វិធី​ថែ​ស្បែកខុស​នានា ដែល​កាន់​តែ​ថែ​ ស្បែក​កាន់​តែ​ខ្មៅ​ស្រអាប់

  • 2020-06-12 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មិន​តិច​ឡើយ ដែល​ខំ​ចំណាយ​ទាំង​កម្លាំង​កាយ និង​ថវិការ​មិន​តិច​ឡើយ​ទៅ​លើ​ការ​ថែ​រក្សា​ស្បែក​មុខ។ តែ​ដោយ​សារ​តែ​ខ្វះ​ចំណេះ​ដឹង​ខាង​ថែ​រក្សា​ស្បែក​មុខ គឺកាន់​តែ​ថែ កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​លើស​ដើម។

១. លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ខុស

មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ឲ្យ​តែ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​គឺ​អាច​ចេញ​ថ្ងៃ​ដោយ​សេរី។ នេះ​គឺជា​ការ​គិត​ខុស ដ្បិត​​ឡេ​នេះ​មិន​អាច​ចម្រោះ​កាំរស្មី UV បាន​ទាំង​ស្រុង​ឡើយ។ បន្ថែម​ពី​នេះ ការ​លាប​ឡេ​ការពារ​កម្ដៅ​មិន​គ្រប់​គ្រាន់ ឬ​មិន​សព្វ​ក៏​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​ដូច​គ្នា។ ជា​ពិសេស អត្រា​ការពារ​កម្ដៅ​ថ្ងៃ​ដែល​​មាន​ស្រាប់​នៅ​ក្នុង​គ្រឿង​ផាត់​មុខ​ដូច​ជា​ម្សៅ​ផាត់ ម្សៅ​ទ្រនាប់​គឺ​មិន​អាច​ប្រើ​ជំនួស​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​បាន​ឡើយ។

២. ប្រើ​ប្រាស់​គ្រឿង​សំអាង​មាន​ជាតិ​អាស៊ីត

មនុស្ស​ស្រី​មិន​តិច​ឡើយ​ដែល​តែង​ស្ដាប់​ឮ​តៗ​គ្នា ថា​ក្រូច​ឆ្មា​អាច​ជួយ​ឲ្យ​ធ្វើ​មុខ​ស​បាន ទើប​ពួក​គេ​យក​ក្រូច​ឆ្មា​ទៅ​ដុះ​មុខ។ ទោះ​បី​ជា​ក្រូច​ឆ្មា​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ជាង​មុន​ក៏​ពិ​ត​មែន តែ​ជាតិ​អាស៊ីត​ខ្លាំង​នៅ​ក្នុង​ក្រូច​ឆ្មា នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ដើង ងាយ​ស្រអាប់​ជាង​មុន។ ប្រសិន​បើ​ប្រើ​ក្រូច​ឆ្មា​ហើយ មិន​បិទ​បាំង​ឲ្យ​ជិត នោះ​ស្បែក​នឹង​រឹត​តែ​ស្រគាំ​លើស​ដើម។ ត្រូវ​ចងចាំ​ថា ការ​ដុះ​ដោយ​ក្រូច​ឆ្មា​នេះ គួរ​ធ្វើ​ពេល​យប់ ចៀស​វាង​ធ្វើ​ពេល​ថ្ងៃ។

៣. ប្រើ​គ្រឿង​សំអាង​គ្មាន​គុណភាព

នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន មិន​ខ្វះ​ឡើយ​នូវ​ឡេ​លាប​មុខ​ដែល​គ្មាន​ប្រភព និង​គុណភាព​ច្បាស់​លាស់។ ដោយ​ភាគ​ច្រើន​ឡេ​ទាំង​នេះ ត្រូវ​បាន​លាយ​ឡើង​​ដោយ​ដាក់​ជាតិ​កាត់​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ឆាប់​ស​ស្បែក។ នៅ​ពេល​ប្រើ​ដំបូង ស្បែក​ឆាប់​ឃើញ​ស្អាត តែ​ប្រើ​ពេល​យូរ ស្បែកនឹង​ស្ដើង ហើយ​នៅ​ពេល​ត្រូវ​ថ្ងៃ នឹង​ត្រូវ​​ជាំ។

៤. ប្រើ​កាក​កាហ្វេ​មក​ខាត់​ស្បែក

ដើម្បី​ទទួល​បាន​ស្បែក​ម៉ដ្ឋ​ទន់​ភ្លឺ​រលោង ការ​ខាត់​ស្បែក​គឺ​មិន​អាច​ខ្វះ​បាន។ ទន្ទឹម​នឹង​​ផលិតផល​ខាត់​ស្បែក​ជា​ច្រើន​នៅ​លើ​ទីផ្សារ មិត្ត​ៗ​នារី​ជា​ច្រើន​ក៏​និយម​យក​កាហ្វេ​ដែល​ឆុង​រួច មក​ខាត់​ស្បែក​ដូច​គ្នា។ យ៉ាងណាក្ដី ដោយ​សារ​គ្រាប់​កាហ្វេ​ធំ ព្រម​ទាំង​រឹង​មុត​នោះ នឹង​ធ្វើ​ឲ្យ​មុខ​រង​របួស​ពេល ដែល​ធ្វើ​ឲ្យ​ស្បែក​ក្រហាយ ស្រអាប់​លើស​ដើម​ពេល​លាង​ចេញ។ ដូច​នេះ​បើ​អ្នក​ចង់​ខាត់​ស្បែក​នឹង​កាហ្វេ គួរ​ប្រើ​លាយ​គ្នា​ជាមួយ​ទឹក​ដោះ​គោ ទឹក​ឃ្មុំ ឬ​ប្រេង​អូលីវ​ជា​ដើម ​ចៀស​​វាង​ការ​ប្រើ​កាក​កាហ្វេ​តែ​ឯង៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel