប​ផ្លែ​ឈើ​ណា​មាន​ជាតិ​ស្ករ​តិច​ដូច​ជា ​ត្រសក់ ​សណ្តែក ដំឡូង​មី ​ទំពាំង​បាយ​ជូរ ​ផ្លែ​ស្រកា​នាគ ​ផ្លែ​ប៉ោម ​ផ្លែ​សេរ៊ី ក្រូច​ពោធិ៍សាត់ ក្រូច​ថ្លុង ប៉ិ​​គក់ ​ជា​ដើម។ អ្នក​​អាច​យក​ផ្លែ​ឈើ​ទាំង​នេះ​ហូប​លេង​ជំនួស​ការ​ញ៉ាំ​អាហារ​សម្រន់​បាន​ទៀត ព្រោះ​ផ្លែ​ឈើ​ទាំង​នេះ ​មាន​កម្រិត​កាឡូរី​ទាប ​ផ្ទុក​ជាតិ​ទឹក​ច្រើន ជួយ​ទ្រទ្រង់​រាង​កាយ​ឲ្យ​រឹង​មាំ ​មាន​កាក​សសៃ វីតាមីន ​បូក​រួម​ទាំង​ជាតិ​រ៉ែ​ថែម​ទៀត៕​​

ប្រភព៖ afamily ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម