៥គន្លឹះមានតម្លៃសម្រាប់ការចិញ្ចឹមកូនពី Mark Zuckerberg ដែលឪពុកម្ដាយគ្រប់រូបគួរដឹង
- 2020-05-15 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥គន្លឹះមានតម្លៃសម្រាប់ការចិញ្ចឹមកូនពី Mark Zuckerberg ដែលឪពុកម្ដាយគ្រប់រូបគួរដឹង
មុនក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គមយក្ស Mark Zuckerberg គឺជាក្មេងប្រុសជនជាតិជីហ្វម្នាក់មកពីគ្រួសារដ៏ជោគជ័យដែលមានឪពុកជាទន្តបណ្ឌិត និងម្ដាយជាគ្រូពេទ្យវិកលចរិត។ លោកមានបងប្អូនស្រី៣នាក់ ដែលសុទ្ធតែជោគជ័យក្នុងជីវិតផ្ទាល់ខ្លួនដូចគ្នា។
មានមនុស្សជាច្រើនបានចោទជាសំណួរថា ហេតុអីក៏ត្រកូល Zuckerberg សុទ្ធតែមានជីវិតជោគជ័យបែបនេះ? តើឪពុកម្ដាយរបស់ពួកគេមានវិធីសាស្ត្រអប់រំកូនបែបណា ទើបអាចឱ្យពួកគេមានសមត្ថភាព និងស្វែងរកជោគជ័យបានដោយខ្លួនឯងបាន?
ថ្ងៃនេះ អ្នកនឹងបានដឹងពីវិធីសាស្ត្រអប់រំដែលស្ថាបនិកក្រុមហ៊ុន Facebook មួយនេះបានទទួលតាំងពីនៅតូច ហើយក៏បានបន្តវេនយកមកប្រើជាមួយកូនៗរបស់លោកទៀត។
ចុចអាន៖ ប៉ា ៥ ប្រភេទខុសៗគ្នាដែលកូនគ្រប់រូបគួរដឹង
១. ទោះរវល់យ៉ាងណា ក៏កុំភ្លេចផ្ដល់ពេលវេលាសម្រាប់កូន
ទោះបីជាម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមយក្សនៅលើពិភពលោកដែលអាចឱ្យលោកកើបលុយដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ Mark នៅតែចំណាយពេលវេលាជាមួយកូនៗរបស់លោកយ៉ាងជាប់លាប់។ ជាក់ស្ដែង ពេលកូនពៅរបស់លោកឈ្មោះ August កើតនៅឆ្នាំ២០១៧ លោកបានដាក់ច្បាប់ឈប់២ខែដើម្បីមើលថែកូន និងប្រពន្ធ។ ដូចគ្នាដែរ កាលពីកំណើតកូនស្រីច្បងឈ្មោះ Maxima កើតនៅឆ្នាំ២០១៥ ក៏លោកដាក់ច្បាប់២ខែដើម្បីទៅមើលថែដែរ។
២. ឱ្យកូនបានចេញទៅឃើញគេឯង និងលេងនៅខាងក្រៅឱ្យបានច្រើន
ក្នុងសារមួយដែលសរសេរទៅកាន់កូនស្រីពៅ Mark បានលើកទឹកចិត្តឱ្យកូនរបស់លោកចេញទៅខាងក្រៅលេង និងបានឃើញគេឃើញឯង។ "កូននឹងរវល់ដកឃ្លាមិនបានទេ ពេលកូនចាស់ទៅ អ៊ីចឹងប៉ាសង្ឃឹមថាកូននឹងចេញទៅស្រូបក្លិនផ្កា និងរើសស្លឹកឈើដែលកូនស្រលាញ់ដាក់ចូលកន្ត្រក"។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោកមិនបាននិយាយពីរឿង Facebook ឬបណ្ដាញសង្គមផ្សេងទៀត ឬសូម្បីតែរឿងអ៊ីនធើណិតទាល់សោះ។
បើមើលឱ្យដល់ទៅ Mark មិនមែនជាមហាសេដ្ឋីបច្ចេកវិទ្យាតែម្នាក់ទេដែលមិនលើកទឹកចិត្តឱ្យកូនខ្លួនឯងប្រើផលិតផលរបស់ខ្លួន។ សូម្បីតែ Bill Gates និង Steve Jobs ក៏ដាក់កំណត់កូនៗក្នុងការប្រើបច្ចេកវិទ្យាក្នុងវ័យដែលពួកគេនៅក្មេងដូចគ្នា។
៣. ប្រាប់កូនៗថា កុំឱ្យពួកគេភ័យ
ពេលកំណើតកូនស្រីច្បង មេ Facebook បានសរសេរសារឱ្យនាងថា "ប៉ានិងម៉ាក់ក៏ដូចឪពុកម្ដាយផ្សេងទៀតលើលោកនេះដែរ! យើងចង់ឱ្យកូនធំឡើងក្នុងពិភពមួយដែលភ្លឺថ្លា និងល្អបរិសុទ្ធជាងកាលជំនាន់របស់ពួកយើង!” ហើយពេលកូនពៅ August កើតមក លោកក៏សរសេរទៅកាន់នាងក្នុងខ្លឹមសារថា "កូនប៉ា! កុមារភាពប្រៀបដូចវេទមន្តអ៊ីចឹង! កូនអាចធ្វើជាក្មេងបានតែម្ដងប៉ុណ្ណោះក្នុងមួយជីវិត អ៊ីចឹងកុំចំណាយវាជាមួយនឹងភាពភ័យខ្លាច ឬព្រួយបារម្ភរឿងអនាគតច្រើនពេក! កូនមានម៉ាក់និងប៉ាគិតរឿងនេះឱ្យកូនហើយ ប៉ានិងម៉ាក់នឹងធ្វើគ្រប់យ៉ាងដើម្បីប្រាកដថា ពិភពលោកនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់កូន និងកូនៗរបស់កូនទៅអនាគតបន្តទៀត!”
ចុចអាន៖ ចង់ចិញ្ចឹមកូនឱ្យដើរតាមគន្លងធម៌ ឪពុកម្ដាយត្រូវដឹងពីចំណុចទាំង៧នេះ
៤. បង្ហាញទំនួលខុសត្រូវក្នុងនាមជាឪពុកម្ដាយ
លោកវេជ្ជបណ្ឌិត Edward Zuckerberg ដែលជាឪពុករបស់ម្ចាស់ Facebook បានរៀបរាប់ក្នុងកម្មវិធីវិទ្យុមួយនៅអាមេរិកពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់លោកនិងភរិយាដែលនាំឱ្យកូនប្រុសរបស់លោកឈានទៅដល់ការបង្កើតក្រុមហ៊ុន Facebook និងអាចក្លាយជាមហាសេដ្ឋីដូចសព្វថ្ងៃថា៖ ពេល Mark នៅតូច គេតែងមើលឃើញប៉ានិងម៉ាក់របស់គេមានទំនួលខុសត្រូវលើភាពជាឪពុកម្ដាយ ហើយធ្វើការងារនៅផ្ទះតែម្ដង។ ខ្ញុំក៏ប្រាប់ទៅកូនៗថា បើកូនអាចធ្វើការនៅផ្ទះបាន គឺល្អបំផុត ព្រោះអាចមើលថែកូនៗរបស់កូនហើយ អាចរកលុយចូលផ្ទះបានទៀត មិនបាច់ទៅណាឆ្ងាយ។
៥. ស្វែងយល់ពីចំណូលចិត្តរបស់កូន និងលើកទឹកចិត្តពួកគេឱ្យធ្វើវា
លោកវេជ្ជបណ្ឌិត Edward និយាយបន្តថា "អ្វីដែលល្អបំផុតក្នុងការចិញ្ចឹមកូន សម្រាប់ខ្ញុំអាចនិយាយបានថាជាអ្វីដែលខ្ញុំនិងភរិយាតែងជឿជាក់ និងធ្វើដាក់កូនៗ! របស់នោះគឺ ការស្វែងយល់ពីចំណុចខ្លាំងរបស់កូនៗ និងគាំទ្រពួកគេឱ្យធ្វើអ្វីដែលខ្លួនចង់ធ្វើ ជាជាងដាក់បន្ទុក ឬកំណត់គោលដៅជីវិតសម្រាប់ពួកគេ"៕