ការពិតដ៏អាក្រក់ក្នុងជីវិតម្នាក់ៗ គ្រប់គ្នាគួរព្រមទទួលស្គាល់ដើម្បីជាសំណាងវិញមុនពេលជួបព្យុះភ្លៀង

  • 2020-05-18 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​នេះ​ពេញ​ដោយ​រឿង​ចម្រុះ​ជា​ច្រើន ​​ដែល​មិន​មែន​កើត​ឡើង​ត្រឹម​​រឿង​ពណ៌​ស៊ី​ជម្ពូ​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ​ដូច​អ្វី​ដែល​​គ្រប់​គ្នា​ចង់​បាន​ទេ។ ពិភព​លោក​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វះ​ទំនុក​ចិត្ត ​​ជួន​កាល​ត្រូវ​បាត់​បង់​របស់​ជា​ទី​ស្រលាញ់​ទៀត​ក៏​មាន។ ​ការ​ស្ដី​បន្ទោស​ខ្លួន​ឯង​ពេល​ជួប​បញ្ហា ​គឺ​ជា​រឿង​អយុត្តិធម៌​ជា​ទី​បំផុត ​ព្រោះ​គ្មាន​នរណា​ចង់​​បាន​បែប​នេះ​ក្នុង​ជីវិត​ឡើយ។ ម្ល៉ោះ​ហើយ ​មាន​តែ​​ហ៊ាន​ទទួល​ស្គាល់​និង​ផ្លាស់​ប្ដូរ​តាម​វិធី​ដែល​អ្នក​ឃើញ ​​បែប​ងាយ​ៗ កុំ​បង្កើត​ឲ្យ​វា​ស្មុគ​ស្មាញ។

រូបតំណាង

ទាំង​នេះ​ជា​រឿង​អាក្រក់​ក្នុង​ជីវិត តែ​បើ​អ្នក​ហ៊ាន​ទទួល​​យក​ការ​ពិត និង​បង្កើត​វា​ឲ្យ​ទៅ​ជា​រឿង​ធម្មតា​ ​នោះ​អ្នក​នឹង​ពេញ​ដោយ​សំណាង​ល្អ ​ព្រម​ទាំង​មាន​សុវត្ថិភាព​មុន​ពេល​ព្យុះ​ភ្លៀង​ជីវិត​ចូល​មក​ដល់។

១. មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​ខ្វល់​ពី​បញ្ហា​របស់​អ្នក​ឡើយ

​​​​​មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​រអ៊ូ​រទាំ​ពី​​បញ្ហា​ផ្ទាល់​ខ្លួន​ដាក់​អ្នក​ជុំ​វិញ ដើម្បី​ឲ្យ​គេ​ជួយ​ខ្វល់​ពី​រឿង​របស់​ខ្លួន។ ​ការពិត​ទៅ ​មាន​មនុស្ស​យ៉ាង​ច្រើន ​២ -​៣ ​ប៉ុណ្ណេះ​ដែល​នឹង​ខ្វល់​ពី​រឿង​នេះ ​ព្រោះ​​ថា​មនុស្ស​ម្នាក់​ៗ​គេ​សុទ្ធ​តែ​មាន​​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ​ដែរ។ ​ម្ល៉ោះ​ហើយ បើ​អ្នក​ឧស្សាហ៍​និយាយ​រឿង​របស់​ខ្លួន​ប្រាប់​គេ​ពេក ​វា​នឹង​ក្លាយ​ជា​​ធ្វើ​ឲ្យ​គេ​មិន​ស្រណុក​ចិត្ត​ទៅ​វិញ។

រូបតំណាង

២. ប្រើ​ស្ទីល​ជីវិត​ដដែល​ៗ យូរ​ទៅ​នឹង​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់

ចេញ​ពី​ផ្ទះ​ទៅ​ធ្វើការ ហើយ​ចេញ​ពី​ធ្វើការ​មក​ផ្ទះ យូរ​ៗ​ម្តង​ចូល​រួម​កម្មវិធី​របស់​មិត្តភក្កិ។ ​សកម្មភាព​នេះ​យូរ​ៗ​ទៅ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​ធុញ​ទ្រាន់។ ​អ្នក​គួរ​ឆ្លៀត​ពេល​ដើរ​កម្សាន្ត ​រៀន​ភាសា​ថ្មី​ៗ... ​នោះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ​អ្នក​មាន​អ្វី​ថ្មី​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ​អ្នក​ដទៃ​ក៏​ប្រហែល​ធ្លាប់​​ឆ្លង​កាត់​បទពិសោធន៍​នេះ​ដែរ ​ដូច្នេះ​អ្នក​កុំ​មាន​អារម្មណ៍​ទុទ្ទិដ្ឋិនិយម​អី។

រូបតំណាង

៣. មនុស្ស​នៅ​ជុំ​វិញ​អ្នក​ គេ​កាន់​តែ​ក្មេង​ទៅ ស្អាត​ទៅ​ៗ និង​ពូ​កែ​ជាង​អ្នក

មាន​មនុស្ស​ជា​ច្រើន​តែង​​គិត​ថា​ខ្លួន​ជា​មនុស្ស​ពិសេស​លើស​អ្នក​ដទៃ ​ដែល​គំនិត​នេះ​ហើយ​​ធ្វើ​ឲ្យ​​ខ្លួន​ឯង​មោទកភាព​ជ្រុល​។ ​លើស​ពី​នេះ ​នៅ​​ចាត់​ទុក​ខ្លួន​ឯង​ថា​ ​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​បេះ​ដូង​គូ​ស្នេហ៍​និង​តែង​តែ​យល់​ថា​​ខ្លួន​ជា​មនុស្ស​ដែល​គេ​មិន​អាច​បោះ​បង់​ចោល​បាន ។ ​តែ​តាម​ពិត​ទៅ​គំនិត​បែប​នេះ​វា​អាច​ទៅ​រួច​តិច​ណាស់។

ករណី​ផ្សេង​ទៀត ​តែង​យល់​ថា​ខ្លួន​ឯង​ជា​​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ក្រុម​ហ៊ុន ​ហើយ​​ពេល​អន់​ចិត្ត​បន្តិច​បន្តួច​ក៏​ហ៊ាន​ដាក់​ពាក្យ​លា​ឈប់ ព្រោះ​យល់​ថា​​ចៅហ្វាយ​នឹង​ចរចា​សុំ​ឲ្យ​ត្រលប់​មក​ធ្វើ​ការ​វិញ​មិន​ខាន។ ​តែ​ផ្ទុយ​មក​វិញ ​លទ្ធផល​មាន​តែ​អស់​ការងារ​​ធ្វើ ​ដោយ​សារ​តែ​គិត​ថា​ខ្លួន​ឯង​សំខាន់​ពេក។ ​ដូចនេះ​ហើយ ​ក្នុង​ឆាក​ជីវិត​នេះ​អ្នក គួរ​ដឹង​ពី​ទីតាំង​​ដែល​អ្នក​កំពុង​​នៅ​ជាមួយ​​មនុស្ស​ជុំ​វិញ ​ហើយ​ព្យាយាម​ធ្វើ​អត្តចរិត​និង​អាកប្បកិរិយា​ឲ្យ​ល្អ​បំផុត​ទៅ ​គឺ​គ្រប់​គ្រាន់​ហើយ។

រូបតំណាង

៤. កាន់​តែ​ចូល​កៀក កាន់​តែ​ឈឺ​ចាប់

មនុស្ស​ដែល​ស្និទ្ធ​នឹង​អ្នក​ខ្លាំង ​អ្នក​ក៏​នឹង​ត្រូវ​ឈឺ​ចាប់​ដោយសារ​គេ​ខ្លាំង​ដូច​គ្នា ព្រោះ​ពួក​គេ​ជា​ម្នាក់​ដែល​ស្គាល់​​អ្នក​ច្បាស់​ ​ដឹង​ពី​ចំណុ​ច​ខ្លាំង​និង​ខ្សោយ​​របស់​អ្នក​ជាង​គេ។ ​ដូច្នេះ ​ពេល​អ្នក​ទាំង​ពីរ​បែក​បាក់​គ្នា ​នៅ​ពេល​នោះ​ពិត​ជា​ពិបាក​ទទួល​យក​ណាស់​​ ថា​មិត្ត​ភាព​​បាន​បំផ្លាញ​ទៅ​ហើយ។ ​ហេតុ​នេះ ​អ្នក​គួរ​មាន​សតិ​មួយ​មក​រំលឹក ​ដើម្បី​កុំ​ឲ្យ​ជីវិត​ចូល​មក​បង្ខំ​ឲ្យ​អ្នក​ឈឺ​​ចាប់​បាន។

រូបតំណាង

៥. បើ​អ្នក​មិន​ចេះ​គោរព​ខ្លួន​ឯង ​អ្នក​ដទៃ​ក៏​គ្មាន​ថ្ងៃ​គោរព​អ្នក​វិញ​ដូច​គ្នា

​​មុន​ពេល​សុំ​ជំនួយ ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​សិន ​ព្រោះ​បើ​អ្នក​អាង​តែ​លើ​គេ​ពេក ​ថ្ងៃ​ណាមួយ​គេ​នឹង​ធុញ ​ហើយ​នឹង​ចាក​ចោល​អ្នក។ ​ជំនួយ​អាច​សុំ​បាន ​ក្នុង​លក្ខខណ្ឌ​សម​ល្មម តែ​មិន​មែន​សូម្បីតែ​រឿង​តូច​តាច​នោះ​ទេ។ ​​ដូច្នេះ ​ហេតុ​អ្វី​​អ្នក​មិន​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ដើម្បី​សាង​សមត្ថភាព​​ដល់​ខ្លួន​ឯង ដើម្បី​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​​និង​គោរព​អ្នក​វិញ?

រូបតំណាង

៦. សុខភាព​អ្នក​នឹង​កាន់​តែ​យ៉ាប់​ទៅ​ៗ

សុខភាព​របស់​​មនុស្ស​នឹង​កាន់​តែ​​ចុះ​ខ្សោយ​ទៅ​ៗពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​នេះ​ជា​ការ​ពិត​ដ៏​អាក្រក់មួយ ​ដែល​ទាំង​អស់​គ្នា​ត្រូវ​ទទួល​ស្គាល់​ឲ្យ​បាន។ ​ត្រូវ​ដឹង​ថា ​សុខភាព​កាល​ពី​អាយុ២០​ឆ្នាំ ​និង​៣០​ឆ្នាំ​គឺ​ខុសគ្នា ដូច្នេះ​អ្នក​គួរ​គោរព​រាង​កាយ​ខ្លួន​ឯង​ផង។ ​ព្យាយាម​ញ៉ាំ​​អាហារ​ប៉ូវ ​បន្លែ និង​ហាត់​ប្រាណ ​ព្រោះ​មាន​តែ​​សុខភាព​ល្អ​មួយ​ទេ ​ដែល​ជួយ​ឲ្យ​អ្នក​រស់​នៅ​បាន​យូរ ​និង​មាន​សុភមង្គល។

រូបតំណាង

៧. មនុស្ស​ដែល​ស្រលាញ់​អ្នក ​មិន​អាច​រស់​ក្បែរ​អ្នក​អស់​មួយ​ជីវិត​ទេ

​​ច្បាស់​ណាស់​ក្នុង​ជីវិត​នេះ ​ទោះ​ជា​ស្នេហា​មាន​ភាព​ស្រស់​ស្អាត​​និង​រស់​ជាមួយ​គ្នា​យូរ​កម្រិត​ណា ​ប៉ុន្តែ​បុគ្គល​ម្នាក់​នោះ​នឹង​មិន​អាច​រស់​ក្បែរ​អ្នក​រហូត​ឡើយ។ ជីវិត​គ្មាន​អ្នក​ណា​ទស្សន៍ទាយ​ដឹង​មុន​ឡើយ ​ដូច​នេះ​អារម្មណ៍​ក៏​មិន​អាច​បង្ខំ​បាន​ដូច​គ្នា។ ​ប្រហែល​នៅ​ថ្ងៃ​នេះ ​គេ​ស្រលាញ់​អ្នក​ណាស់ ​តែ​ថ្ងៃ​ស្អែក​គេ​នឹង​ស្អប់​ហើយ​ឈប់​ស្រលាញ់​អ្នក​វិញ​ក៏​ថា​បាន។ ​ហេតុ​នេះ ​កុំ​ឲ្យ​ពេញ​មួយ​ជីវិត​និង​ក្តី​ស្រលាញ់​អ្នក​ទៅ​គេ​យ៉ាង​​ប្តូរ​ផ្តាច់​អស់​ពី​ខ្លួន ​ត្រូវ​រក្សា​ទុក​សម្រាប់​ខ្លួន​ឯង​ខ្លះ ​នៅ​ពេល​មាន​រឿង​អ្វី​កើត​ឡើង ​អ្នក​ក៏​អាច​បន្ត​រស់​បាន​យ៉ាង​មាន​ក្តី​​សុខ៕​

អានបន្ត៖ ​វិធីងាយស្រួលទាំង៧ យ៉ាងជួយឲ្យជីវិតរីករាយ ទោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់ក៏ដោយ

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម