Davikah បង្ហើបអាថ៌កំបាំងថ្មី ៥ យ៉ាង ដើម្បីបានចង្កេះតូចច្រឡឹងដូចអង្រ្កង

  • 2020-06-02 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារាស្រីថៃ Davikah មិនត្រឹមតែមានទម្រង់មុខស្រស់ស្អាត ទាក់ទាញ និងប៉ិនប្រសព្វខាងសម្តែងប៉ុណ្ណោះទេ នាងថែមទាំងមានឈ្មោះល្បីខាងផ្នែកថែរូបរាងនិងចង្កេះឲ្យតូចក្រឡឹង ដែលធ្វើឲ្យគ្រប់គ្នាមិនច្រណែនមិនបាន។ កាលពីថ្មីៗនេះ Davikah បានបង្ហោះរូបថត បង្ហាញដងខ្លួន​ជា​ច្រើន​សន្លឹក ដែលធ្វើឲ្យអ្នកតាមដាន ចង់ដឹងពីវិធីថែរក្សារបស់នាង។ ក្រៅពីការធ្វើលំហាត់ប្រាណ តួឯកស្រីរូបនេះ បាន​បង្ហើប​អាថ៌កំបាំង ៥យ៉ាងដែលអាចជួយឲ្យនាងបានចង្កេះអង្រ្កងតូចច្រឡឹង ជាមួយនឹងដងខ្លួនដ៏ស្លីមស្អាតទាក់ទាញ។

១. បែងចែកពេលវេលាញ៉ាំឲ្យបានត្រឹមត្រូវ

ចង់សម្រកទម្ងន់ឲ្យមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែអ្នកចេះគ្រប់គ្រងរបបអាហារឲ្យ​បានល្អ។ ដើម្បីឲ្យ​ចង្កេះតូចបានយូរ នាងត្រូវញ៉ាំអាហារ៣ ដង ក្នុងរយៈពេល៨​ ម៉ោង ប៉ុន្តែមិនមែនញ៉ាំជាប់ៗគ្នាពេកទេ គឺត្រូវចាំទុកឲ្យឃ្លានបន្តិចសិន។ នាងញ៉ាំតែអាហារណាដែលមានប្រយោជន៍ចំពោះសុខភាព និងជៀសឲ្យផុតពីប្រភេទអាហារ Fast Food។ នៅសល់ ១៦​ម៉ោងទៀត នាង​ទុក​ពេល​ឲ្យរាងកាយធ្វើការគ្រប់គ្រងអាហារដោយខ្លួនឯង ក្នុងបរិមាណសមរម្យ។ ប៉ុន្តែ​ភាគច្រើន Davikah តែងជ្រើសរើសអាហារដែលមានវីតាមីន ជាតិសរសៃច្រើន ដូចជាផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលអាចកាត់បន្ថយការឃ្លាន ធ្វើឲ្យមានអារម្មណ៍ឆ្អែតបានយូរ និងមិនបណ្តាលឲ្យឡើងគីឡូផងដែរ។

២. កាត់បន្ថយអាហារដែលផលិតចេញពីម្សៅនិងមានជាតិស្ករ

ជាតិម្សៅនិងស្ករ គឺជាសត្រូវចម្បងនៃការសម្រកទម្ងន់។ បើ​អ្នក​ព្យាយាម​កាត់​បន្ថយ​និងជៀសវាងរបស់២មុខនេះ អ្នកនឹងបានរាងស្អាតជាក់ជាមិនខាន។ ទោះ​បីជា​ចង់​យ៉ាង​ណា ត្រូវញ៉ាំ​ក្នុងបរិមាណតិចបំផុត ដើម្បី​ជួយ​អារម្មណ៍​ល្អ ប៉ុន្តែ​កុំភ្លេច​ថា អាហារ​ទាំង​២​នេះ កាន់តែញ៉ាំ​​វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ឆាប់ឃ្លាន។

៣. ដើរឲ្យបាន២គីឡូម៉ែត្រឬលើសពីនេះជារៀងរាល់ថ្ងៃ

អ្នកមិនចាំបាច់ហាត់ប្រាណធ្ងន់ៗពេក​ក៏បាន ត្រឹម​ការ​ដើរ​ប្រចាំថ្ងៃ ក៏​អាច​ជួយ​ដុតបំផ្លាញ​ជាតិខ្លាញ់ក្នុងរាងកាយបាន​ច្រើនផងដែរ។ ជាទូទៅ Davikah តែង​ដើរ​យឺតៗ បន្ទាប់មកត្រូវដើរលឿនៗឲ្យបាន ២គីឡូម៉ែត្រឬលើសពីនេះជារៀងរាល់ថ្ងៃ។ បើគ្មាន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ទេ អ្នក​​អាច​ហាត់ប្រាណបញ្ចេញ​ញើស​នៅ​ក្នុង​ផ្ទះ​ក៏​បាន​។ ព្យាយាម​ហាត់​ជា​ប្រចាំ គង់តែបានរាងដូចប្រាថ្នា។

៤.ផឹកទឹកឲ្យបានច្រើន

កុំមើលរំលងឲ្យសោះ ចំពោះការ​ផឹកទឹក ព្រោះវាជាវិធីដ៏សំខាន់សម្រាប់អ្នកដែលចង់បានរាងស្អាត។ នាងតែងព្យាយាមផឹកទឹកឲ្យបាន១-២ដបធំៗរាល់ថ្ងៃ។ ទឹកមិន​ត្រឹមតែអាចជួយ​រំលាយជាតិខ្លាញ់ប៉ុណ្ណោះទេ ថែមទាំងអាចជួយដល់ការរំលាយអាហារ ល្អសម្រាប់សុខភាព ធ្វើឲ្យស្បែកសភ្លឺថ្លា មានសំណើម ដងខ្លួនស្លីមស្អាតហើយមិនងាយឡើងគីឡូទៀត។

៥. ផ្តល់ជីវជាតិនិងវីតាមីនសំខាន់ៗដល់រាងកាយ

ក្នុងដំណាក់កាលសម្រកគីឡួ រាងកាយនឹងបាត់បង់ជីវជាតិសំខាន់ៗមួយចំនួន ជាហេតុអាចបណ្តាលឲ្យមានផលប៉ះពាល់ចំពោះសុខភាព។ ដូច្នេះអ្នកត្រូវញ៉ាំអាហារបំប៉ន ដែលអាចផ្តល់វីតាមីនគ្រប់គ្រាន់ និងជីវជាតិផ្សេងៗដែលរាងកាយត្រូវការជាចាំបាច់។ នៅពេលរាងកាយទទួលបានសារធាតុចិញ្ចឹមល្អៗ អ្នកនឹងអាចទទួលបានរូបរាងស្អាត ចង្កេះតូច និងមានសុខភាពរឹងមាំ មិន​ចុះខ្សោយកម្លាំង។​​​

ខាងក្រោមនេះគឺជាវីដេអូ ដែលនិយាយ​បកស្រាយដោយ Davikah ផ្ទាល់៕

ចុចអានបន្ត៖ ចង់​ Make up ឲ្យ​ចូល​មុខ​ម៉ដ្ឋ​​ស្អាត ត្រូវ​ដឹង​តិចនិកទាំង​នេះ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី