សម្លឹងមួយភ្លែតសិន! រូបភាពដែលអ្នកមើលឃើញមុនគេ អាចបញ្ជាក់ពីភាពភ័យខ្លាចនៅក្នុងខ្លួនរបស់អ្នក

  • 2020-05-21 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ភ័យ​ខ្លាច​គឺ​ជា​រឿង​ធម្មជាតិ​ ដែល​តែង​មាន​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ នៅ​ពេល​ដឹង​ថា​មាន​គ្រោះថ្នាក់​ត្រូវ​ប្រឈម​។ នរណា​​ក៏​មាន​ចំណុច​ខ្សោយ និង​មានរឿង​ក្នុង​​នៅ​​ក្នុង​ចិត្ត ដែល​ជា​ភាព​ភ័យ​ខ្លាច​ផ្ទាល់​ខ្លួន​ដែរ​​។ ចង់​ដឹង​​ថា​​តើ​អ្វី​អាច​ឆក់​យក​បេះដូង ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​ភ័យ​ខ្លាច​​បំផុត តេស្ត​​សាក​ល្បង​​ខាង​ក្រោម​នេះ​​​អាច​បង្ហាញ​ប្រាប់​អ្នក​បាន។

ដំបូង​​ត្រូវ​សម្លឹង​មើល​រូប​ភាព​នេះ​មួយ​សិន​ អ្វី​ដែល​​អ្នក​ឃើញ​មុន​គេ នឹង​អាច​លាត​ត្រដាង​ពី​ការ​ពិត​​​នៅ​ក្នុង​ចិត្ត​របស់​អ្នក។

១. ឃើញ​ក្មេង​ស្រី​មុន​គេ

ប្រសិន​បើ​អ្នក​មើល​ឃើញ​រូប​ក្មេង​ស្រី​មុន​គេ មាន​ន័យ​ថា​ភាព​ភ័យ​ខ្លាច​របស់​អ្នក គឺ​ចាប់​​ផ្តើម​កើត​មាន​ឡើង​​តាំង​ពី​នៅ​វ័យ​កុមារភាព​មក​ម្ល៉េះ​។

មាន​បញ្ហា​ជា​ច្រើន​ ដែល​អាច​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​របស់​ក្មេង។ ដរាប​ណា​គ្មាន​អ្នក​ពន្យល់​បក​ស្រាយ​ប្រាប់​ឲ្យ​ដឹង នោះ​ដល់ពេល​ធំ​ឡើង ពួកគេ​នឹង​រស់​នៅ​ជាមួយ​ក្តី​​​ភ័យ​ខ្លាច​ មិន​អាច​កែប្រែ ច្របូកច្របល់​ក្នុង​ចិត្ត ហើយ​ពេល​ខ្លះ​មិន​អាច​ទប់​អារម្មណ៍​បាន​ទៀត។

ម្យ៉ាង​​វិញ​ទៀត អាច​មក​ពី​អ្នក​គ្មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្តាយ។ អ្នក​មិន​ទទួល​បាន​ការ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់ គ្មាន​ភាព​កក់​ក្តៅ​និង​ក្តី​ស្រលាញ់​គ្រប់​គ្រាន់​ ជា​ហេតុ​នាំ​ឲ្យ​អ្នក​មាន​ភាព​ភ័យ​ខ្លាច ខ្វះ​ភាព​ជឿជាក់​និង​ទំនួល​ខុស​ត្រូវ​​លើ​ខ្លួន​ឯង រាល់​ពេល​សម្រេច​ចិត្ត​ម្តង​ៗ​។

របួស​ផ្លូវ​ចិត្ត​​​ដែល​បន្សល់​ពី​អតីតកាល មិន​មែន​​​កើតមាន​​​​តែ​​ពេល​កុមារភាព​ប៉ុណ្ណោះ​ទេ វា​អាច​បណ្តាល​មក​ពី​ផល​ប៉ះពាល់​​​តាំង​ពី​ក្នុង​អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃ ឬ​ពេល​សម្រាល​ជា​ដើម​។

២. មើល​ឃើញ​មេ​អំបៅ​មុន​គេ

​​ជា​ទូ​ទៅ​​រូប​មេអំបៅ​តែង​តំណាង​​​ឲ្យ​រឿង​ល្អ​ៗ ការ​ស្រមើស្រមៃ ជា​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរ​និង​ចាប់ផ្តើម។ ផ្ទុយ​ទៅ​វិញ​ សម្រាប់​ក្នុង​រូប​មួយ​​នេះ​ ​​​ប្រសិន​បើ​មេអំបៅ​ជា​អ្វី​ដែល​អ្នក​មើល​ឃើញ​មុនគេ​មាន​ន័យ​ថា វា​ជា​សញ្ញា​នៃ​ភាព​ភ័យ​ខ្លាច​របស់​អ្នក​ក្នុង​ផ្លូវ​ងងឹត។

អ្នក​ខ្លាច​បំផុត​គឺ​សេចក្តី​ស្លាប់ អ្នក​ខ្លាច​រស់​នៅ​មិន​បាន​សុខ ឬ​បាត់​បង់​ឱកាស​ក្នុង​ជីវិត។ ជាពិសេស​អ្នក​បារម្ភ​ភ័យ​ខ្លាច បាត់​បង់​មនុស្ស​ជិតស្និទ្ធ​ ដែល​ធ្លាប់​តែ​នៅ​ក្បែរ​ខ្លួន​ពី​មុន​។

៣. មើល​ឃើញ​​ស្រ្តប៊េរី​មុន​គេ

​​ស្រ្តប៊េរី​​ក្នុង​រូប​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​គេ​តែ​ម្តង ហើយ​​វា​ក៏​មាន​ទំហំ​ធំ​ជាង​ស្រ្តប៊េរី​​​ពិត​​នៅ​ខាង​ក្រៅ និង​ជា​តំណាង​ឲ្យ​បេះដូង (ក្តី​ស្រលាញ់​)។​

បើ​អ្នក​មើល​ឃើញ​វា​មុន​គេ បាន​សេចក្តី​ថា ភាព​ភ័យ​ខ្លាច​របស់​អ្នក​គឺ​កើត​ចេញ​មក​ពី​ស្នេហា។ អាច​​មក​ពី​អ្នក​​ធ្លាប់​ឃើញ​ការ​បែក​បាក់​ក្នុង​គ្រួសារ ឬ​ធ្លាប់​ឆ្លង​កាត់​ស្នេហា​ឈឺ​ចាប់​ខ្លួន​ឯង​ផ្ទាល់​តែ​ម្តង។ ទំហំ​ធំ​របស់​​ស្រ្តប៊េរី​​ បង្ហាញ​ពី​ក្តី​ស្រលាញ់​ដ៏​​ធំធេង​ដែល​​អ្នក​មាន ប៉ុន្តែ​អ្នក​ភ័យ​ខ្លាច​​ស្ទាក់ស្ទើរ​​ មុន​ពេល​ប្រគល់​ទៅកាន់​នរណា​ម្នាក់​ ព្រោះ​អ្នក​មិន​ចង់​ជួប​រឿង​ឈឺចាប់​ខូច​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​។

៤. ឃើញ​ពីងពាង​មុន​គេ

​​ពីងពាង​គឺ​ជា​ប្រភេទ​សត្វ​ដែល​មាន​មនុស្ស​ជា​ច្រើន​ខ្លាច​រអា។ ហេតុ​នេះ​ហើយ​បើ​អ្នក​ឃើញ​រូប​ពីង​ពាង​មុន​គេ មាន​ន័យ​ថា​អ្នក​ភ័យ​ខ្លាច​​​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​សព្វ​ថ្ងៃ។

​អ្នក​​មាន​​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​គ្រប់​គ្រាន់ និង​ពិបាក​នឹង​ទុក​ចិត្ត​មនុស្ស​ខ្លាំង​ណាស់​។ អ្នក​តែង​​​បារម្ភ​គិត​​ល្អិតល្អន់​​ពី​នេះ​ពី​នោះ ទោះ​​បី​ដឹង​ថា​​ខ្លួន​ស្ថិត​នៅ​កន្លែង​គ្មាន​គ្រោះ​ថ្នាក់​ក៏​ដោយ​។

ភាព​ខ្វាយ​ខ្វល់​លើស​កម្រិត គឺ​ជា​រនាំង​បិទបាំង​អ្នក​ពី​បរិយាកាស​​ស្រស់​ស្អាត​​និង​សប្បាយ​រីករាយ​ ដែល​កើត​មាន​នៅ​ជុំ​វិញ​ខ្លួន​ឯង​។

៥. មើល​ឃើញ​ដើមឈើ​មុន​គេ

​​​​ដើម​ឈើ​តំណាង​ឲ្យ​ថាមពល​​ក្នុង​ចិត្ត និង​​ជា​​ឫស​គល់​ដែល​ចាក់​ជ្រៅ​ក្នុង​បេះដូង។

បើអ្នក​មើល​ឃើញ​រូប​ដើម​ឈើ​ទាំង​សង​ខាង​មុន​គេ​មាន​ន័យ​ថា ក្នុង​ចិត្ត​របស់​អ្នក​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ​ ដោះ​ស្រាយ​អ្វី​មិន​ចេញ​។ អ្នក​ភ័យ​ខ្លាច​បំផុត​ចំពោះ​បញ្ហា​នានា​ដែល​កើត​​ឡើង​ អ្នក​មិន​​អាច​បញ្ជា​គ្រប់គ្រង​ខ្លួន​ឯង​​​​បាន​ល្អ​។ យ៉ាង​ណា​ក៏​ដោយ ដាច់​ខាត​កុំ​ឃុំ​ខ្លួន​ជាមួយ​បញ្ហា​ឲ្យ​សោះ។ អ្នក​អាច​​ទៅ​រក​​មនុស្ស​ណា​ម្នាក់ដែល​ជិតស្និទ្ធ​ មាន​គំនិត​ទូលំទូលាយ ទើប​អ្វីៗ​អាច​ប្រសើរ​ឡើង​វិញ​បាន​។

៦. មើល​ឃើញ​តុក្កតា​ខ្លាឃ្មុំ​មុន​គេ

​​បើ​​អ្នក​មើលឃើញ​ចាប់​អារម្មណ៍​រូប​តុក្កតា​ខ្លា​ឃ្មុំ​មុន​គេ មាន​ន័យ​ថា​អ្នក​​​ភ័យ​ខ្លាច​​​ដែល​ខ្លួន​ឯង​ខ្វះ​ភាព​ក្លាហាន​។ ​បញ្ហា​​នេះ​អាច​បណ្តាល​មក​ពី ឧបសគ្គ​ដែល​អ្នក​បាន​ឆ្លង​កាត់​កាល​ពី​ក្មេង ឬ​បទ​ពិសោធ​ជីវិត​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​រស់​នៅ​ជាមួយ​ភាព​ភ័យ​ខ្លាច មិន​ក្លាហាន និង​ខ្វះ​ទំនុក​ចិត្ត​៕

ចុចអានបន្ត៖ មូល​ហេតុ​ ៥ ធំៗធ្វើ​ឲ្យ"​អាជីវកម្ម​"ដំណើរការ​មិន​សូវ​ល្អ និង ​គ្មាន​ភាព​រីក​ចម្រើន

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម