ចូលវ័យខ្ទង់ ២៧ ឆ្នាំហើយនៅមិនទាន់រៀបការ តើគួរធ្វើបែបណាដើម្បីរៀបចំចិត្តគំនិតឲ្យនៅតែស្រស់បំព្រង?

  • 2020-05-19 06:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​​ឈាន​ចូល​ដល់​អាយុ​​ខ្ទង់​២៧​ឆ្នាំ ឬ​គេ​​ហៅ​ថា​វ័យ​២០ក្រាស់​​នេះ​ ជា​ដំណាក់​កាល​មួយ​ដែល​គ្រប់​គ្នា​​នៅ​ជុំវិញ​ខ្លួន​​មើល​មក​ចាត់​ទុក​ជា​អ្នក​ជា​មនុស្ស​​មាន​ភាព​ចាស់​ទុំ​បំផុត​ និង​​គួរ​មាន​​ការងារ​ជាក់លាក់​សម្រាប់​ខ្លួន​ឯង​​​ ហើយ​ក៏​​ជា​វ័យ​មួយ​​​ដែល​គួរ​តែ​ចូល​រោង​ការដែរ​។

រូបតំណាង

ទោះ​បី​ជា​អ្នក​ទើប​តែ​ឈាន​ចូល​​ដល់​អាយុ​​២៧​ឆ្នាំ​ថ្មីៗ​ក៏​ដោយ ប្រហែល​ជា​ធ្លាប់​មាន​មនុស្ស​ជា​ច្រើន​ បាន​ចចេស​ដេញ​ដោល ទាក់​ទង​ទៅ​​នឹង​បញ្ហា​ជីវិត​គ្រួសារ និង​​តែង​តែ​​សួរ​រឿយ​ៗ​ថា វ័យ​ប៉ុណ្ណឹង​ហើយ​នៅ​មិន​ទាន់​យក​ប្តី​ទៀត? ចង់​នៅ​ម្នាក់​ឯង​រហូត​មែន? ប្រយ័ត្ន​ចាស់​ទៅ​គ្មាន​កូន​ចៅ​ហ្នឹង​គេ​ណា៎!

​​​​​​​​​ជីវិត​មនុស្ស​យើង​​ម្នាក់​ៗ​មិន​អាច​ក្រិត​តួ​លេខ​ចំ​ៗ​ដូចជា​បន្ទាត់​​នោះ​ទេ​។ ស្ថិត​នៅ​​អាយុ​​ដំណាល​គ្នា​ មិន​មែន​មាន​ន័យ​​ថា​​​អ្នក​​​​ត្រូវ​តែ​​ធ្វើ​​រឿង​ដូចគ្នា ឬ​ត្រូវ​​តែ​​ដើរ​ដល់​ចំណុច​ជាក់លាក់​ណាមួយ​បាន​ឡើយ។ ខ្ទង់​វ័យ​​២០​ក្រាស់ អ្នក​ខ្លះ​រៀប​ការ​មាន​កូន​អស់​ហើយ​ ប៉ុន្តែ​​អ្នក​ខ្លះ​ទៀត​​នៅ​មមាញឹក​ខ្លាំង​​ជាមួយ​ការងារ គោលដៅ​ក្នុង​ជីវិត​ ហើយ​ទុក​រឿង​​រៀបចំ​គ្រួសារ​​នៅ​មួយ​ឡែក​សិន ក៏​គ្មាន​អ្វី​ចម្លែក​ដែរ។

ការ​រៀប​ការ​អាច​ប្រៀប​ប្រដូច​ទៅ​នឹង​​ពេល​ដែល​អ្នក​ពាក់​ស្បែក​ជើង មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ដឹង​ថា​វា​សម​ល្មម​ឬ​​មួយ​យ៉ាង​ណា

រូបតំណាង

​​​​​​​នៅ​ពេល​ដល់​​អាយុ ២៧​ឆ្នាំ មនុស្ស​ជុំវិញ​ខ្លួន​គិត​ថា​ខ្ញុំ​​គួរ​មាន​លំនឹង​រឹងមាំ ទាំង​​ការងារ​និង​ស្នេហា គួរ​មាន​បុរស​ម្នាក់​ដែល​អាច​ពឹង​ពាក់​បាន រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​​ពេញ​ដោយ​សុភមង្គល។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មាន​ក្តី​សុបិន​​មួយ​សម្រាប់​ខ្លួន​ឯង​ ដូច្នេះ​ការ​សម្រេច​ចិត្ត​​គឺ​ស្ថិត​នៅ​លើ​រូប​ខ្ញុំ​ផ្ទាល់ មិន​មែន​អ្នក​ដទៃ។

មិន​ខ្វះ​ទេ អ្នក​សួរ​សំនួរ​ដដែលៗ​ថា "ពេល​ណា​រៀបការ?” "កុំ​នៅ​យូរ​ពេក!”។ បន្ទាប់​ពី​​បាន​ឮ​ពាក្យ​ពេចន៍​ទាំង​នោះ​​រួច​ហើយ ខ្ញុំ​តែង​គិត​ក្នុង​ចិត្ត​ថា តាម​ការ​ពិត ចង់​រៀបការ​ មាន​ឈ្មោះ​ជាប្តី​ប្រពន្ធ​ស្រប​ច្បាប់​វា​មិន​មែន​ជា​រឿង​ពិបាក​អី​ណាស់​ណា​ទេ សំខាន់​តើ​ខ្ញុំ​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​ប៉ុណ្ណា​​ក្រោយ​រៀប​ការ​រួច​?

អាពាហ៍ពិពាហ៍​មិន​ខុស​គ្នា​​ពី​ការ​ពាក់​ស្បែក​ជើង​នោះ​ទេ មាន​តែ​រូប​ខ្ញុំ​​ប៉ុណ្ណោះ ទើប​ដឹង​ថា​វា​ងាយ​ស្រួល សម​ល្មម​ត្រូវ​នឹង​ជើង​​ដែរ​ឬ​អត់។ មាន​តែ​រូប​ខ្ញុំ​តែ​ម្នាក់​គត់ ទើប​ដឹង​ច្បាស់​ថា​បុរស​បែប​ណា ដែល​អាច​​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម រស់​នៅ​ចុះ​សម្រុង ចេះ​អធ្យាស្រ័យ​​ឲ្យ​គ្នា អាច​ផ្តល់​ភាព​កក់ក្តៅ​និង​ក្តី​ស្រលាញ់​ពិត​ប្រាកដ អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។

នរណា​ក៏​មាន​​ប្រភេទ​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់​នៅ​ក្នុង​ចិត្ត​ដែរ​ ដូច្នេះ​ហើយ​​ខ្ញុំ​ច្បាស់​ណាស់​ថា​បុរស​បែប​ណា​ដែល​ស័ក្តិសម​​បំផុត​សម្រាប់​ជីវិត​ ហើយ​ខ្ញុំ​នឹង​គ្មាន​ថ្ងៃ​​​ជ្រើសរើស​អ្វី​មួយ​ដោយ​​ការ​បង្ខំ​ឬ​ការ​មិន​ពេញចិត្ត​ឡើយ​​​។

មាន​រឿង​ជា​ច្រើន​ដែល​អ្នក​​អាច​ធ្វើ ក្រៅ​ពី​​ផ្តោត​តែ​លើ​រឿង​រៀបការ​មួយ​មុខ

នៅ​ពេល​ទៅ​ជួប​ជុំ​គ្នា​ជាមួយ​មិត្តភ័ក្តិ ដែល​មាន​ប្តី​មាន​កូន​ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ដូច​ជា​ន​លីវ​យូរ​ពេក​ហើយ។ យ៉ាង​ណា​កុំ​ភ្លេច​ថា មាន​រឿង​ច្រើន​ណាស់​ដែល​​​អាច​ធ្វើ​ក្រៅ​ពី​ខ្វាយ​ខ្វល់​ដល់​រឿង​រៀបការ ដូច​ជា​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ ថែរក្សា​សម្រស់ ធ្វើ​ដំណើរ​កម្សាន្ត មើល​ពិភពលោក​ឲ្យ​បាន​ធំ​ទូ​លាយ មាន​មនុស្ស​មិន​តិច​ទេ ដែល​ស្ថិត​ក្នុង​វ័យ​ដូច​អ្នក ​​នៅ​មិន​ទាន់​រៀប​ការ ហើយ​វា​ជា​រឿង​ទូទៅ​​ហើយ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​។

រូបតំណាង

ក្រ​រៀប​ការ​​មិន​មែន​មាន​ន័យ​​ថា​ខ្ញុំ​​មិន​គិត​ទាល់​តែ​សោះ​ឡើយ

ថ្វី​ត្បិត​​ខ្ញុំ​​ធ្លាប់​បាន​ឃើញ​ពី​ចំណុច​អវិជ្ជមាន​​រាប់​មិន​អស់​ពី​មនុស្ស​ដែល​​រៀប​ការ​រួច​ តែ​ខ្ញុំ​ក៏​នៅ​តែ​ចង់​សាកល្បង ចង់​មាន​ដៃគូ​សម្រាប់​ខ្លួន​ឯង​ដែរ គ្រាន់​តែ​ខ្ញុំ​មិន​បិទ​ភ្នែក បង្ខំ​ខ្លួន​​ឯង​ទទួល​យក​មនុស្ស​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​នោះ​ឡើយ​។ ស្រប​​ពេល​ដែល​កំពុង​តែ​រង់ចាំ​ស្នេហា​ពិត​ប្រាកដ​មួយ ខ្ញុំ​អាច​រីករាយ​ជាមួយ​ការងារ មិត្តភ័ក្តិ ក្រុម​គ្រួសារ និង​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​។ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកា ប៉ុន្តែ​ខ្ញុំ​តែង​ដាស់​តឿន​ខ្លួន​ឯង​ថា​ មិន​អី​ទេ ខ្ញុំ​នៅ​តែ​អាច​ញញឹម​និង​រង់ចាំ​បន្ត។

រូបតំណាង

សម្រាប់​ខ្ញុំ​ការ​រៀបការ​មាន​​សារៈសំខាន់​និង​មាន​​ន័យ​​បំផុត ប្រសិន​បើ​​ខ្ញុំ​អាច​រស់​នៅ​ជាមួយ​ក្តី​សុខ​ពិត​ប្រាកដ​ មិន​មែន​រៀបការ​តែ​ឈ្មោះ​។

វា​​ក៏​មិន​មែន​ជា​រឿង​លេង​សើច ដែល​អាច​ធ្វើ​តាម​ទំនើង​ចិត្ត​មួយ​ពេល​នោះ​ទេ​។ ខ្ញុំ​នៅ​រក្សា​គោលជំហរ​ខ្លួន​ឯង​ជានិច្ច ខ្ញុំ​​រីករាយ​ជាមួយ​​នឹង​ភាព​នៅ​លីវ​​​ខ្ញុំ​ជឿជាក់​ថ្ងៃ​ណា​មួយ​​នឹង​បាន​ជួប​បុរស​ដែល​ខ្ញុំ​ប្រាថ្នា ពេល​នោះ​ហើយ​ដែល​ខ្ញុំ​អាច​សម្រេច​ចិត្ត​រៀបការ​ដោយ​ទំនុក​ចិត្ត​និង​គ្មាន​វិប្បដិសារី​។

ជូន​ទៅ​ដល់​មនុស្ស​ស្រី​គ្រប់​គ្នា​ដែល​មិន​ទាន់​រក​ឃើញ​គូ ចូរ​រីករាយ​ស្រស់​ស្រាយជាមួយ​នឹង​​​ភាព​នៅ​លីវ​របស់​អ្នក ព្រោះ​វា​ជា​ឱកាស​ដ៏​ល្អ​​នៅ​ក្នុង​ជីវិត​៕​​​​​​​​​​​​​​​​

ចុចអានបន្ត៖ គូស្នេហ៍ស្រលាញ់គ្នាពិត គេមិនភ្លេចធ្វើរឿងទាំងនេះទេ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម