ថ្ងៃណាមួយអ្នកនឹងជួប Mr.Right មិនខាន ឲ្យតែអ្នកចេះមើលថែទាំខ្លួនឯងពីឥលូវនេះទៅ

  • 2020-06-25 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ណាមួយ អ្នក​នឹង​ជួប​បុរស​ម្នាក់​ដែល​មិន​ចង់​បាត់​បង់​រូប​អ្នក ​តែង​តែ​ផ្តល់​អាទិភាព​ឲ្យ​អ្នក និង​ទទួល​យក​គ្រប់​យ៉ាង​ទោះ​អ្នក​មាន​គុណ​វិបត្តិ​ក៏​ដោយ។ បុរស​ម្នាក់​នោះ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​យំ ហើយ​ក៏​មិន​ព្រម​ឲ្យ​អ្នក​ឯកោ​ដែរ។ គាត់​សម្រប​នឹង​ចរិត​ឆេវ​ឆាវ​របស់​អ្នក​បាន សូម្បី​តែ​កន្លង​មក​គាត់​មិន​ធ្លាប់​ជិត​ស្និទ្ធ​នឹង​នារី​ណា​ក៏​ដោយ។

នេះ​​គឺ​ជា​ប្រភេទ​បុរស​មាន​គំនិត​ធំ​ដឹង​ក្ដី នៅ​ពេល​មាន​ជម្លោះ ​នៅ​ពេល​អ្នក​ខឹង គាត់​សុខចិត្ត​ជា​អ្នក​ទទួល​ខុស ហើយ​មិន​ដែល​គិត​ចង់​ចាក​ឆ្ងាយ​ពី​អ្នក​សោះ​ឡើយ។ ​តើ​មនុស្ស​ស្រី​ដឹង​ទេ? ​នៅ​ពេល​អ្នក​ស្រលាញ់​ប៉ះ​ចំ​បុរស​ពិត ពេល​នោះ​អ្នក​​ច្បាស់​ជា​រំភើប​ក្នុង​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន។ ជា​បុរស​ដែល​អត់​ធ្មត់​នឹង​គំនិត​ក្មេង​ខ្ចី​ រួម​ទាំង​ភាព​អាត្មា​និយម​​របស់​អ្នក​បាន​ ព្រោះ​សំខាន់​ឲ្យ​​តែ​មាន​រូប​អ្នក​ក្បែរ​គាត់ គឺ​គ្រប់​គ្រាន់​ហើយ។ គាត់​នឹង​ចង​ទំនាក់​ទំនង​នេះ​ឲ្យ​តឹង ​និង​ចង់​រស់​នៅ​ជាមួយ​អ្នក​គ្រប់​ពេល​វេលា ហើយ​​មិន​បណ្ដោយ​ឲ្យ​អ្នក​ហត់​នឿយ​នោះ​ទេ។

មនុស្ស​ស្រី​សូម​កុំ​​នៅ​វិល​វល់​នឹង​រឿង​អតីត​ច្រើន​ពេក ​កុំ​ផុង​ខ្លួន​នឹង​រឿង​បែក​បាក់​ស្នេហា​កាល​ពី​មុន​រហូត​គិត​ថា​គ្មាន​នរណា​ចូល​មក​ជីវិត​ខ្លួន​ម្ដង​ទៀត​​ ព្រោះ​នៅ​ពេល​អ្នក​បាន​ជួប​នឹង​បុរស​ពិត​ហើយ ​គាត់​ប្រាកដ​ជា​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​គ្រូពេទ្យ​ព្យាបាល​របួស លួង​អ្នក​ចេញ​ពី​ភាព​ឈឺ​ចាប់។ ​​

បើ​ថ្ងៃ​ណាមួយ អ្នក​បាន​ជួប​​ប្រភេទ​បុរស​បែប​នេះ​ហើយ ​សូម​អោប​គាត់​ឲ្យ​ជាប់​។ សូម​កុំ​គិត​ថា អ្នក​មិន​សម​នឹង​ទទួល​បាន​បុរស​​ល្អ​បែប​នេះ​ ដោយ​សារ​តែ​អ្នក​នៅ​​មាន​ទម្លាប់​អាក្រក់​​មួយ​ចំនួន ហើយ​បែរ​ជា​ព្រងើយ​បោះ​បង់​គាត់​ចោល នោះ​ថ្ងៃ​ណាមួយ​អ្នក​នឹង​ស្ដាយ​ក្រោយ​ជា​មិន​ខាន។

ប៉ុន្តែ​បើ​អ្នក​មិន​ទាន់​បាន​រក​ឃើញ​បុរស​ពិត​ក្នុង​បេះ​ដូង​នៅ​ឡើយ​ទេ ​សូម​កុំ​បារម្ភ ​កុំ​ប្រញាប់​រត់​ចូល​រក​ស្នេហា​ដែល​មាន​តែ​ខាត និង​ឈឺ​ចាប់​លើស​ដើម។ គ្រាន់​តែ​ពេល​នេះ ​រៀប​ចំជីវិត​ឲ្យ​ល្អប្រសើរ ប្រឹង​ប្រែង​ធ្វើការ រក​លុយ​ឲ្យ​បាន​ច្រើន​ជា​មុន នោះ​ថ្ងៃ​ណាមួយ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ពិចារណា​លើ​ការ​ជ្រើស​រើស​បុរស​ដែល​គួរ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​វិញ​ជា​មិន​ខាន ព្រោះ​គ្មាន​នារី​ណា​ចង់​ធ្វើ​ជា​សង្សារ​របស់​បុរស​ដែល​សូម្បី​តែ​ខ្លួន​គេ​ក៏​មិន​ទាន់​រួច​រាល់​នោះ​ឡើយ។

ដូចនេះ សូម​មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ បន្ទាប់​មក​អ្នក​ច្បាស់​ជា​បាន​ជួប​បុរស​ពិត លើស​ពី​ការ​រំពឹង​ទុក​ជា​មិន​ខាន។ ​មិន​ខុស​ពី​ពាក្យ​ចាស់​ពោល​ថា ៖ ជួប​បុរស​ពិត​ក្នុង​ពេល​វេលា​ត្រឹម​ត្រូវ​មួយ ​នោះ​ហើយ​គឺ​ជា​សុភមង្គល​បំផុត៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម