អាហារ ៦ ប្រភេទ ដែលអាចជួយប៉ូវលំពែងបានយ៉ាងល្អ

  • 2020-05-12 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លំពែង​ជា​​សរីរាង្គ​សំខាន់​​មួយ​សម្រាប់​ជួយ​​​ដល់​ការ​រំលាយ​អាហារ។ វា​មិន​ត្រឹម​តែ​មាន​មុខងារ​​គ្រប់គ្រង​​និង​បន្សាប​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​អង់ស៊ីម សម្រាប់​ជួយ​រំលាយ​សារធាតុ​កាបូអ៊ីដ្រាត ប្រូតេអ៊ីន និង​លីពីត​ផង​ដែរ។ បើ​លំពែង​របស់​អ្នក​មាន​សុខភាព​ល្អ វា​នឹង​អាច​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​រាង​កាយ​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរការ​ល្អ​។

ខាង​ក្រោម​នេះ គឺ​ជា​បណ្តុំ​អាហារ​ដែល​​ដើរ​តួនាទី​សំខាន់​សម្រាប់​ជួយ​ប៉ូវ​លំពែង​។

១. ល្មៀត

​​​​ល្មៀត​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ថ្នាំ​ធម្មជាតិ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​អាការៈ​រោល​រលាក អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់ នៅ​ពេល​ដែល​​អ្នក​មាន​អារម្មណ៍​ថា​ក្តៅ​ក្រហាយ​​​ក្នុង​លំពែង។ មិន​តែ​ប៉ុណ្ណោះ វា​អាច​​ជួយ​​ជំរុញ​ក្នុង​ការ​ផលិត​អាំងស៊ុយលីន​ក្នុង​លំពែង ធ្វើ​ឲ្យ​រាង​កាយ​បម្លែង​ជាតិ​ស្ករ​បាន​ល្អ និង​ការពារ​​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង​។

២. ខ្ទឹម​ស​និង​ទឹក​ឃ្មុំ

​​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​​​ហើយ ពី​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ខ្ទឹម​ស​និង​ទឹកឃ្មុំ​​ ពេល​ក្រពះ​នៅ​ទទេ​។ ខ្ទឹម​ស​មាន​សារធាតុ​អង់ទីប៊ីយ៉ូទីក​​​​ធម្មជាតិ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​ទ្វេ​ដង​នៅ​ពេល​​ញ៉ាំ​បញ្ចូល​ជាមួយ​នឹង​អាហារ​ដទៃ​ទៀត​។ ក្នុង​នោះ​រួម​មាន ទឹក​ឃ្មុំ ខ្ទឹម​បារាំង គ្រាប់​សណ្តែក​ជាដើម​។ ការ​ញ៉ាំ​គួប​ផ្សំ​គ្នា​បែប​នេះ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​របស់​រាងកាយ​កាន់​តែ​រឹងមាំ ជួយ​ជួសជុល​​កោសិកា​ខាង​ក្នុង​នៃ​រាងកាយ ជាពិសេស​គឺ​លំពែង​តែ​ម្តង​។

៣. កូន​ស្ពៃ

វា​មាន​វីតាមីន​ B និង​ជាតិ​ដែក​ខ្ពស់ ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​លំពែង។ អ្នក​អាច​ញ៉ាំ​កូន​ស្ពៃ​ជាមួយ​នឹង​ខ្ទឹម​បារាំង ធ្វើ​ជា​សាលាដ​ ដើម្បី​ឲ្យ​លំពែង​កាន់​តែ​​មាន​សុខភាព​ល្អ​។ លើស​ពី​នេះ​ទៅ​ទៀត កូន​ស្ពៃ​មាន​ផ្ទុក​​សារធាតុ​ម្យ៉ាង​ហៅ​ថា​ MGDG ដែល​ជា​​ភ្នាក់ងារ​ចម្បង​ក្នុង​ការ​ទប់​ស្កាត់​ពី​ហានិភ័យ​នៃ​ជំងឺ​មហារីក​លំពែង​។

៤. ផ្កា​ខាត់ណា​បៃតង

ផ្កា​ខាត់ណា​បៃតង រួម​ទាំង​​បន្លែ​ផ្សេង​ទៀត​ដូច​ជា ស្ពៃ​ក្តោប ផ្កា​ខាត់ណា​ស​ ដើម​ស្ពៃ សុទ្ធ​សឹង​តែ​ជា​បន្លែ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​លំពែង​បាន​យ៉ាង​ល្អ​។ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​រាង​កាយ​ស្លីម​ស្អាត បណ្តេញ​ជាតិ​ពុល​ និង​ជៀស​ផុត​ពី​ជំងឺ​នានា។

៥. ទំពាំងបាយជូរ​ពណ៌​ក្រហម

វា​មាន​សារធាតុ​សំខាន់​ច្រើន​មុខ ជាពិសេស​​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម ​ដែល​អាច​ជួយ​កាត់បន្ថយ​​អាការៈ​រលាក​ក្រហាយ​ក្នុង​លំពែង និង​កម្ចាត់​កោសិកា​មហារីក។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ស្រស់ ប្រសើរ​ជាង​របស់​កែ​ច្នៃ​។

៦. ដំឡូង​ផ្អែម

​​​មិន​ត្រឹម​តែ​មាន​រូប​រាង​ស្រដៀង​តោ​នឹង​លំពែង​ប៉ុណ្ណោះ​ទេ ដំឡូង​ផ្អែម​ក៏​មាន​នាទី​ជួយ​កាត់បន្ថយ​ពី​ហានិភ័យ​នៃ​ជំងឺ​មហារីក​លំពែង​ដល់​ទៅ ៥០​%។ វា​អាច​ជួយ​រក្សា​លំនឹង​​នៃ​កម្រិត​ជាតិស្ករ​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​ផង​ដែរ។

​វិធី​សំខាន់​ៗ​បន្ថែម​ ដើម្បី​រក្សា​​លំពែងឲ្យ​មាន​សុខភាព​ល្អ​។

​ជៀសវាង​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ​អាហារ​ដែល​វេច​ខ្ចប់​ស្រាប់ និង​អាហារ​ដែល​មាន​សារធាតុ​​កាបូអ៊ីដ្រាត ព្រោះ​វា​​​ធ្វើ​ឲ្យ​លំពែង​មិន​អាច​ផលិត​អាំងស៊ុយ​លីន​បាន​ពេញលេញ​។

ផឹក​ទឹក​ឲ្យ​បាន​ច្រើន ជា​វិធី​សំខាន់​សម្រាប់​ជួយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ និង​បញ្ហា​នានា​ដែល​អាច​កើត​មាន​ចំពោះ​លំពែង​របស់​អ្នក៕

ចុចអានបន្ត៖ ម៉ាក់ៗគួរដឹង! ៣ ទីតាំងមានសុវត្ថិភាពបំផុតសម្រាប់កូនក្នុងផ្ទៃ​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម