ចំនួនសរសៃធូប មិនមែនចេះតែអុជតាមចិត្តចង់ បើខុសអត្ថន័យ ដូចយកទៅអុជចោល

  • 2020-04-06 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ដូន​តា​ខ្មែរ​តាំង​ពី​បុរាណ​រៀង​មក តែង​ប្រើ​ធូប​ដើម្បី​អុជ​បន់​ស្រន់​សុំ​សេចក្ដី​សុខ លា​បំណន់ និង​អុជ​ដើម្បី​វេរ​ម្ហូប​អាហារ​ បង្អែម​ចង្អាប​ ឧទ្ទិស​ឱ្យ​ដូនតា​ ដែល​បាន​ចែក​ឋាន​ជាដើម។ ជា​ការ​កត់​សម្គាល់​ពេល​ទៅ​វត្ត​ម្ដងៗ ពុទ្ធបរិស័ទ​ខ្លះ​អុជ​ធូប​៣​សរសៃ ចំណែក​អ្នក​ខ្លះអុជ ៥​សរសៃ។ ដូច្នេះ​តើ​ការ​អុជ​ធូប ៣ សរសៃ ឫ ៥​សរសៃ​មាន​អត្ថន័យ​ខុស​គ្នា​ដូច​ម្ដេច?

រូបតំណាង

បើ​តាម​សៀវភៅ​លំអាន​ទំនៀមទម្លាប់​ខ្មែរ​បុរាណ ចំនួន​សរសៃ​ធូប​តំណាង​ឲ្យ​អត្ថន័យ​នៃ​ការ​អុជ​ដូច​ខាង​ក្រោម​នេះ៖

  • ការ​អុជ​ធូប​១​សរសៃ តំណាង​ឲ្យ​ការ​រំឭក​គុណគ្រូ និង​តួខ្លួន ។

  • ​ការ​អុជ​ធូប​២​សរសៃ តំណាង​ឲ្យ​គុណមាតា​បិតា ។

  • ការ​អុជ​ធូប​៣​សរសៃ គឺ​បូជា​ព្រះ​រតនត្រ័យ​ដែល​មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​មាតាបិតា និង​គុណគ្រូ ។

  • ការ​អុជ​ធូប​៤​សរសៃ តំណាង​ឲ្យ​ធាតុ​ទាំង​៤ (​ទឹក ដី ភ្លើង ខ្យល់​)​។

  • ការ​អុជ​ធូប​៥​សរសៃ គឺ​បូជា​ព្រះ​ទាំង ៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ​(​មាន់​) ព្រះ​កោ​នាគ​មនោ​(​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណគោត្តម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​)។

  • ការ​អុជ​ធូប​៧​សរសៃ គឺ​បូជា​ញាតិ​ទាំង​ប្រាំពីរ​សន្តាន​មាន​៖ ថ្នាក់លើ​ខ្លួន​បី​ជាន់​គឺ ឪពុក​ម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់​ក្រោម​យើង​បី​ជាន់​គឺ កូនចៅ ចៅទួត និង​បូក​រួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន ។

  • ​ការ​អុជ​ធូប ៩​សរសៃ គឺ​បូជា​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន គឺ​ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ ។

  • ការ​អុជ​ធូប​១១​សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង​១១ ។

  • ការ​អុជ​ធូប​១២​សរសៃ គឺ​បូជា​គុណ​ម្ដាយ ១២ ឬ​គុណ​ធាតុ ។

  • ការ​អុជ​ធូប​១៩​សរសៃ គឺ​សម្រាប់​ពិធី​ហៅ​ព្រលឹង (​មនុស្ស​មានព្រលឹង​១៩ រួម​ទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​)។

  • ការ​អុជ​ធូប​២១​សរសៃ គឺ​បូជា​គុណ​ឪពុក​។

  • ការ​អុជ​ធូប​៣៣​សរសៃ គឺ​បូជា​គុណ​ឪពុក​ម្ដាយ ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ