អាន​ហើយ​មាន​កម្លាំង​ចិត្ត! រឿង​​ល្អ ៦​យ៉ាង​ដែល​អ្នក​អាច​​ទទួល​បាន​ពេល​ជួប​រឿង​អាក្រក់​ៗ

  • 2020-04-09 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លូវ​ជីវិត​មិន​មែន​រលោង​ស្អាត​​ដូចថ្នល់​កៅស៊ូ​នោះ​ទេ ភាគ​ច្រើន​គឺ​តែង​តែ​មាន​ឧបសគ្គ ឡើង​ចុះ ដែល​ទាមទារ​ឲ្យ​មនុស្ស​យើង​ម្នាក់​ៗ​ត្រូវ​មាន​ភាព​រឹងមាំ ដើម្បី​ឆ្លង​ឲ្យ​ផុត​មួយ​ដំណាក់​កាល​ៗ។ នៅ​ពេល​ជួប​ប្រទះ​បញ្ហា​នានា រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​​នោះ​គឺ ព្យាយាម​​ទទួល​ស្គាល់​ការ​ពិត និង​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន​ ទើប​យើង​មាន​កម្លាំង​ចិត្ត​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​បាន។ ក្នុង​ថ្ងៃ​នេះ​ដែរ កញ្ញា​នឹង​នាំ​ប្រិយមិត្ត​មក​ស្វែង​យល់​ចំណុច​​ល្អ​ៗ​ដែល​យើង​អាច​ទទួល​បាន​នៅ​ពេល​ជួប​ស្ថានការណ៍​អាក្រក់​ចំនួន ៦៖

រូបតំណាង

**១. នៅ​ពេល​យំ**

ក្នុង​ថ្ងៃ​ដែល​ជួប​រឿង​អាក្រក់​ៗ រឿង​ដែល​ធ្វើ​ឲ្យ​យើង​ខូច​ចិត្ត ឬប៉ះទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ការ​ព្យាយាម​ធ្វើ​ពុត​ជា​រឹងមាំ អាច​នឹង​កាន់​តែ​ធ្វើ​ឲ្យ​យើង​ពិបាក​លើស​ដើម ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ថែម​ទៀត។ អ្នក​ដែល​យំ​ មិន​មែន​ជា​មនុស្ស​ទន់​ខ្សោយ​នោះ​ឡើយ ព្រោះ​វា​ជា​​ការ​អនុញ្ញាត​ឲ្យ​​រាងកាយ​អ្នក​បាន​បញ្ចេញ​ទុក្ខសោក តាម​រយៈ​ទឹក​ភ្នែក​ ហើយ​ក្រោយ​ពេល​យំ​យើង​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​មុន។

២. នៅ​ពេល​វង្វេង​ផ្លូវ

មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ថ្មី​ៗ ដោយ​មិន​ហ៊ាន​ទៅ​ម្នាក់​ឯង ព្រោះ​ខ្លាច​វង្វេង​ផ្លូវ។ ប៉ុន្តែ​បើ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន នៅ​ពេល​អ្នកវង្វេង​ផ្លូវ វា​ជា​​ឱកាស​ក្នុង​ការ​រៀន​សូត្រ​ ព្រោះ​​វា​មាន​ន័យ​ថា​មាន​ឱកាស​ស្គាល់​កន្លែង​ថ្មី​ៗ។ ក្នុង​ជីវិត​ពិត​ក៏​ដូច​គ្នា ការងារ​ដែល​យើង​ធ្វើ​ខ្លះ​អាច​វាង​ចេញ​ពី​ផែនការ​ដែល​បាន​គ្រោង​ទុក​ខ្លះ មានវង្វេង​ខ្លះ តែ​វា​ក៏​មិន​មែន​ការ​បង្ហិន​ពេល​វេលា​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​បទពិសោធន៍ ហើយ​យើង​អាច​បាន​ជួប​ផ្លូវ​ជីវិត​ថ្មី​ៗ​ដែល​យើង​​មិន​ធ្លាប់​បាន​ជួប​ពី​មុន។

៣. នៅ​ពេល​អ្នក​ត្រូវ​បោះបង់​ឲ្យ​រស់​នៅ​ម្នាក់​ឯង

រូបតំណាង

មនុស្ស​គឺ​ជា​​កោសិកា​របស់​សង្គម។ យើង​ទម្លាប់​​ទៅ​ហើយ​ក្នុង​ការ​រស់​នៅ​ដែល​មាន​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​រស់​នៅ​ម្នាក់​ឯង និង​មិន​អាច​ទ្រាំ​បាន​បើ​ត្រូវ​អ្នក​ដទៃ​ផ្ដាច់​ទំនាក់ទំនង។ ប៉ុន្តែ​ការ​ពិត​ ការ​ប្រើ​ពេល​វេលា​រស់​នៅ​ម្នាក់​ឯង​ក៏​មាន​គុណសម្បត្តិ​របស់​វា​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់ អាច​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ជំរុញ​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​រឹង​មាំ ព្រម​ទាំង​មាន​គំនិត​ថ្មី​ៗ ព្រោះ​​គ្មាន​អ្វី​មក​រំខាន​យើង​ដូច​មុន។

៤. នៅ​ពេល​​មាន​អារម្មណ៍​ខុស​ប្លែក​ពី​អ្នក​ដទៃ

មនុស្ស​ជា​ច្រើន​​រស់​នៅ​ដោយ​ប្រកាន់​ខ្ជាប់​ទម្លាប់​ដដែល​ៗ ដោយ​ធ្វើ​តាម​នូវ​អ្វី​ដែល​អ្នក​ដទៃ​ប្រាប់​ថា​ល្អ មិន​ហ៊ាន​ធ្វើ​អ្វី​ខុស​ពី​គេ ខ្លាច​ត្រូវ​គេ​សំឡឹង​មក​ថា​ចម្លែក ខ្លាច​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់។ ប៉ុន្តែ​ចង់​ប្រាប់​ថា ការ​ធ្វើ​ជា​ខ្លួន​ឯង មិន​មែន​ជា​រឿង​ខុស​នោះ​ទេ ព្រោះ​នៅ​ទី​បំផុត​ វា​គ្មាន​អ្វី​អាក្រក់​ជាង​ការ​ដែល​យើង​ធ្វើ​អ្វី​ខុស​ពី​ឆន្ទៈ និង​ធម្មជាតិ​ខ្លួន​​​នោះ​ឡើយ។ ដូច្នេះ​គួរ​ហ៊ាន​ធ្វើ​អ្វី​ប្លែក​ពី​អ្នក​ដទៃ ហ៊ាន​ធ្វើ​អ្វី​លេចធ្លោ បញ្ចេញ​សក្តានុពល និង​ភាព​ច្នៃប្រឌិត​ដែល​ខ្លួន​មាន​ពិត​ប្រាកដ​ចេញ​មក ដើម្បី​ពិសោធន៍​ឲ្យ​គ្រប់គ្នា​បាន​ដឹង​ថា​ អ្នក​ក៏​អាច​មាន​លទ្ធផល​ល្អ​ដែរ នៅ​ពេល​ដើរ​ផ្លូវ​របស់​ខ្លួន​ឯង។

រូបតំណាង

៥. នៅ​ពេល​ស្រែក

នៅ​ពេល​អ្នក​ខឹង ស្អប់ ឬ​ក្ដៅ​ចិត្ត​ជាមួយ​នរណា​ម្នាក់​ខ្លាំង ការ​​ចេញ​ទៅ​រក​ទី​កន្លែង​ណា​មួយ​ស្រែក​ដើម្បី​បញ្ចេញ​អារម្មណ៍​ដែល​កក​ស្ទះ នឹង​ជួយ​ទាញ​សតិ​របស់​អ្នក​មក​វិញ ហើយ​នឹង​អាច​បញ្ចេញ​ការ​គិត​អាក្រក់​ៗ​ចេញ​ពី​ខួរ​ក្បាល​អ្នក​ខ្លះ។ វា​នឹង​ផ្ដល់​ថាមពល​ឲ្យ​អ្នក​ត្រលប់​បន្ត​ដំណើរ​ជីវិត​វិញ​បាន​កាន់​តែ​ប្រសើរ ដោយ​មិន​ចាំបាច់​ធ្វើ​បាប​អ្នក​ណា សងសឹក​អ្នក​ណា ហើយ​ក៏​មិន​បាច់​លាក់​ទុក្ខ​តែ​ម្នាក់​ឯង។

៦. នៅ​ពេល​​ត្រូវ​គេ​រិះគន់​ខ្លាំងៗ

កុំ​រវល់​តែ​កើត​ទុក្ខ បើ​មាន​មនុស្ស​រិះគន់​អ្នក​នូវ​ពាក្យ​ធ្ងន់ៗ។ កុំ​​បាក់​ទឹក​ចិត្ត​នឹង​​ពាក្យ​មើល​ងាយ​របស់​អ្នក​​ដទៃ កុំ​ខឹង ប៉ុន្តែ​ចូរ​អរគុណ​គេ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​​អាច​មើល​ឃើញ​កំហុស​ឆ្គង​​ខ្លួន​ឯង ​ដែល​យើង​មិន​ធ្លាប់​មើល​ឃើញ និង​កែ​លម្អ​ខ្លួន​ឯង​​​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន។ ចំណែក​ពាក្យ​រិះគន់​ខ្លះ​ទៀត​ដែល​គ្មាន​ប្រយោជន៍ យើង​គួរ​តែ​រំលង​ៗ មិន​បាច់​យក​មក​គិត​​នាំ​ពិបាក​ចិត្ត​ទេ ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ gangbeauty ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម