ហេតុអ្វីពិបាករក​មនុស្ស​ដែល​យល់ពី​យើង​ខ្លាំង​ម្ល៉េះ? ពេល​ណា​ទើប​ជួប​ម្នាក់​នោះ?

  • 2020-05-30 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រស់​នៅ​ក្នុង​ពិភព​លោក​មួយ​អ្វី​ដែល​ពិបាក​ខ្លាំង​ជាង​គេ​គឺ​រក​មនុស្ស​ម្នាក់​ដែល​យល់​យើង​ច្បាស់ តែ​បើ​យើង​រក​ឃើញ​ជីវិត​នេះ​គឺ​សំណាង​ណាស់។

ហេតុ​អី​​ពិបាក​រក​​មនុស្ស​បែប​នេះ​ម្ល៉េះ?

មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ដែល​អាច​រក​ឃើញ​មនុស្ស​ម្នាក់​ដែល​យល់​ពី​ខ្លួន ហើយ​ទទួល​បាន​គ្រប់​យ៉ាង​ដោយ​មិន​ប្រកាន់​អ្នក​នោះ?

អ្នក​ខ្លះ​ស្រឡាញ់​គ្នា​ ៣​ឆ្នាំ ៥​ឆ្នាំ នៅ​តែ​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន នៅ​តែ​មិន​យល់​ពី​គ្នា​បាន។ ចុង​ក្រោយ​មនោសញ្ចេតនា​ទាំង​ប៉ុន្មាន​ក៏​រលាយ​ខ្ទេច​គ្មាន​សល់។ ​អ្នក​ធ្លាប់​ទុក​ចិត្ត​មនុស្ស​ម្នាក់​រហូត​ខក​បំណង​ទេ? អ្នក​ធ្លាប់​គិត​ថា​គេ​ជា​មនុស្ស​ដែល​អាច​យល់​ពី​អ្នក​គ្រប់​យ៉ាង តែ​ចុង​ក្រោយ​ក៏​មិន​មែន​ឡើយ។ អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ​ពេល​អ្នក​រក​ឃើញ​គេ តែ​ចុង​ក្រោយ​គេ​ក៏​ជា​អ្នក​ធ្វើ​ឲ្យ​អ្នក​យំ​រហេមរហាម​ដែរ។

នេះ​ក៏​ប្រហែល​គេ​អស់​ចិត្ត គេ​មាន​ជម្រើស​ថ្មី គេ​ហត់​នឹង​យល់​ពី​អ្នក គេ​ទ្រាំ​នឹង​ចរិត​ដែល​អ្នក​មាន​លែង​បាន។ នៅ​ពេល​មនុស្ស​ម្នាក់​មើល​ឃើញ​អ្វី​ដែល​ល្អ​ជាង​អ្វី​ដែល​មាន​នៅ​ក្នុង​ដៃ គេ​នឹង​ហក់​ទៅ​ចាប់​របស់​ថ្មី នេះ​ជា​ធម្មជាតិ​របស់​មនុស្ស​​ដែល​មិន​អាច​ប្រកែក​បាន។ តែ​ស្នេហា​ជា​អារម្មណ៍​ម្យ៉ាង​ដែល​ពិបាក​នឹង​ពន្យល់ ព្រោះ​នៅ​ពេល​ដែល​អ្នក​បាន​ជួប​មនុស្ស​ដែល​ជា​គូ​ពិត​របស់​អ្នក​ ទោះ​អ្នក​ជា​អ្នក​ណា​ក៏​ជា​នៅ​តែ​ស្រឡាញ់​អ្នក និង​រស់​នៅ​ជាមួយ​អស់​មួយ​ជីវិត។ កាល​ដែល​មនុស្ស​ម្នាក់​ដែល​អ្នក​ជឿជាក់​បំផុត​នោះ​ លែង​ដៃ​អ្នក​នោះ​មក​ពី​គេ​មិន​មែន​ជា​ស្នេហា​ពិត​របស់​អ្នក ឬ​ក៏​មក​ពី​សំណាង​អ្នក​មិន​ទាន់​មក​ដល់។

បើ​មួយ​ជីវិត​ហើយ​អ្នក​នៅ​តែ​មិន​អាច​រក​មនុស្ស​ដែល​យល់​ពី​អ្នក​ឃើញ​ទេ នោះ​មាន​ន័យ​ថា​អ្នក​គ្មាន​សំណាង អ្នក​គ្មាន​និស្ស័យ​នឹង​ទទួល​បាន​មនុស្ស​ល្អ។

មិន​ងាយ​មាន​មនុស្ស​ណា​ដែល​អាច​ទ្រាំ​ជាមួយ​យើង​បាន​គ្រប់​ចរិត​នោះ​ទេ ដូច្នេះ​បើ​អ្នក​រក​ឃើញ​ហើយ​ ចូរ​ថែរក្សា​ផង ព្រោះ​ពេល​ខ្លះ​អ្នក​មាន​សំណាង​ហើយ​ តែ​មិន​ចេះ​ចាប់​យក​សំណាង។ កុំ​រំពឹង​ថា​អាច​មាន​មនុស្ស​ល្អ​បែប​នេះ​ច្រើន​សម្រាប់​អ្នក​អី ពេល​ខ្លះ​អ្នក​គ្មាន​សូម្បី​សំណាង​លើក​ទី​២។

បើ​ពេល​នេះ​អ្នក​គិត​ថា​មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​មិន​មែន​ជា​មនុស្ស​ដែល​អាច​យល់​ពី​អ្នកទេ​ អ្នក​គួរ​តែ​សម្រេច​ចិត្ត​ដោះ​លែង​គេ ហើយ​វា​ក៏​ដូច​ជា​ដោះលែង​ខ្លួន​ឯង​ដែរ។ បើ​នៅ​ជាមួយ​គ្នា​មាន​តែ​ភាព​ទាស់ទែង រកាំរកូស កើតទុក្ខ សុំ​កុំ​បន្ត​ជីវិត​ដែល​នៅ​សល់​រស់​ក្នុង​ភាព​ឈឺចាប់​បែប​នេះ​ទៀត​អី។

សំណាង​អាច​នឹង​មក​រក​អ្នក​នៅ​ពេល​ដែល​អ្នក​ចេះ​ស្រឡាញ់​ខ្លួន​ឯង និង​បើក​ឱកាស​ថ្មី​ឲ្យ​ខ្លួន​ឯង៕

ចុចអាន៖“អរគុណ​ដែល​ក្បត់​ខ្ញុំ” ការ​សងសឹក​របស់​ប្រពន្ធ​ម្នាក់​​ដែល​ធ្វើ​ឲ្យ​ប្ដី​​នាង​ស្ដាយ​ក្រោយ​បំផុត

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម