បើ​ហត់​សម្រាក​ទៅ! ​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ញញឹម​ និង ធ្វើ​ខ្លួន​រឹង​មាំ​គ្រប់​ពេល​ពេក

  • 2020-06-24 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​តែ​ហត់​នឿយ​ខ្លាំង​នឹង​គ្រប់​រឿង​រ៉ាវ​នៅ​ក្នុង​ជីវិត​អ្នក។ ហើយ​ខ្ញុំ​ក៏​ដឹង​ថា​អ្នក​មិន​ដែល​បញ្ចេញ​វា​ឲ្យ​នរណា​ម្នាក់​ឃើញ​ឡើយ ព្រោះ​អ្នក​គិត​ថា​អ្នក​អាច​ដោះស្រាយ​វា​បាន​ដោយ​ខ្លួន​ឯង មិន​ចង់​រំខាន​​មនុស្ស​នៅ​ក្បែរ​ខ្លួន។ រាល់​ថ្ងៃ អ្នក​ខំ​បិទ​បាំង​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចិត្ត​ហើយ​បញ្ចេញ​ខំ​ប្រឹង​បង្ហាញ​តែ​​ស្នាម​ញញឹម​ឲ្យ​គេ​ឃើញ​តែ​ប៉ុណ្ណោះ។ តែ​ដល់​ពេល​ហើយ​ដែល​អ្នក​គួរ​ឈប់​ធ្វើ​ទង្វើ​បែប​ហ្នឹង ព្រោះ​ថា​វា​នឹង​អាច​បែរ​មក​បំផ្លាញ​អ្នក​នៅ​ថ្ងៃ​ណា​មួយ។

រូបតំណាង

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ស្នាម​ញញឹម​ខាង​ក្រៅ​មិន​បាន​បញ្ជាក់​ពី​ភាព​រីករាយ​ពិត​របស់​អ្នក​ឡើយ។ លើស​ពី​នេះ អ្នក​ដឹង​អត់​ថា​ស្នាម​ញញឹម​ពិត និង ក្លែង​ក្លាយ​គឺ​ងាយ​ស្រួល​បែង​ចែក​ណាស់​។​ ដូច្នេះ ពេល​ខ្លះ​អ្នក​មិន​បាច់​ខំប្រឹង​បង្ខំ​វា​ពេក​នោះ​ទេ ព្រោះ​គេ​គង់​មើល​ដឹង​ដូច​គ្នា។ បើ​ហត់ បង្ហាញ​ថា​ហត់។ មិន​សប្បាយ​ចិត្ត បង្ហាញ​ថា​មិន​សប្បាយ​ចិត្ត។ និយាយ​រួម​គឺ​កុំ​ក្បត់​នឹង​អារម្មណ៍​ខ្លួន​ឯង ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​ដែល​មាន​ជីវិត​ស្រស់​បំព្រង និង ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។

បើ​ហត់ សម្រាក​បន្តិច​ក៏​មិន​អី​ដែរ។ បើ​​ពិបាក​ចិត្ត យំ​បន្តិច​ក៏​មិន​អី​ដែរ។ ដូច្នេះ សូម​ចាំ​ថា​អ្នក​មិន​ចាំ​បាច់​រឹង​មាំ​គ្រប់​ពេល​នោះ​ទេ។

រូបតំណាង

ការ​ធ្វើ​ខ្លួន​រីករាយ​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ ញញឹម​ទៅ​! សើច​ទៅ! បើ​នោះ​ជា​អារម្មណ៍​ពិត​របស់​អ្នក​។ យ៉ាង​ណា​មិញ បើ​ក្នុង​ចិត្ត​ផ្សេង​​ហើយ​បង្ហាញ​ចេញ​ទៅ​ផ្សេង នោះ​វា​មិន​ខុស​ពី​ការ​កុហក​ខ្លួន​ឯង​នោះ​ទេ! អ្នក​អាច​កុហក​អ្នក​ណា​ក៏​បាន​ដែរ តែ​ជៀស​វាង​ការ​កុហក​ខ្លួន​ឯង​ ព្រោះ​ថា​វា​គ្មាន​ផ្ដល់​អ្វី​ឲ្យ​អ្នក​ក្រៅ​ពី​ភាព​ហត់​នឿយ​នោះ​ទេ។ ជា​ចុង​ក្រោយ កុំ​ភ្លេច​ណា៎ បើ​ហត់​អ្នក​អាច​សម្រាក​បាន គ្រាន់​តែ​ប៉ុណ្ណឹង​វា​មិន​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​​ទន់​ជ្រាយ​នោះ​ទេ៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ មូលហេតុ ៥ យ៉ាងដែលអ្នកគួរពាក់ស្រោមជើងនៅពេលយប់

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម