និយាយ​ដើម​គេ​​ឈ្ងុយ ចរិត​​មនុស្ស​អន់​ដែល​គ្មាន​ថ្ងៃ​អភិវឌ្ឍន៍​ទៅ​មុខ​រួច

  • 2020-07-06 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing ធ្លាប់​បាន​និយាយ​រួច​ទៅ​ហើយ​ថា មាន​តែ​អ្នក​អន់​ជាង​អ្នក​ទេ ទើប​និយាយ​ដើម​អ្នក ព្រោះ​បើ​គេ​ពូកែ​ជាង គេ​ឈប់​ខ្វល់​ពី​យើង​យូរ​ណាស់​ទៅ​ហើយ។

មិន​ថា​នៅ​ទីណា​ក៏​ដោយ ក៏​មាន​អ្នក​ចរិត​មិន​ល្អ​ដូច​គ្នា ដូច​នេះ​ការ​និយាយ​ដើម​គេ​មាន​នៅ​គ្រប់​សង្គម និង​វប្បធម៌។ យ៉ាងណាក៏ដោយ ជាមួយ​ទម្លាប់​រស់​នៅ​បែប​ភូមិ​ផង​របង​ជាមួយ​គ្នា​របស់​ស្រុក​យើង កាន់​តែ​​ធ្វើ​ឲ្យ​ទម្លាប់​មួយ​នេះ​រីកចម្រើន​ខ្លាំង​ជាង​មុន​ទៅ​ទៀត។

ដោយ​សារ​តែ​មាន​ទម្លាប់​និយាយ​ដើម​​គ្នា​នេះ​ហើយ ទើប​ម្នាក់​ៗ​ខំប្រឹង​ត្រៀម​ឲ្យ​ខ្លួន​ឯង​​ដឹង​រឿង​របស់​គេ​ជា​ច្រើន កាន់​តែ​អាក្រក់​កាន់​តែ​ល្អ។ ដើម្បី​សម្រេច​បាន​ដូច​នេះ ពួក​គេ​មិន​ត្រឹម​តែ​និយាយ​គ្នា​ទេ ពេល​ខ្លះ​ថែម​ទាំង​ជួយ​ថែម​អំបិល ប្រហុក​ឲ្យ​ស្នាដៃ​របស់​ខ្លួន​កាន់​តែ​មាន​ឱជារស​ទ្វេ​ដង។ ហើយ​ពី​ការ​និយាយ​គ្នា​នេះ​ហើយ អាច​បណ្ដាល​ឲ្យ​មាន​ដល់​ការ​ប៉ះទង្គិច​អំពើ​ហិង្សា​ក៏​មាន។

មនុស្ស​ម្នាក់​ដែល​មាន​ចរិត​បែប​នេះ​គឺ​គ្រោះ​ថ្នាក់​ទៅ​ហើយ បើ​មាន​ច្រើន​ទៀត មិន​ដឹង​ជា​សាហាវ​យ៉ាង​ណា។ វា​ធ្វើ​ឲ្យ​បុគ្គល​ដែល​ត្រូវ​គេ​និយាយ​ដើម​នោះ មាន​ខ្លួន​ដូច​១០០ ព្រោះ​អ្នក​នេះ​និយាយ​អញ្ចេះ អ្នក​នោះ​និយាយ​អញ្ចោះ។

បន្ថែម​ពី​នេះ ការ​និយាយ​ដើម​គេ ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​យើង​ល្អ​ជាង​គេ យើង​មិន​មែន​ជា​មនុស្ស​អាក្រក់។ យើង​មាន​អារម្មណ៍​ថា​សុវត្ថិភាព​នៅ​ពេល​រក​ឃើញ​ចំណុច​ខ្សោយ​របស់​អ្នក​ដទៃ។ អ្នក​ខ្លះ​ប្រឹង​និយាយ​ដើម​គេ ព្រោះ​ខ្លាច​គេ​វ៉ាមុខ និង​ខ្លាច​អន់​ជាង​គេ។ នេះ​គឺ​ជា​ភាព​អន់ថយ​ដែល​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត ហើយ​ប្រកួត​ជា​មួយ​គេ​ដោយ​ស្មើ​ភាព ចង់​ទម្លាក់​គេ​ដោយ​អំពើ​អាក្រក់។

នៅ​ក្នុង​ក្រុមហ៊ុន​មួយ បុគ្គល​ដែល​ពូកែ​បំផុត ជា​ពិសេស​អ្នក​ដែល​ក្មេង​ៗ​តែង​ត្រូវ​គេ​ថា​ឲ្យ​ថា ពួក​មាន​ខ្សែ​ឬ​ពូកែ​អែបអប​ជា​ដើម។ នេះ​គឺ​សុទ្ធ​តែ​ជា​អ្នក​មិន​អាច​ប្រជែង​ឈ្នះ​គេ ទើប​ប្រើ​ល្បិច​ទម្លាក់​គេ។ អ្នក​ខ្លះ​បាន​ត្រឹម​យក​លេស​ថា ខ្លួន​និយាយ​ទៅ​គឺ​រិះគន់​ដើម្បី​ស្ថាបនា ហើយ​ប្រាកដ​ណាស់ នេះ​គ្រាន់​តែ​ជា​លេស​របស់​ជន​ខិលខូច​តែ​ប៉ុណ្ណោះ។

និយាយ​ដើម​គេ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​និយាយ​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ឆ្នើម​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​ពួក​គេ​ងាយ​ស្រួល​រក​បក្សពួក​របស់​ខ្លួន​ផង​ដែរ ព្រោះ​មនុស្ស​ប្រភេទ​នេះ​ងាយ​ស្រួល​រក​គ្នា​ឃើញ​ណាស់។

សំណាង​ល្អ​ដែរ តាម​ការពិត គេ​សង្កេត​ឃើញ​ថា អ្នក​និយាយ​ពី​ក្រោយ​ខ្នង​គេ នៅ​តែ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​គេ ទៅ​មុខ​មិន​រួច។ ព្រោះ​បើ​គេ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការងារ ការ​សិក្សា គេ​គ្មាន​ពេល​ឯណា​ឯណា​អង្គុយ​រាប់​ម៉ោង​និយាយ​រឿង​គេ​ទេ។ ពេល​វេលា​ដែល​ខ្ជះខ្ជាយ​នោះ យក​មក​រក​លុយ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់៕

ចុចអាន៖

អត្ថបទ៖ caramel

អត្ថបទពេញនិយម