ស្រីៗ​មាន​ផ្នត់គំនិត ៥ នេះ​ ច្រើនទទួលជោគជ័យ​​ក្នុង​ជីវិតដោយមិនដឹងខ្លួន

  • 2020-06-04 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​សម័យ​កាល​បច្ចុប្បន្ន​ ភាព​ជោគជ័យ​ច្រើន​ពឹង​ផ្អែក​លើ​ជីវិត​អាពាហ៍ពិពាហ៍ ចំនួន​ទឹក​ប្រាក់​នៅ​ក្នុង​គណនី​ធនាគារ​ ឬ មុខ​ដំណែង​នៅ​កន្លែង​ការងារ​ជាដើម។ ជា​ការ​ពិត​ មនុស្ស​ស្រី​គ្រប់​រូប​មាន​ទស្សនៈ​ខុស​ៗ​គ្នា​ទៅ​លើ​"ភាព​ជោគជ័យ"។ យ៉ាង​ណា​មិញ​ ពឹង​ផ្អែក​ទៅ​លើ​ការ​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​ច្រើន​ជាមួយ​នឹង​ស្រ្តី​ដែល​ទទួល​បាន​ភាព​ជោគ​ជ័យ គេ​សង្កេត​ឃើញ​ថា​មនុស្ស​ស្រី​ដែល​តែង​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ និង វិជ្ជមាន​ក្នុង​ជីវិត​ច្រើន​ផ្ដើម​ចេញ​ពី​ទស្សនៈ​ដ៏​ល្អ​ប្រសើរ​ទាំង​៥ នេះ៖

រូបតំណាង

**១. ការ​មាន​ឆន្ទៈ​ច្បាស់​លាស់​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ និង​ ការងារ៖** ​ប្រហែល​ជា​ធ្លាប់​ឮ​នៅ​សម្រង់​សម្ដី​មួយ​ឃ្លា​ដែល​លើក​ឡើង​ថា "បើ​អ្នក​ធ្វើ​ការ​ងារ​ដែល​អ្នក​ស្រឡាញ់​នោះ​​គ្មាន​ថ្ងៃ​ណា​មួយ​ដែល​អ្នក​ស្មុគ​រឿង​ការងារ​ដែល​អ្នក​ធ្វើ​នោះ​ទេ"។​​ ដូច្នេះ​ហើយ​ភាព​ជោគជ័យ​តម្រូវ​ឲ្យ​អ្នក​គប្បី​មាន​នូវ​ឆន្ទៈ​មោះ​មុត​ និង​ គោល​ជំហរ​ច្បាស់​លាស់​លើ​ការ​ជ្រើស​រើស​នូវ​ផ្លូវ​ដែល​អ្នក​ដើរ​គ្រប់​ជំហាន ទាំង​ក្នុង​ជីវិត​គ្រួសារ​ ឬ​ការងារ នោះ​ទើប​អ្នក​ឆាប់​សម្រេច​បាន​នូវ​សេចក្ដី​ប៉ង​ប្រាថ្នា​ពិត​ប្រាកដ​របស់​អ្នក។

២. ការ​ចេះ​ឈោង​ចាប់​នូវ​ក្ដី​ស្រមៃ​របស់​ខ្លួន៖​ តាម​ការ​ស្រាវ​ជ្រាវ​របស់​សហរដ្ឋអាមេរិក​ មនុស្ស​ស្រី​ច្រើន​មិន​សូវ​មាន​ទំនុក​ចិត្ត​ និង​ភាព​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ឡើយ ជាពិសេស​ក្នុង​វិស័យ​ការងារ។ យ៉ាង​ណា​មិញ​ គេ​សង្កេត​ឃើញ​ថា​មនុស្ស​ស្រី​ដែល​តែង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ឈោង​ចាប់​នូវ​ក្ដី​ស្រមៃ​របស់​ខ្លួន ច្រើន​ទទួល​បាន​មក​វិញ​នូវ​លទ្ធផល​គាប់​ចិត្ត​ និង សម​បំណង។​

រូបតំណាង

៣. មិន​ខ្លាច​រអា​នឹង​ការ​សាក​ល្បង​អ្វី​ដែល​ថ្មី៖ មនុស្ស​មួយ​ចំនួន​ធំ​គ្មាន​ការ​រីក​ចម្រើន​ និង នៅ​តែ​មួយ​កន្លែង​ព្រោះ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​ក្នុង​ការ​សាក​ល្បង​អ្វី​ដែល​ថ្មី ហើយ​ប្លែក​។ ការ​មាន​ទស្សនៈ​បែប​នេះ​មិន​ត្រឹម​ត្រូវ​ឡើយ។ បើ​អ្នក​ពិត​ជា​ប្រាថ្នា​ចង់​ស្គាល់​ភាព​​ជោគជ័យ​ពិត​ប្រាកដ​ អ្នក​ចាំ​បាច់​តាំង​ចិត្ត​បោះ​ជំហាន​ទៅ​មុខ មិន​ថា​ផ្លូវ​នោះ​ពិបាក​ឆ្លង​កាត់​ប៉ុណ្ណា​ឡើយ ព្រោះ​ចុង​ក្រោយ​អ្នក​នឹង​ទៅ​ដល់​កន្លែង​ដែល​អ្នក​ប្រាថ្នា​ជា​មិន​ខាន។ ​

៤. ចេះ​កែ​ច្នៃ​បរាជ័យ​ឲ្យ​ទៅ​ជា​មេរៀន​ជីវិត៖​ ជា​ការ​ពិត មនុស្ស​ស្រី​ដែល​ជោគជ័យ​គឺ​សុទ្ធ​តែ​ធ្លាប់​បរាជ័យ ពោល​គឺ​គ្មាន​ភាព​ជោគជ័យ​ណា​ដែល​បាន​មក​ដោយ​ស្រួលៗ និង ងាយៗ​នោះ​ទេ។ ដូច្នេះ​ដើម្បី​សម្រេច​នូវ​ក្ដី​ប្រាថ្នា​ពិត​ប្រាកដ វា​តម្រូវ​ឲ្យ​អ្នក​មាន​ភាព​រឹងមាំ ក្លាហាន និង តស៊ូ។ រាល់​ពេល​អ្នក​ដួល​ឬ​ជួប​ឧបសគ្គ​​អ្វី​មួយ ត្រូវ​ងើប​ឈរ​ឡើង​វិញ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ចាត់​ទុក​ភាព​បរាជ័យ​ទាំង​អស់​នោះ​ជា​មេរៀន។​

រូបតំណាង

៥. យល់​ច្បាស់​ពី​សារៈសំខាន់​​នៃ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង៖ ច្បាស់​ណាស់​ថា​មុន​នឹង​សម្រេច​ដល់​គោលដៅ​របស់​ខ្លួន មនុស្ស​ម្នាក់ៗ​ចាំ​បាច់​ត្រូវ​ចេះ​មាន​ការ​សាង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ ហើយ​មិន​មែន​ចេះ​តែ​រាប់​អាន​ផ្ដេសផ្ដាស​នោះ​ទេ គឺ​ការ​រាប់​អាន​ដោយ​ស្មោះ​ត្រង់​ ជាពិសេស​រវាង​មនុស្ស​ស្រី​ដូច​គ្នា។ ពេល​ដែល​អ្នក​យល់​ច្បាស់​​ថា អ្នក​មិន​អាច​សម្រេច​គោលដៅ​សំខាន់​អ្វី​មួយ​ដោយ​ឯកឯង​បាន​នោះ​ទេ​​ ពេល​នោះ​អ្នក​នឹង​ចាប់​ផ្ដើម​ស្គាល់​ច្បាស់​ពី​សារៈសំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន​ក្នុង​ជីវិត​៕​

ចុចអានបន្ត៖ ៥​ ក្បាច់​ជួយ​ឲ្យ​ដើម​ដៃ​តូច​ហើយ​តឹង​ណែន អាច​ពាក់​អាវ​ដៃ​តូច​ដោយ​ជឿជាក់

ប្រភព៖ nawrb ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម