ហេតុអ្វីជនជាតិជប៉ុនភាគច្រើននិយមងូតទឹកនៅពេលល្ងាច?

  • 2020-06-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមុជទឹក ឬមុជទឹកក្តៅនៅពេលល្ងាចមុនពេលចូលគេងជួយធ្វើឲ្យអ្នកគេងលក់ស្រួល។ សម្រាប់ប្រទេស​ជប៉ុន​វិញហាក់បីដូចជាមាន​ទំនៀមទម្លាប់​មុជទឹកបែបនេះមុនប្រទេសផ្សេងៗតំាងពីយូរលង់ណាស់មកហើយ។ តើ​មាន​ហេតុផលអ្វីបាន​ជាប្រជាជន​ជប៉ុន​និយមងូតទឹកនៅពេលល្ងាចដូច្នោះ? ហេតុផល​ដែល​ប្រជាជន​ជប៉ុន​ជា​ច្រើន​និយមងូតទឹកនៅពេលល្ងាចនោះដោយសារមូលហេតុ ៥ យ៉ាងរួមមាន៖

ជនជាតិជប៉ុនមានពិធីងូតទឹកយូរ

នៅពេលមុជទឹក ជនជាតិជប៉ុនធ្វើតាមប្រពៃណីពិសេសដែលរួមមានបីបួនជំហាន។ ដំបូង ពួកគេចូលទៅ​ងូត​ទឹក​ដើម្បីលាងសម្អាតធូលីដី ញើស ហើយបន្ទាប់ពីនោះទៀតពួកគេចូលត្រំាក្នុង​ទឹករយៈពេលយូរ។ ពួក​គេ​អាច​នឹង​ថែមតែបៃតង​និងឱសថផ្សេងៗ​ទៀតចូលទៅក្នុងទឹក​ដើម្បីឲ្យរាងកាយបានសម្រាក សម្អាត​ស្បែក និងធ្វើឲ្យ​អា​រម្មណ៍​ល្អ។ ក្រៅពីនេះ ជនជាតិ​ជប៉ុនមានការជ្រើសរើស​សីតុណ្ហភាពដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​វាពិត​ជា​សំ​ខាន់​ណាស់ដើម្បីធ្វើឲ្យមានផាសុកភាពដោយមិនត្រូវឲ្យលើសពី ៤០ អង្សាសេនោះទេ។ ប្រសិន​បើ​ទឹក​ក្តៅ​ពេក វានិងធ្វើឲ្យបាត់​បង់សំណើមនិងបើករន្ធញើសបាន។

ជនជាតិជប៉ុនធ្វើតាមទម្លាប់គ្រួសារមុនៗ

ស្ថិតនៅក្នុងសតវត្សរ៍ទី ១៩ មិនមានទឹកក្តៅ ម៉ាស៊ីនកម្តៅ ឬបរិក្ខារនៅក្នុងផ្ទះរបស់ជនជាតិជប៉ុននោះឡើយ។ ដូច្នោះហើយ មនុស្សជាច្រើនត្រូវដំាទឹកក្តៅដើម្បីបានមុជ ហើយការដំាទឹកនោះគឺត្រូវចំណាយពេលយូរ។ ហេតយដូច្នោះហើយ ទម្លាប់ទូទៅនៃការមុជទឹកនៅពេល្ងាចក៏ចេះតែបន្តមានរហូតមក។

ជនជាតិជប៉ុនជារឿយៗតែងទៅលេងអាងហែលទឹកសាធារណឬកន្លែងមុជទឹកក្តៅ

អាងហែលទឹកសាធារណមានការពេញនិយមខ្លំាងណាស់នៅក្នុងប្រទេសជប៉ុន។ មនុស្ស​មានវ័យ​ខុសៗ​គ្នាជាច្រើនតែងមកកន្លែងអស់នោះមិនមែនសម្រាប់តែមុជទឹកតែមួយមុខនោះទេ តែគឺ​មក​សម្រាក និង​ចំណាយ​ពេល​វេលា​ដើម្បីធ្វើរឿងដែលសប្បាយរីករាយទៀតផង។ វាអាចនិយាយ​បាន​ថា​ជា​ការកម្សាន្តបានដែរ។ នៅ​ពេល​យប់គឺពុំសូវមានមនុស្សច្រើននោះទេ ដូច្នោះអ្នកអាចនៅតែម្នាក់ឯងតាមគំនិតរបស់អ្នកបាន។ វាមើល​ទៅ​ហាក់​បី​ដូចជាការសម្រាកលំហែមួយដ៏ប្រសើរ។

ជនជាតិជប៉ុនពុំមានពេលវេលាគ្រប់គ្រាន់ឡើយនៅពេលព្រឹក

ជនជាតិជប៉ុនគឺជាអ្នកពូកែធ្វើការងារដ៏ពិតប្រាកដ។ មានមនុស្សប្រហែលជា ៤ ក្បៀស ៥ លាននាក់​ជា​បុគ្គ​លិក​ធ្វើការពេញម៉ោងនិង​មានការងារបន្ទាប់បន្សំទៀតដែលជាមធ្យមពួកគេធ្វើការចន្លោះ ៦ ទៅ ១៤ ម៉ោង​បន្ថែម​ជារៀងរាល់សប្តាហ៍។ ជាការពិតណាស់ នៅប្រទេសជប៉ុនវាពិត​ជាសំខាន់​ណាស់ដែល​អ្នកត្រូវ​តែ​គោ​រព​ពេលវេលា។ ប្រសិនបើអ្នកមកយឺតតែពីបីនាទី វាហាក់បីដូចជាមិនមានផលល្អឡើយ។ ដូច្នោះហើយ នៅ​ពេល​ព្រឹក​ជនជាតិជប៉ុនមិនមានពេលទំនេរសូម្បីតែមួយនាទីណាឡើយ។

ជនជាតិជប៉ុនមានការប៉ះពាល់ដោយអាកាសធាតុ

រដូវក្តៅនៅក្នុងប្រទេសជប៉ុន គឺមានលក្ខណៈក្តៅនិងសើមខ្លំាង។ ប្រជាជនភាគច្រើន​មិនប្រើប្រាស់​ឡានផ្ទាល់​ខ្លួន​ពួកគេ​ឡើយ តែគេប្រើប្រាស់មធ្យោបាយសាធារណជំនួសវិញ។ ពួកគេនឹងមិន​មានអារម្មណ៍ល្អឡើយ ប្រសិន​បើពួកគេ​មិនបានមុជទឹកនៅពេលល្ងាច។ ចំណែកឯរដូវរងាវិញ ផ្ទះរបស់​ជនជាតិ​ជប៉ុន​គឺត្រជាក់​ខ្លំាង​ណាស់​ព្រោះគ្មានខ្យល់កណ្តាលនិងម៉ាស៊ីនកម្តៅនោះទេ។ ពួកគេចុឡបន្ទប់ទឹកមិនត្រឹមតែមុជទឹកប៉ុណ្ណោះទេ តែ​កម្តៅ​ខ្លួនរបស់ពួកគេ​ឲ្យ​បាន​ស្រួលខ្លួនមុនពេលចូលគេង៕

ចុចអានបន្ត៖

មួយថ្ងៃៗចេះតែខ្វល់រឿងតូចតាចធ្វើឲ្យពិបាកចិត្ត អ្នកគួរសាកគិតរឿងអស់នេះជួយពង្រឹងស្មារតីអ្នកឲ្យប្រសើរឡើងវិញ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម