មិនមែនជា​ការ​សឹង​សឹក​ តែ​នេះជាអ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ធ្វើ​​ពេល​គេ​បោះបង់អ្នក

  • 2020-04-07 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ឯណា​ចង់​ជួប​ការ​បែកបាក់ ឬ​ស្រឡាញ់​មនុស្ស​ខុស​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​វា​តម្រូវ​ឲ្យ​ជួប​រឿង​បែប​នេះ។ បើ​មាន​មនុស្ស​ប្រុស​បាន​ដើរចេញ​ពី​ជីវិត​អ្នក ទុក​អ្នក​ចោល​ដោយ​គ្មាន​នឹកនា​ស្ដាយ​នោះ ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ព្រោះ​មិន​មែន​ដើម្បី​បញ្ឈឺ​ ឬ​ឌឺដង​អ្នក​ណា​ទេ តែ​គឺ​ដើម្បី​ខ្លួន​ឯង ៖

១. បញ្ឈប់​រាល់​ការ​ទាក់ទង​គ្នា​​ទោះ​ក្នុង​ឋានៈ​ជា​អ្វី​ក៏​ដោយ

ជ្រុល​ជា​គេ​ជា​អ្នក​ដើរ​ចេញ​ទៅ​ហើយ​ ហេតុ​អី​ចាំ​បាច់​ព្យាយាម​ទាក់ទង​ទៅ​គេ​ទៀត។ មិន​បាច់​ចង់​រាប់​អាន​គេ​ជា​មិត្ត​ភក្តិ​ ឬ​បង​ប្រុស​អី​ទៀត​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ជំពាក់ជំពិន​មិន​ដាច់​ស្រឡះ ហើយ​ម្យ៉ាង​ទៀត​នាំ​តែ​ឲ្យ​គេ​គិត​ថា​អ្នក​នៅ​តែ​ស្រឡាញ់​គេ ហើយ​រស់​ខ្វះ​គេ​មិន​បាន។

រូបតំណាង

២. ធ្វើ​ខ្លួន​ឲ្យ​ខ្ពស់

បើ​គេ​ជា​អ្នក​ដើរ​ចេញ​ពី​អ្នក​ ហើយ​បន្ទាប់​មក​អ្នក​ធ្វើ​ខ្លួន​ឲ្យ​ដុនដាប​ទៀត​នោះ គេ​កាន់​តែ​សប្បាយ​ចិត្ត​ព្រោះ​គេ​គិត​ថា​គេ​រើស​ផ្លូវ​ត្រូវ​ដែល​បែក​ពី​អ្នក។ កុំ​បន្ទាប​តម្លៃ​អ្នក​ដោយ​សារ​មនុស្ស​ប្រុស​ម្នាក់​ដើរ​ចេញ ហើយ​រឹត​តែ​មិន​ត្រូវ​ទៅ​អង្វរ​គេ​ឲ្យ​នៅ​ជាមួយ​អ្នក អង្វរ​ឲ្យ​គេ​ស្រឡាញ់​អ្នក។ គេ​ចង់​ទៅ​ឲ្យ​គេ​ទៅ​ៗ តែ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គេ​រក្សា​ចិត្ត​មិន​ឲ្យ​ទៅ​លូកលាន់​ជីវិត​គេ​ទៀត។

៣. រីករាយ

ទោះ​ខាង​ក្នុង​អ្នក​ពេល​នេះ​ឈឺខ្លាំង​ក៏​ដោយ ក៏​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ​ដែរ។ បើ​អ្នក​នៅ​ជា​ Friend ក្នុង​ Facebook ជាមួយ​គ្នា​ទៀត​នោះ​រឹត​តែ​ត្រូវ​ធ្វើ​ឲ្យ​គេ​ឃើញ​ថា​អ្នក​នៅ​តែ​អាច​សប្បាយ​ចិត្ត​ទោះ​គ្មាន​គេ​ក៏​ដោយ។ Post រូប​ណា​ដែល​ស្អាតៗ មាន​ស្នាម​ញញឹម​ និង​សប្បាយ​ចិត្ត​ច្រើន ហើយ​ឲ្យ​គេ​មើល​ទៅ​អ្នក​មាន​សេរីភាព និង​រីករាយ​ជាមួយ​ជីវិត​ដែល​គ្មាន​គេ។

៤. មាន​ការងារ​កាន់​តែ​ល្អ

ទោះ​ខូចចិត្ត ទោះ​បាក់ទឹកចិត្ត​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​ត្រូវ​បោះបង់​ការងារ​ចោល​ដែរ តែ​ជំនួស​មក​វិញ​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​មាន​តំណែង​កាន់​តែ​ខ្ពស់ ការងារ​កាន់​តែ​ល្អ។ អត់​ស្នេហា​បាន តែ​អ្នក​មិន​អាច​អត់​លុយ​បាន​នោះ​ទេ​ ព្រោះ​ពេល​អ្នក​លំបាក សូម្បី​តែ​ខោអាវ​ក៏​មិន​អាច​ទិញ​ខ្លួន​ឯង​នោះ​អ្នក​ពិត​ជា​កាន់​តែ​ត្រូវ​គេ​មើល​ងាយ។ នៅ​ពេល​អ្នក​មាន​ការងារ​ល្អ មាន​លុយ​ចាយ​ច្រើន​ មិន​ខ្វះ​ទេ​មនុស្ស​ប្រុស​ដែលច​ង់​បាន​អ្នក ហើយ​ពេល​នោះ​កុំ​ថា​ឡើយ​មុខ​គេ ស្រមោល​គេ​ក៏​អ្នក​មិន​ចង់​ឃើញ​ដែរ។

៥. ស្រស់​ស្អាត

រឿង​នេះ​គឺ​ចាំបាច់​ណាស់ ព្រោះ​បើ​បែក​គ្នា​ហើយ​អ្នក​អាក្រក់​ជាង​មុន​ប្រាកដ​ជា​ត្រូវ​គេ​កាន់​តែ​សើច​ចំអក។ យ៉ាង​ណា​ក៏​ដោយ​ការ​ថែរក្សា​សម្រស់​​ឲ្យ​ខ្លួន​បាន​ស្អាត មិន​មែន​ដើម្បី​គេ​តែ​ម្យ៉ាង​ទេ តែ​ដើម្បី​ខ្លួន​ឯង​ដូច​គ្នា ព្រោះ​អាក្រក់​ក៏​ជា​អ្នក ស្អាត​ក៏​ជា​អ្នក ដូច្នេះ​ហេតុ​អី​មិន​ជ្រើស​ឲ្យ​ខ្លួន​ឯង​ស្រស់ស្អាត? នៅ​ពេល​បែក​គ្នា មនុស្ស​ស្រី​ភាគ​ច្រើន​គឺ​តែង​តែ​ស្អាតជាង​មុន ព្រោះ​នាង​ចង់​ឲ្យ​គេ​ដឹង​ខ្លួន​ ថា​នាង​មិន​មែន​អន់​នោះ​ទេ។

រូបតំណាង

នេះ​មិន​មែន​ជា​វិធី​សងសឹក​នោះ​ទេ តែ​នេះ​ជា​វិធី​ដែល​ជួយ​ឲ្យ​ខ្លួន​អ្នក​ដើរ​ទៅ​កាន់​ភាព​ថ្លៃថ្នូរ និង​សប្បាយ​ចិត្ត៕

ចុចអាន៖មនុស្ស​ស្រី៖ ​ត្រូវរើស​មនុស្ស​ប្រុស​ដែល​​ខឹង​អ្នក​​ខ្លាំង​ក៏​មិន​ស្រែក ពេល​អ្នក​ខឹង​​ក៏​​គេមិន​ឈ្លោះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម