នៅពេលមនុស្សស្រីគិតថាខ្លួនឯងគ្មានភាពទាក់ទាញគ្រប់គ្រាន់ គឺដោយសារតែនាងធ្លាប់ឆ្លងកាត់រឿងទាំងនេះ
- 2020-04-08 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលមនុស្សស្រីគិតថាខ្លួនឯងគ្មានភាពទាក់ទាញគ្រប់គ្រាន់ គឺដោយសារតែនាងធ្លាប់ឆ្លងកាត់រឿងទាំងនេះ
នៅពេលដែលមនុស្សស្រីនិយាយថា នាងគ្មានភាពទាក់ទាញទាល់តែសោះ មានន័យថានាងកំពុងតែខ្វះទំនុកចិត្តលើខ្លួនឯងហើយ។ ដោយសារតែក្នុងបរិបទសង្គម និងពិភពលោកទាំងមូល បានកំណត់ស្តង់ដារនៃភាពស្រស់ស្អាតផ្សេងៗគ្នា រួមទាំងរូបសម្ផស្សក្លែងក្លាយនឹកស្មានមិនដល់ ជាហេតុនាំឲ្យមនុស្សស្រីមានគំនិតអវិជ្ជមាន មិនពេញចិត្តនឹងរូបសម្បត្តិខ្លួនឯង ហើយគិតថាខ្លួនមិនល្អគ្រប់គ្រាន់។
នៅពេលដែលមនុស្សស្រីនិយាយថា នាងគ្មានភាពទាក់ទាញ អាចបណ្តាលមកនាងធ្លាប់រងការបង្អាប់បន្ទាបពីមិត្តភ័ក្តឬសូម្បីតែសាច់ញាតិក្រុមគ្រួសារតែម្តង។ តាមការពិតអ្វីដែលជាបញ្ហាចម្បងគឺព្រោះតែរូបនាងផ្ទាល់ ដែលមិនបានស្រលាញ់ខ្លួនឯងគ្រប់គ្រាប់ ទើបបណ្តោយឲ្យគំនិតអ្នកដទៃមកគ្របដណ្ដប់បាន។
មានហេតុផលអ្វីផ្សេងទៀត ដែលនាំឲ្យនាងគិតថាខ្លួន "គ្មានភាពទាក់ទាញ”?
អាចមកពីនាងធ្លាប់ឆ្លងកាត់ស្នេហាបែកបាក់ ធ្លាប់ជួបមនុស្សដែលមិនស្រលាញ់ឲ្យតម្លៃនាង។ ស្នេហាចាស់អាចធ្វើឲ្យនាងមានអារម្មណ៍មិនល្អចំពោះខ្លួនឯង មិនពេញចិត្តនឹងរូបរាង ការតុបតែងខ្លួន អ្វីគ្រប់យ៉ាងដែលនាងមាន។ នាងបានប្រគល់ក្តីស្រលាញ់ស្មោះត្រង់អស់ពីចិត្ត តែបែរជាមិនអាចទទួលនូវអ្វីដូចដែលបានរំពឹងទុកបន្តិចណាសោះ។ ហេតុផលក្រៀមក្រំទាំងនេះហើយ ដែលធ្វើឲ្យនាងយល់ថាខ្លួនកាន់តែគ្មានភាពទាក់ទាញ។
នៅពេលដែលមនុស្សស្រីគិតថាខ្លួនឯងមិនល្អ មិនស្អាត ខ្វះនេះខ្វះនោះ អាចមកពីនាងធ្លាប់ឆ្លងកាត់ការបដិសេធស្នេហាពីបុរសណាម្នាក់ក្នុងពេលអតីតកាល។ វាក៏ជាសញ្ញាមួយបញ្ជាក់ថា នាងគ្រាំគ្រាក្នុងបេះដូង គ្រាន់តែមិនចង់និយាយឲ្យគេដឹង។ ឲ្យតែនឹកឃើញដល់រឿងនោះកាលណា នាងតែងតែពិបាកក្នុងការពង្រឹងភាពជឿជាក់ឡើងវិញខ្លាំងណាស់។
នៅពេលដែលមនុស្សស្រីគ្មានទំនុកចិត្តខ្លួនឯងទាល់តែសោះ អាចបណ្តាលមកពីមនុស្សជុំវិញខ្លួន តែងយកសម្រស់របស់នាងទៅបង្អាប់លេងសើចឥតបានការ។ ពាក្យលេងសើចដែលស្តាប់ទៅហាក់ដូចជាធម្មតា កំប្លុកកំប្លែង ប៉ុន្តែបើនិយាយក្នុងន័យអវិជ្ជមាន វាពិតជាប៉ះពាល់ដល់ផ្លូវចិត្តអ្នកដទៃខ្លាំងណាស់។ ពាក្យពេចន៍ដែលរបូតចេញពីមាត់ អាចក្លាយជាបន្លាមុតស្រួច និងចាត់ទុកជាការមើលងាយ ប្រសិនបើនិយាយខ្វះការពិចារណាច្បាស់លាស់។
យ៉ាងណាក៏ដោយ មនុស្សស្រីទាំងអស់ត្រូវចាំថា អ្នកសុទ្ធតែមានភាពទាក់ទាញនិងចំណុចពិសេសរៀងៗខ្លួន។ កុំទន់ខ្សោយបណ្តោយឲ្យអ្នកដទៃ មកវាយតម្លៃកំណត់ភាពស្រស់ស្អាតរបស់អ្នក។ មនុស្សស្រីមានភាពទាក់ទាញបំផុត នៅពេលដែលនាងចេះស្រលាញ់គោរពខ្លួនឯងនិងអ្នកដទៃ ពោរពេញដោយចិត្តគំនិតស្អាតបាតមានតម្លៃកាត់ថ្លៃពុំបាន រូបរាងខាងក្រៅមិនអាចយកប្រៀបផ្ទឹមនោះទេ៕
ចុចអាចបន្ត៖ ងាយៗក្លាយជាមនុស្សស្រីគួរឲ្យស្រលាញ់ដោយមិនបាច់ប្រឹង