មេរៀនស្នេហា ៦ យ៉ាង គួររៀនពីគ្រូពេទ្យជួរមុខនៃកូវីដ១៩

  • 2020-04-24 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​គ្នា​ត្រូវ​សម្រប​ខ្លួន​ទទួល​យក​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ រួម​​បញ្ចូល​ទាំង​ទំនាក់ទំនង​​មិត្តភាព​និង​ស្នេហា​ផង​ដែរ។ ក្នុង​អំឡុង​ពេល​ដ៏​​តឹង​តែង ​មាន​បញ្ហា​​​រាប់​មិន​អស់​​ត្រូវ​ប្រឈម ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​ជា​ច្រើន​​​ត្រូវ​ជួយ​សង្គ្រោះ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ជួរ​​មុខ​ក៏​​​មិន​​អាច​ភ្លេច​​រឿង​សំខាន់​មួយ​ទៀត​ ​គឺ​​​ការ​ថែរក្សា​ស្នេហា​​​របស់​ពួក​គេ​ឲ្យ​​បាន​រឹង​មាំ។

គូ​ស្នេហ៍​​គ្រូ​ពេទ្យ​ជួរ​មុខ​មួយ​ចំនួន​ជា​គូ​ដណ្ដឹង​នឹង​គ្នា អ្នក​ខ្លះ​ត្រូវ​រៀប​គម្រោង​​កំណត់​ថ្ងៃ​រៀប​ការ​សាជាថ្មី ឯ​គូ​ផ្សេង​ទៀត ត្រូវ​បត់​បែន​តាម​ស្ថាន​ការណ៍​ដូច​ជា​ ​​រស់​នៅ​ឆ្ងាយ​ពី​គ្នា ឬ​មិន​សូវ​បាន​ជួប​មុខ​​ជា​ដើម។

​​​​​​​ក្នុង​នោះ​ដែរ​មាន​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ជា​ច្រើន​គូ ដែល​បាន​ចែក​រំលែក​មេរៀន​ស្នេហា​ល្អ​ៗ​ដើម្បី​ឲ្យ​គូ​ស្នេហ៍​គ្រប់​រូប​ស្វែង​យល់​​និង​​អាច​ការពារ​​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក​​បែប​ណា​ក៏​ដោយ​។

មេរៀន​ទី​​១. គ្មាន​អ្វី​ចាំ​បាច់​ជាង​​​មនុស្ស​ពីរ​នាក់​ដែល​ស្រលាញ់​គ្នា​នោះ​ទេ

​មួយ​ឃ្លា​​នេះ​ចង់​សំដៅ​ទៅ​លើ​គ្រូពេទ្យ​Rachel Hohman និង​គូ​ដណ្តឹង​​មាន​​​ឈ្មោះ​ថា Alan ដែល​​ត្រូវ​បាន​ចាត់​តាំង​​ជា​គ្រូពេទ្យ​ជួរ​មុខ និង​ជា​មនុស្ស​ដែល​គ្រប់​គ្នា​ត្រូវ​ការ​ចាំ​បាច់​បំផុត​នៅ​ក្នុង​មន្ទីរពេទ្យ​។ ពួក​គេ​មាន​គម្រោង​រៀប​ការ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ប៉ុន្តែ​ដោយ​សារ​​មាន​ជំងឺ​កាច​សាហាវ​ផុស​ឡើង​មួយ​រំពេច អ្វី​ៗ​​បាន​ប្រែ​ប្រួល​ហួស​ពី​ការ​ស្មាន។ ទោះ​ជា​បែប​នេះ​ក្តី មង្គល​ការ​នៅ​តែ​មិន​អាច​បញ្ឈប់​នោះ​ឡើយ ព្រោះ​​គ្រូពេទ្យ​មួយ​គូ​​នេះ បាន​សម្រេច​ចិត្ត​រៀប​​ការ​តែ​២​នាក់​ដោយ​មាន​លោក​អាចារ្យ​ម្នាក់​ជា​សាក្សី មាន​ប៉ាម៉ាក់​និង​បងប្អូន​បង្កើត​គឺ​គ្រប់​គ្រាន់​ហើយ។ ពួក​គេ​យល់​ថា ​ការ​​​​ស្បថ​ស្បែ​​សច្ចា សន្យា​ស្រលាញ់​គ្នា​ពេញ​មួយ​ជីវិត មិន​មែន​ស្ថិត​នៅ​​លើ​ចំនួន​អ្នក​ចូលរួម​​ធ្វើ​ជា​សាក្សី​នោះ​ទេ​ ប៉ុន្តែ​វា​ជា​រឿង​​​ចាំ​បាច់​រវាង​មនុស្ស​ពីរ​នាក់​ដែល​មាន​ក្តី​​ស្រលាញ់​​ឲ្យ​គ្នា​ពិត​ប្រាកដ​។

មេរៀន​ទី​​​​​​២. គម្លាត​ដែល​​មិន​សូវ​បាន​ជួប​មុខ​គ្នា ​ធ្វើ​ឲ្យ​​បេះដូង​កាន់​តែ​ដិត​ដាម​ជាមួយ​ដៃគូ

​Lauren Romano បាន​​ស្វែង​យល់​ពី​​មេរៀន​​ស្នេហា​មួយ​ ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​ផ្ទុះ​ឡើង​បែប​នេះ​។ នាង​បន្ត​ភាព​អត់ធ្មត់ ​​ទន្ទឹង​រង់ចាំ​ថ្ងៃ​ចូល​រោង​​ការ​ជាមួយ​គូ​ដណ្តឹង​ និង​អាច​ចាប់​ផ្តើម​ជីវិត​គ្រួសារ​ជាមួយ​គ្នា​។ នាង​ជឿជាក់​ថា គម្លាត​ដែល​បាន​ផ្តាច់​​ចេញ​​មួយ​រយៈ ការ​ដែល​មិន​បាន​ស្និទ្ធស្នាល​ដូច​មុន ពិត​ជា​ធ្វើ​ឲ្យ​បេះដូង​កាន់​តែ​ដិត​ដាម​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​​កាន់​តែ​យល់​​ពី​តម្លៃ ដែល​ធ្លាប់​​បាន​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា។

មេរៀន​ទី​៣៖ ការ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា​​​ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន

Max ហើយ​និង​Greta ជា​វេជ្ជបណ្ឌិត​ប្រចាំការ​នៅ​ផ្នែក​​សង្គ្រោះ​បន្ទាន់​នៃ​ប្រទេស​អូស្រ្តាលី និង​​ត្រូវ​រៀប​ការ​ នៅ​ថ្ងៃ​ទី​​១១ ខែ​មិថុនា ឆ្នាំ​២០២០។ ជំនួស​ឲ្យ​ការ​ប្រារព្ធ​ពិធី​នៅ​​ព្រះវិហារ​​​ក្នុង​ថ្ងៃ​ពិសេស ពួក​គេ​បាន​​ត្រឹម​បន្សល់​ស្នាម​ថើប​​នៅ​ចំពោះ​មុខ​អ្នក​កើត​​ជំងឺ​កូវីដ​​​ក្នុង​មន្ទីរ​ពេទ្យ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍។ ដោយ​សារ​មាន​​តួនាទី និង​កាតព្វកិច្ច​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ ទើប​គ្រូពេទ្យ​ជួរ​មុខ​មួយ​គូ​នេះ​ ត្រូវ​ពន្យារ​ពេល​រៀប​ការ​។ អ្វី​ដែល​សំខាន់​បំផុត គឺ​ពួក​គេ​បាន​ឃើញ​មនុស្ស​​ជុំ​វិញ​ខ្លួន​មាន​សុវត្ថិភាព និង​បាន​ធូរ​ស្បើយ​​ទាំង​អស់​គ្នា។ ជាពិសេស​ការ​មើល​ថែរក្សា​និង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជា​រឿង​មិន​​អាច​ខ្វះ​បាន​ ក្នុង​ស្ថានភាព​បែប​នេះ​។

​​​​​​​​​​​​មេរៀន​ទី​៤៖ ភាព​អត់ធ្មត់​និង​គំនិត​វិជ្ជមាន​ជា​​ធាតុផ្សំ​សំខាន់​សម្រាប់​ស្នេហា

​Rawan Khanafer ជា​ឱសថការី ​ម្នាក់ ដែល​មាន​គូដណ្តឹង​ កំពុង​បំពេញ​តួនាទី​ជា​គ្រូពេទ្យ​ជួរ​មុខ​ ដែល​តម្រូវ​ឲ្យ​រស់​នៅ​កន្លែង​ផ្សេង​គ្នា។ ក្រៅ​ពី​ប្រឈម​នឹង​​បញ្ហា មមាញឹក​នឹង​ការងារ និង​ពេលវេលា​ខុស​គ្នា នាង​យល់​ឃើញ​ថា ការ​ពិត​ធាតុផ្សំ​សំខាន់​បំផុត​​សម្រាប់​ស្នេហា គឺ​ជា​ភាព​អត់​ធ្មត់ និង​​​គំនិត​វិជ្ជមាន។ ដើម្បី​​ការពារ​ស្នេហា​ឲ្យ​បាន​គង់វង្ស​ក្នុង​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន គូ​ស្នេហ៍​​ត្រូវ​បង្កើន​គំនិត​សុទិដ្ឋិនិយម ការ​លើក​ទឹក​ចិត្ត និង​ភាព​អំណត់​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​។

មេរៀន​ទី​៥៖ ទុក​ចិត្ត​ដៃ​គូ​របស់​អ្នក

​​​​​ការ​ត្រូវ​រស់​នៅ​​ឆ្ងាយ​​​ពី​គ្នា ដោយ​សារ​តែ​មាន​កាតព្វកិច្ច​ត្រូវ​បំពេញ​រៀងៗ​​ខ្លួន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ប៉ុន្តែ​ដំណោះ​ស្រាយ​ដ៏​ល្អ​ មាន​តែ​ការ​ទុក​ចិត្ត​គ្នា​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​អ្នក​ជឿជាក់​លើ​​ដៃ​គូ​ យល់​ពី​កាលៈទេសៈ មាន​​ហេតុផល​ច្បាស់​លាស់ នោះ​ស្នេហា​មិន​អាច​ដាច់​រហែក​ដោយ​ងាយ​ឡើយ​។

មេរៀនទី​៦៖ ស្នេហា​គ្មាន​មិន​កំណត់​​លក្ខខណ្ឌ​ឡើយ

​Natalie Spiller ជាអ្នកជំនាញផ្នែកចិត្តសាស្រ្ត​ បាន​និយាយ​ថា​​​ដោយ​សារ​តែ​មាន​ការ​​បិទ​​ច្រក​ចេញ​ចូល​មួយ​ចំនួន​ ធ្វើ​ឲ្យ​​នាង​គូ​ស្នេហ៍​​មិន​អាច​ជួប​មុខ​គ្នា​ដូច​មុន​​នោះ​ទេ។ ពួក​គេ​បាន​ត្រឹម​និយាយ​គ្នា​តាម​ទូរសព្ទ ហើយ​ក៏​ជួប​ប្រទះ​បញ្ហា​ស្មុគស្មាញ​ផ្នែក​ផ្លូវ​ចិត្ត រួម​ទាំង​​បញ្ហា​លុយ​កាក់ ប៉ុន្តែ​ឧបសគ្គ​​​ទាំង​នោះ​​មិន​អាច​រារាំង​ក្តី​ស្រលាញ់​របស់​​អ្នក​ទាំង​ពីរ​​បាន​ឡើយ​ ព្រោះ​ស្នេហា​ពិត​មិន​អាច​​កំណត់​គ្មាន​លក្ខខណ្ឌ​នោះ​​ទេ៕

ចុចអានបន្ត៖ ទង្វើ ៥ យ៉ាង​បង្ហាញ​ថា​បុរស មិន​ទាន់​ស្រលាញ់​អ្នក​អស់​ពី​បេះដូង​គេ​ទេ

​​​​​​​

ប្រភព៖ brides ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម