នារី​៥​ប្រភេទ​ដែល​អាចក្លាយ​ជា​សេដ្ឋិនី​ទៅ​ថ្ងៃ​មុខ

  • 2020-04-14 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ស្រមៃ​ថា​បាន​ក្លាយ​ជា​អ្នក​មាន​ដែរ តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ​។ បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​របស់​អ្នក​ដែល​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​ប្រាក់​ច្រើន​ ទាមទារ​ឱ្យ​មាន​ការ​គិត​ទាំង​៥​ចំណុច​ដូច​ខាង​ក្រោម​ ជា​ពិសេស​បើ​នារី​ណា​ដែល​អាច​គិត​បែប​នេះ​បាន ថ្ងៃ​ក្រោយ​នាង​នឹង​ក្លាយ​ជា​សេដ្ឋិនី និង​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​មិន​ខាន​។

១- នារី​ដែល​ឱ្យ​តម្លៃ​លើ​ចំណេះដឹង​ពិត​ប្រាកដ​ច្រើន​ជាង​កម្រិត​សញ្ញាប័ត្រ​៖

មនុស្ស​ភាគ​ច្រើន​គិត​ថា សញ្ញាប័ត្រ​កាន់​តែ​ខ្ពស់ ឱកាស​ជោគជ័យ​និង​ក្លាយ​ជា​អ្នក​មាន​ក៏​មាន​កាន់​តែ​ច្រើន​ដែរ​។ ប៉ុន្តែ​មាន​បុគ្គល​ជោគជ័យ​ច្រើន​ណាស់​ដែល​មិន​ធ្លាប់​មាន​សញ្ញាប័ត្រ​ខ្ពស់ ឬ​សូម្បី​តែ​រៀន​បាន​ច្រើន។ ផ្ទុយ​ទៅ​វិញ ចំណេះដឹង​ពិត​ប្រាកដ​ទើប​ជា​វិថី​នាំ​បុគ្គល​ទៅ​រក​ជោគជ័យ និង​អាច​វិនិយោគ​ខ្លួន​ទៅ​រក​តំណែង​ជា​អ្នក​មាន​ពិត​ប្រាកដ​បាន​។

២- នារី​ដែល​មើល​ឃើញ​លុយ​ជា​ហ្គេម៖

ហ្គេម​នៅ​ទី​នេះ គឺ​សំដៅ​លើ​ការ​បណ្ដាក់​ទុន និង​ខិត​ខំ​វិនិយោគ​បន្ថែម​។ ហេតុ​អ្វី​មហា​សេដ្ឋី​ជា​ច្រើន​ដែល​មាន​លុយ​ចាយ​មិន​អស់​ហើយ នៅ​តែ​ប្រឹង​ធ្វើ​ការ​បន្ថែម? នេះ​ក៏​ព្រោះ​ពួក​គេ​ចង់​បន្ត​លេង​ហ្គេម​មួយ​នេះ​ឱ្យ​បាន​ជោគជ័យ​នៅ​វគ្គ​បន្ទាប់​ៗ​ទៀត​។ កាល​ណា​ឧបសគ្គ​កាន់​តែ​ច្រើន កាន់​តែ​ជំរុញ​ចិត្ត​ពួក​គេ​ឱ្យ​ប្រឹង​ប្រែង​ជាង​មុន​ដើម្បី​បាន​ឈ្នះ ហើយ​លទ្ធផល​គឺ​ទំហំ​នៃ​ទឹក​ប្រាក់​ដែល​ពួក​គេ​មាន​ក៏​កើន​ឡើង​ដែរ។

៣- នារី​ដែល​ចេះ​កំណត់​គោលដៅ​ខ្ពស់៖

នេះ​បង្ហាញ​ថា នាង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​​ប្រកួត​ប្រជែង និង​​យក​ឈ្នះ​ខ្លួន​ឯង​។ ដូច​ពាក្យ​ថា គ្មាន​អ្នក​ណា​អាច​ក្លាយ​ជា​មហាសេដ្ឋី​បាន​ ដោយ​គ្មាន​គោលដៅ និង​ការ​រំពឹង​ទុក​ខ្ពស់​នោះ​ទេ។ បន្ទាប់​ពី​កំណត់​គោលដៅ​ច្បាស់​លាស់​ហើយ ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​ធ្វើ​ឱ្យ​បាន ព្រោះ​បុគ្គល​ជោគជ័យ​មិន​ដែល​រង់ចាំ​ឱ្យ​ឱកាស​រត់​មក​រក​ពួក​គេ​ទេ តែ​ពួក​គេ​តែង​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង​ជា​និច្ច​។

៤- នារី​ដែល​មិន​ចេះ​ភ័យ​ខ្លាច​នឹង​សាកល្បង​អ្វី​ថ្មី៖

​ដើម្បី​បាន​ដល់​ដំណាក់​កាល​នេះ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រឈម​នឹង​បញ្ហា​គ្រប់​យ៉ាង​។ នេះ​ជា​ដំណាក់​កាល​ដែល​បង្ហាញ​ថា អ្នក​ជា​នារី​រឹងមាំ ហ៊ាន​ជម្នះ​បញ្ហា​នៅ​ចំពោះ​មុខ​ដើម្បី​ឱ្យ​ខ្លួន​ឯង​បាន​ឈាន​ឡើង​ខ្ពស់ និង​ជោគជ័យ​មិន​ចាញ់​បុរស​។ ដូច​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា ការ​ក្លាយ​ជា​អ្នក​មាន​ទាមទារ​ឱ្យ​មាន​ការ​ខំ​ប្រឹង​ខ្លាំង និង​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​កំពុង​និង​ត្រៀម​ធ្វើ​។ ដូច្នេះ​ត្រូវ​ត្រៀម​ចិត្ត​ឱ្យ​ហើយ​ថា បើ​ចង់​ក្លាយ​ជា​មហា​សេដ្ឋី​ត្រូវ​ក្លាហាន និង​រឹងមាំ​ជា​ចាំ​បាច់​។

៥- នារី​ដែល​ជឿ​ថា ការ​ក្លាយ​ជា​អ្នក​មាន​មិន​មែន​មក​ពី​សំណាង​៖

មនុស្ស​មួយ​ចំនួន​តែង​យល់​ខុស​ថា ការ​បាន​ក្លាយ​ជា​អ្នក​មាន​គឺ​ជា​ភ័ព្វ​សំណាង​មួយ​។ ប៉ុន្តែ​ការ​ពិត សំណាង​មិន​ដែល​ធ្លាក់​ដល់​ដៃ​មនុស្ស​ខ្ជិល​ឡើយ​។ ខណៈ​មនុស្ស​ភាគ​ច្រើន​ផ្ដោត​លើ​ការ​សន្សំ​ប្រាក់ និង​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​គេ​ អ្នក​មាន​បែរ​ជា​ផ្ដោត​លើ​ការ​បណ្ដាក់​ទុន​លើ​ប្រាក់​ដែល​ខ្លួន​មាន​ទៅ​វិញ​។ មហា​សេដ្ឋី​ដឹង​ពី​សារសំខាន់​នៃ​ការ​សន្សំ​ប្រាក់ ប៉ុន្តែ​សម្រាប់​ពួក​គេ ការ​បង្កើត​ប្រាក់​បន្ថែម​ទើប​ជា​អ្វី​ដែល​កាន់​តែ​សំខាន់​៕

ប្រភព៖ Businessinsider ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម