គន្លឹះ៦យ៉ាងជួយស្បែកឲ្យប្រែជាទន់ ភ្លឺថ្លាគ្មានស្នាមជ្រួញនិងចាស់មុនអាយុ

  • 2020-06-24 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​ចង់​បាន​ស្បែក​ស្អាត ​មើល​ទៅ​ក្មេង​ជាង​វ័យ ​​តឹង​ណែន​​ដោយ​គ្មាន​ស្នាម​ជ្រួញ ​មិន​ថា​ចូល​ដល់​វ័យ​ប៉ុន្មាន​នោះ​ទេ។ ​ហេតុ​នេះ ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ស្នាម​ជ្រួញ​ទាំង​វ័យ​ក្មេង អ្នក​អាច​អនុវត្ត​វិធី​ខាង​ក្រោម​បាន។

១. ចៀស​វាង​ពន្លឺ​ថ្ងៃ

ពន្លឺ​ថ្ងៃ​ដែល​ជះ​មក​ ​នឹង​បំផ្លាញ​ខូឡាជែន​ក្នុង​ស្បែក​យ៉ាង​ខ្លាំង ​ដែល​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​​ងាយ​ជ្រួញ​បំផុត។ ម្ល៉ោះ​ហើយ បើ​អ្នក​ពិបាក​នឹង​ចៀស​វាង​ត្រូវ​ពន្លឺ​ថ្ងៃ ​គប្បី​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​មាន​កម្រិត SPF 30+ ​ឬ​ក៏​បាំង​ឆត្រ័​ពេល​ចេញ​ក្រៅ​ កុំ​ឲ្យ​ពន្លឺ​ UV ​ជះ​មក​​ត្រូវ​ស្បែក​ដោយ​ផ្ទាល់​ពេក​។

២. ​ផលិត​ខូឡាជែន​ដល់​ស្បែក​ដោយ​ខ្លួន​ឯង

ជា​ការ​ពិត ​ខូឡាជែន​មាន​នាទី​ជួយ​ស្បែក​ឲ្យ​រឹង​មាំ ​មិន​យារ​ធ្លាក់​បាន។ ​នៅ​ពេល​ឈាន​ចូល​វ័យ​កាន់​តែ​ច្រើន ​ស្បែក​នឹង​កាន់​តែ​យ៉ាប់​យ៉ឺន​ ពិសេស​ការ​ផលិត​​ខូឡាជែន​ផង​ដែរ។ ​ហេតុ​នេះ ​នារី​ទាំ​ង​អស់​គួរ​ហូប​អាហារ​សុខភាព​ដូច​ជា​ការ៉ុត បន្លែ​ស្លឹក​ពណ៌​បៃ​តង ប៉េង​ប៉ោះ រួម​ទាំង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ​កុំ​ជក់​បារី មិន​ផឹក​ស្រា និង​​កាត់​បន្ថយ​ជាតិ​ពុល​ផ្សេង​ៗ​ក្នុង​រាង​កាយ។

៣. ​ចៀស​វាង​ការ​សម្លឹង​អ្វី​យូរ​ម៉ោង

​សម្រាប់​មនុស្ស​ស្រី​មាន​បញ្ហា​ភ្នែក ឬ​ប្រើ​ភ្នែក​សម្លឹង​អ្វី​យូរៗ​រាប់​ម៉ោង​ពេក ​ធ្វើ​ឲ្យ​ភ្នែក​ងាយ​ឆាប់​ហត់​នឿយ។ ​លើស​ពី​នេះ ​វា​ក៏​កន្រ្ទាក់​បរិវេណ​ម្តុំ​សាច់​ដុំ​កន្ទុយ​ភ្នែក ​ដែល​​ងាយ​នឹង​ឲ្យ​ឡើង​ជ្រួញ​ផង​ដែរ។ ​ហេតុ​នេះ អ្នក​គួរ​ស្វែង​រក​វ៉ែន​តា​ដែល​សក្កិសម​នឹង​កែវ​ភ្នែក ​ឬ​ពាក់​ Contact lenses ​ឲ្យ​បាន​​ត្រឹម​ត្រូវ។​

៤. បដិសេធ​អាហារ​មាន​ជាតិ​ផ្អែម

​រឿង​សំខាន់​មួយ អ្នក​មិន​គួរ​ហូប​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​ខូឡា​ជែន​ក្នុង​ស្រទាប់​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ងាយ​រង​ការ​បំផ្លាញ​នៅ​ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យផងដែរ។ ​

៥. ម៉ាស្សា​មុខ

អ្នក​អាច​ប្រើ​ប្រេង​អូលីវ ​ឬ​គ្រីម​មាន​ជីវជាតិ​ដែល​ជួយ​ចរន្ត​ឈាម និង​បង្កើត​សំណើម​ដល់​ស្បែក​ដោយ​គ្រាន់​តែ​ប្រើ​ម្រាម​ដៃ​ឈ្លី​ថ្នម​ៗ។ ​វា​មិន​ត្រឹម​ជួយ​ផ្ទៃ​មុខ​ឲ្យ​តឹង​ណែន​ឡើយ ​តែ​ក៏​ជួយ​បំបាត់​ស្រ្តេស ឲ្យ​មើល​ទៅ​នៅ​តែ​ក្មេង កាត់​បន្ថយ​ស្នាម​ជ្រួញ​បាន​ទៀត​ផង។

៦. គេង​ឲ្យ​​បាន​គ្រប់​គ្រាន់

​ការ​ចូល​គេង​ពេល​ក្បាល​ព្រលប់​នឹង​ជួយ​ឲ្យ​អ្នក​មាន​សម្រស់​ក្មេង​ជាង​វ័យ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ។ ​នោះ​ដោយសារ​ស្បែក​ផលិត​ខូឡាជែន​បាន​យ៉ាង​មា​ន​ប្រសិទ្ធភាព ដូចនេះ​នារី​ទាំង​អស់​គួរ​គេង​​ឲ្យ​បាន ៦-​៧ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ឲ្យ​ស្កប់​ស្កល់​ដោយ​គ្មាន​ការ​រំខាន​ណាមួយ។ ​វិធី​នេះ​នឹង​ជួយ​ឲ្យ​​រាង​កាយ​បាន​ធូរស្រាល ព្រម​ទាំង​ជួយ​ស្បែក​ឲ្យ​រស់​ឡើង​វិញ​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ៕​

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម