ងងឹត​មុខ​ធ្វើ​ការ មនោសញ្ចេតនា​ក៏​មិន​ជោគជ័យ ថ្ងៃ​មួយ​ដឹង​ថា​យើង​ចាស់​ហើយ

  • 2020-06-08 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​ការពិត​ទៅ​ខ្លី​ខ្លាំង​ណាស់ មួយ​ប៉ប្រិច​ភ្នែក​​ក៏​ឆ្លង​ផុត​យុវវ័យ​ទៅ​ហើយ។ ទាន់​ពេល​មិន​ទាន់​ហួស កុំ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ខ្លាំង​ពេក គួរ​យក​​ក្ដី​សុខ​ដាក់​ខ្លួន​ឲ្យ​បាន​ច្រើន។

រាល់​ថ្ងៃ​នេះ អ្នក​មាន​ដែល​សួរ​ខ្លួន​ឯង​អត់​ថា ហេតុ​អ្វី​ក៏យើង​រវល់​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង​បែប​នេះ។ ដល់​ពេល​ឈរ​មុខ​កញ្ចក់​ទើប​ភ្ញាក់​ព្រើត​ដឹង​ខ្លួន​ថា​ ខ្លួន​ចាស់​ប៉ុណ្ណា។ សូម្បីតែ​ខ្លួន​ឯង​ក៏​ជឿ​ថា​ខ្លួន​ផ្លាស់​ប្ដូរ​ដល់​ថ្នាក់​នេះ។ ផ្ទៃ​មុខ​ដែល​ពោរពេញ​ទៅ​ដោយ​យុវភាព នៅ​ពេល​នេះ​ជំនួស​មក​វិញ​នូវ​ស្នាម​ជ្រួញ លទ្ធផល​នៃ​ពេល​វេលា​ជា​ច្រើន​ទៀត។

ពេល​វេលា​ផ្លាស់​ប្ដូរ ចរិត​មនុស្ស​ក៏​ផ្លាស់​ប្ដូរ។ ការ​ជួបជុំ​មិត្ត​ភ័ក្ដិ​ផឹក​ស៊ី​សប្បាយ​រាល់​ល្ងាច ក៏​ប្ដូរ​ទៅ​ជា​ការ​ចង់​ទៅ​ផ្ទះ ទម្លាក់​ខ្លួន​លើ​គ្រែ​វិញ ព្រោះ​កម្លាំង​ក៏​លែង​ដូច​មុន។ ហើយ​ជួបជុំ​ច្រើន​ក៏​ហត់ ចង់​តែ​នៅ​ម្នាក់​ឯង ក្រោយ​ការងារ​ពេញ​មួយ​ថ្ងៃ​ទៅ​ហើយ។ ការ​ពីមុន​ធុញ​នៅ​ម្នាក់​​ឯង​ច្រើន​ប៉ុណ្ណា​ ពេល​នេះ​បន់​ឲ្យ​តែ​មាន​ថ្ងៃ​សម្រាក​ដើម្បី​នៅ​តែ​ឯង​ក្នុង​បន្ទប់ មិន​ចេញ​ក្រៅ​តែ​ម្ដង​ក៏​គ្មាន​បញ្ហា។

នៅ​លើ​លោ​ក​នេះ មនុស្ស​ម្នាក់​ៗ សុទ្ធតែ​មាន​វិថី​ដើរ​រៀង​ៗ​ខ្លួន អ្នក​ខ្លះ​ទ្វារ​ជោគជ័យ ក៏​ឆាប់​បើក អ្នក​ខ្លះ​ក៏​ក្រ​បើក។ គ្មាន​អ្នក​ណា​ជោគជ័យ​រហូត ក៏​គ្មាន​អ្នក​បរាជ័យ​មួយ​ជីវិត។ គ្រាន់​តែ​ថា អាយុ​កាន់​តែ​ច្រើន​ ទំនួលខុសត្រូវ​ក៏​កើន​តាម​នោះ​ដែរ។ កាល​ពី​ក្មេង​ យើង​ធ្វើ​អ្វី​តាម​តែ​ទំនោរ​ចិត្ត ចាស់​ទៅ​ទើប​ដឹង​ថា ហេតុ​អ្វី​ឪពុក​ម្ដាយ​ត្រូវ​ងើម​ពី​ព្រលឹម។ ការ​ពិត​មិន​មែន​ពួក​គាត់​ចង់​ដូច​នេះ​ឡើយ តែ​ទំនួលខុសត្រូវ ប្រៀប​ដូច​ជា​ម៉ោង​រោទិ៍​សម្រាប់​ពួក​គាត់​ទៅ​ហើយ។

ដោយ​សារ​តែ​យើង​មួយ​ចំនួន អាជីព​ការងារ​មិន​ទាន់​ជោគជ័យ ភ្ជាប់​មក​ជាមួយ​វា​នោះ គឺ​ជា​មនោសញ្ចេតនា​ដែល​មិន​អំណោយផល​ដូច​គ្នា។ ចង់ ឬ​មិន​ចង់ នៅក្នុង​សង្គម​សម្ភារៈនិយម​ដូច​បច្ចុប្បន្ន ភាគ​ច្រើន​គឺ​រក​ដៃគូ​ជីវិត​ដែល​ធូរធារ​ដែរ​ហើយ។ ព្រោះ​សួរ​ថា អ្នក​ណា​ចង់​យក​មនុស្ស​​ដែល​យក​មក​ហើយ​កើត​ទុក្ខ​ទាំង​​២​នាក់​នោះ។

តែ​ដូច​និយាយ​ពីដំបូង​ដែរ មនុស្ស​ម្នាក់​ៗ សុទ្ធតែ​មាន​វាសនា​ផ្សេង​គ្នា។ សូម​កុំ​សម្លឹង​ទៅ​គេ​ហើយ​យក​សម្ពាធ​ដាក់​ខ្លួន។ យើង​មាន​តិច រក​ក្ដី​សុខ​តិច​ៗ​ដាក់​ខ្លួន​ទៅ។ គេ​មាន​ច្រើន​ជា​រឿង​របស់​គេ។ ថ្ងៃ​ខែ​នៅ​មាន​ត​ទៅ​មុខ ដរាប​ណា​យើង​មិន​បោះ​បង់ នៅ​តែ​មាន​សង្ឃឹម៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម