បើអ្នកជាមនុស្សឆ្លាតមែន នឹងមិនរារាំងខ្លួនឯងដោយសារតែរឿង៤យ៉ាងនេះ

  • 2020-04-27 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​រំខាន​​និង​បញ្ហា​ក្នុង​ជីវិត​របស់​មនុស្ស​បច្ចុប្បន្ន​ ភាគ​​ច្រើន​ចេញ​ពី​រង្វង់​ផ្លូវ​ចិត្ត។ នៅ​ពេល​អ្នក​មិន​សូវ​រង​ការ​ប៉ះ​ពាល់​ពី​មជ្ឈដ្ឋាន​​ខាង​ក្រៅ ​ចិត្ត​អ្នក​ប្រែ​ជា​ធម្មតា ​ហើយ​មើល​ឃើញ​ពិភព​លោក​ប្រែ​ជា​បរិសុទ្ធ​។ ​មិន​ថា​អ្នក​បាន​ងូត​ទឹក​ផ្កា​ក្រអូប ​ឬ​​គ្រប់​គ្នា​ឱន​លំទោន​អ្នក​ទេ ​ព្រោះ​សេច​ក្តី​សុខ​ពិត​ប្រាកដ​គឺ​នៅ​ពេល​គ្មាន​ឧបសគ្គ​ក្នុង​គំនិត​​របស់​អ្នក​ទៅ​វិញ​ទេ។ ​ដូច្នេះ​ហើយ ​​មនុស្ស​ឆ្លាត​នឹង​មិន​រា​រាំង​សេចក្តី​សុខ​ខ្លួន​ឯង​ដោយ​រឿង​៤​យ៉ាង​ខាង​ក្រោម៖

១. ​មិន​រា​រាំង​ខ្លួន​ឯង​ដោយសារ​តែ​អាយុ

​តើ​វ័យ​មួយ​ណា​​ដែល​​​​មាន​ន័យ​បំ​ផុត​​ក្នុង​ជីវិត​មនុស្ស​នោះ​? ​អ្នក​មាន​អាយុ​២០​ឆ្នាំ? ៣០​ឆ្នាំ​? ​ឬ​៤០​ឆ្នាំ? ​តាម​ពិត ​វ័យ​ដែល​ស្អាត​ និង​​មាន​ន័យ​បំផុត​របស់​មនុស្ស​គឺ ​​"​ការ​មិន​ព្រម​ចាស់​តាម​អាយុ​" ជា​រៀង​រហូត។ ​​​​មិន​ថា​អ្នក​មាន​អាយុ​៣០​នោះ​ទេ ​ក៏​នៅ​តែ​ដូច​​អាយុ​១៥​ឆ្នាំ​បាន​ដែរ ​បើ​សិន​​អ្នក​រស់​ជាមួយ​ទំនុក​ចិត្ត​និង​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ។ ​ម្ល៉ោះ​ហើយ ​​មិន​ថា​អ្នក​មាន​អាយុ​៤០​ឆ្នាំ ​ក៏​អាច​ដូច​២០​ឆ្នាំ​បាន​ដែរ ​ឲ្យ​តែ​អ្នក​ត្រួស​ត្រាយ​ខ្លួន​ឯង​លើ​ផ្លូវ​ឲ្យ​បាន​ល្អ ​នោះ​អាយុ​ប៉ុន្មាន​ក៏​មិន​សំខាន់​ដែរ។

២. ​មិន​រារាំង​ខ្លួន​ឯង​ដោយសារ​តែ​​គម្លាត

​ក្នុង​ជីវិត​នេះ ​តែ​ង​តែ​មាន​អ្នក​ដែល​រស់​នៅ​​សម​ប្រកប​ជាង​​អ្នក ​រស់​នៅ​រីក​រាយ​ជាង​​អ្នក ​និង​​ថែម​ទាំង​មាន​អ្វី​​ច្រើន​​យ៉ាង​ជាង​អ្នក។ ​​មួយ​ក្នុង​ចំណោម​ជំ​ងឺ​ធំ​បំ​ផុត​ក្នុង​​ទំនាក់​ទំនង​សង្គម​​បច្ចុប្បន្ន ​គឺ​ចូល​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ឯង​និង​អ្នក​ដទៃ។ ​

​នៅ​អាមេរិច​ខាង​ត្បូង ​មាន​អំបូរ​បក្សី​មួយ​ប្រភេទ​មាន​ច​រិត​ខុស​ពី​គេ​ឯង ។ ​កាល​ណា​រាង​​កាយ​វា​កាន់​តែ​តូច ​វា​ប្រឹង​ធ្វើ​​សំបុក​កាន់​តែ​ធំ។ សំបុក​របស់​វា​ខ្លះ​ធំ​ជាង​មាឌ​ដល់​២ -​៣ ​ដង​ក៏​មាន។ ​អ្នក​​​ចិត្ត​​វិទ្យា​​ខាង​សត្វ​បក្សី​រក​ឃើញ​ថា ​​បើ​សិន​បក្សី​នេះ​​រស់​នៅ​តែ​ឯង​ដោយ​គ្មាន​បក្សី​ដទៃ​រស់​នៅ​ក្បែរ​ ​វា​គ្រាន់​តែ​ធ្វើ​សំបុក​តូច​ល្មម​សម្រាប់​វា​រស់​នៅ​​ប៉ុណ្ណោះ។ ​តែ​បើ​មាន​បក្សី​​​ណា​មក​រស់​នៅ​ក្បែរ​វា​ដែរ ​វា​តែង​មាន​គំនិត​សម្តែង​អំណាច​ដោយ​ការ​ធ្វើ​សំបុក​ដើម្បី​ប្រៀប​ធៀប។ ​​ពេល​ឃើញ​​បក្សី​មួយ​ទៀត​​ធ្វើ​សំបុក​ធំ​​ជាង​វា​បន្តិច ​វា​នឹង​ប្រឹង​ធ្វើ​សំបុក​ឲ្យ​ធំ​​ជាង​សំបុក​បក្សី​នោះ​។ ​ទោះ​ជា​វា​​អស់​កម្លាំង ​ក៏​វា​មិន​បញ្ឈប់​ដែរ។ ​វា​នៅ​តែ​រក្សា​គំនិត​នេះ ​រហូត​ទាល់​តែ​មាន​ម្ខាង​​អស់​កម្លាំង​ដល់​ស្លាប់ ​ទើប​ម្ខាង​ទៀត​ព្រម​ឈប់។

​ការ​ប្រៀប​ធៀប​រវាង​មនុស្ស​វិញ ​ក៏​មិន​ខុស​គ្នា​ខ្លាំង​ពី​រឿង​របស់​បក្សី​ខាង​លើ​ដែរ។ ​​បើ​អ្នក​ប្រឹង​អង្គុយ​តែ​ប្រៀប​​ធៀប​ខ្លួន​ឯង ​នោះ​ចុង​បញ្ចប់​ បុគ្គល​ដែល​អស់​កម្លាំង​ក្នុង​ការ​ពង្រីក​សំបុក​​រហូត​ដល់​ស្លាប់​គឺ​ជា​ខ្លួន​អ្នក​ផ្ទាល់។

៣. កុំ​រារាំង​ខ្លួន​ឯង​ដោយ​គិត​ថា​ហួស​ពេល​ហើយ​កុំ​បារម្ភ​អំ​ពី​អ្វី​ដែល​មិន​ទាន់​កើត​ឡើង

​​​តើ​ការ​វេទនា​បំផុត​នៅ​ក្នុង​​ជីវិត​គឺ​ជា​អ្វី? ​​តើ​អ្នក​​កំពុង​ចង​ខ្លួន​ឯង​ជាប់​នឹង​អតីត​កាល​ហើយ​​ខ្វល់​ខ្លាំង​ពី​រឿង​ដែល​មិនទាន់​កើត​ឡើង​ដែរ​ឬ​ទេ? អ្នក​ដឹង​ទេ ​បើ​អ្នក​រស់​នៅ​ជាមួយ​អតីតកាល​រហូត ​មិន​ខុស​ពី​​ចង​ខ្លួន​​ឯង​​នោះ​ទេ ​ព្រោះ​ជីវិត​ប្រៀប​ដូច​ចុះ​នរក​ខ្មៅ​ងងឹត​ គ្មាន​ពន្លឺ។ ចំណែក​មនុស្ស​ដែល​រស់​នៅ​​ខ្វល់​ជ្រុល​លើ​រឿង​ដែល​មិន​ទាន់​កើត​ឡើង អារម្មណ៍​ពេញ​ដោយ​ការ​​ជ្រួល​ច្របល់ ​និង​ក្រៀម​ក្រំ​នោះ​​ក៏​ជីវិត​គ្មាន​ថ្ងៃ​មាន​សុខ​សុវត្ថិភាព​ឡើយ។

ព្រះ​សង្ឃ​មួយ​អង្គ​មាន​សង្ឃ​ដីកា​ទៅ​ឧបាសក​ម្នាក់​ថា ៖ ប្រសិន​បើ​ញោម​ដើរ​ទៅ​មុខ​​ត្រូវ​ស្លាប់ តែ​បើ​ថយ​ក្រោយ​ក៏​នឹង​ស្លាប់​ដូច​គ្នា ​តើ​ញោម​សម្រេច​នឹង​ធ្វើ​បែប​ណា​? ឧបាសក​នោះ​តប​វិញ​ថា ៖ ​អាត្មា​នឹង​ដើរ​ទៅ​ជ្រុង​ម្ខាង​ទៀត។

​​ន័យ​នេះ​ចង់​សំដៅ​ថា ​ក្នុង​ជីវិត​មនុស្ស​ក៏​ដូច​គ្នា ​ពេល​អ្នក​មាន​អារម្មណ៍​​ថា​ជាប់​គាំង ​ត្រូវ​តែ​ប្រញាប់​ប្តូរ​ទិស​ដៅ នោះ​អ្នក​នឹង​រក​ឃើញ​​ផ្លូវ​ចេញ​មិន​ខាន។ ​ត្រូវ​ចាំ​ថា ​ច្រក​មិន​​មែន​មាន​តែ​មុខ​និង​ក្រោយ​នោះ​ទេ ដូច្នេះ​​វា​តែង​តែ​មាន​វិធី​​ដោះ​ស្រាយ​ជា​និច្ច។

៤. ​មិន​រា​រាំង​ខ្លួន​ដោយសារ​តែ​រវល់​ផ្គាប់​ចិត្ត​អ្នក​ដទៃ

​ក្នុង​ជីវិត ​តើ​អ្វី​ដែល​ជា​រឿង​លំបាក​បំ​ផុត​? ​នោះ​គឺ​​រៀន​​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត ​ព្រោះ​​ជីវិត​អ្នក​មាន​តែ​ម្តង​គត់ ​ដូច្នេះ​កុំ​ចេះ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​គ្រាំ​គ្រា ​ចង​ចាំ​តែ​រឿង​មិន​ល្អ ​បង្ខំ​ខ្លួន​ឯង​​ឲ្យ​ធ្វើ​តាម​អ្នក​ដទៃ​អី។ ​មិន​ថា​អ្នក​​ស្ថិត​ក្នុង​វ័យ​ណា​ទេ ​អ្នក​ត្រូវ​តែ​រៀន​ពី​របៀប​ធ្វើ​ឲ្យ​ជីវិត​រីក​រាយ​ក្នុង​បច្ចុប្បន្នកាល។ ​​អ្នក​គួរ​តែ​លើក​លែង​ទោស​​ចំពោះ​ខ្លួន​ឯង​ថា ​​អ្នក​មិន​មែន​កើត​មក​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ​​ហេតុ​នេះ​ហើយ ​ត្រូវ​រក្សា​គោល​ជំហ​​វិជ្ជមាន ​​និង​មិន​បោះ​បង់។ ពេល​អ្នក​ដែល​អ្នក​ដើរ​ចូល​ក្នុង​ពិភពលោក​នេះ ​គឺ​អ្នក​គួរ​តែ​រស់​នៅ​ឲ្យ​បាន​សុខ​រៀង​រាល់​ថ្ងៃ​៕​​

​អាន​បន្ត​៖ ​ ពេល​ជួប​ស្ថានភាព​លំបាក​ទាំង​១៦​ បើអាចប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​ទាំង​នេះ ជីវិត​នឹង​រឹងមាំ​ឡើង​វិញ

​​​ ​

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម