ធ្វើការពីផ្ទះប្រកបដោយប្រសិទ្ធភាព បើអ្នកចេះលៃលកតាមតិចនិក៥យ៉ាងនេះ

  • 2020-04-02 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​ថ្មី​នេះ​ៗ ​​ក្រុម​ហ៊ុន​​បាន​ផ្លាស់​ប្តូរ​វិធី​ធ្វើការ ដោយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ​បាន​។ ​​​ម្ល៉ោះ​ហើយ ​​តិច​និក​ធ្វើ​ការ​នៅ​ការិយាល័យ​និង​នៅ​ផ្ទះ ​អាច​ខុស​គ្នា​ខ្លះ​ៗ ​ប៉ុន្តែ​ក្នុង​នាម​ជា​បុគ្គលិក ​អ្នក​ត្រូវ​រៀប​ចំ​ការងារ​ ​ឲ្យ​បាន​ល្អ​ដូច​ពេល​បំពេញ​នៅ​ការិយាល័យ​ដែរ។ ​​

រូបតំណាង

**១. កំណត់​ម៉ោង​​ធ្វើ​ការ​ឲ្យ​​បាន​ជាក់​លាក់**

​នៅ​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​ពី​ផ្ទះ​ដំបូង ​​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​មិន​សូវ​ស្រណុក​ខ្លះ​ៗ។ ​ដូច​ជា​ក្រោក​ពី​គេង​យឺត ​ឬ​ផ្អាក​ការងារ​មួយ​ភ្លែត​ទៅ​លេង​នៅ​ទី​​ណា​សិន ​ហើយ​ចាំ​ត្រលប់​មក​បន្ត​ការងារ​វិញ ដោយ​សំអាង​ថា​​គ្មាន​មេ​នៅ​ជិត ...​។ ​តែ​ឈប់! ​សូម​កុំ​ធ្វើ​បែប​នេះ​អី ​អ្នក​គួរ​​ដាក់​វិន័យ​សម្រាប់​ខ្លួន​ឯង។ ​​បើ​អ្នក​មិន​បាន​ធ្វើ​ការ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំឡុង​ម៉ោង​ធ្វើ​ការ​ទេ ​នៅ​ពេល​ក្រុម​ត្រូវ​ការ​របាយការណ៍​បន្ទាន់ ​អ្នក​ប្រាកដ​ជា​មិន​អាច​ប្រគល់​ឲ្យ​ពួក​គេ​បាន​ ហើយ​ពេល​នោះ​អ្នក​នឹង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​មិន​ខាន។

២. កុំ​បើក​ទូរទស្សន៍ ​ឬ​លេង​ហ្គេម​ពេល​កំពុង​ធ្វើការ

​​បុគ្គលិក​ខ្លះ ​បើក​ទូរទស្សន៍​មើល​បន្តិច​ដើម្បី​បំបាត់​ស្រ្តេស​ ​ឬ​ឆ្លៀត​លេង​ហ្គេម​បន្តិច ​ដោយ​គិត​ថា​ចង់​សម្រាក​ភ្នែក ។ ​ប៉ុន្តែ​អ្នក​ដឹង​ទេ​​កម្មវិធី​ខ្លះ​ធ្វើ​ឲ្យ​អ្នក​ភ្លេច​ផ្ចង់​អារម្មណ៍​ពី​ការងារ រហូត​ភ្លេច​ធ្វើ​ការ​តែ​ម្ដង ​ដែល​នេះ​នាំ​ឲ្យ​អ្នក​កាន់​តែ​ខ្ជិល​មួយ​កម្រិត​ទៀត។ ​ដូច្នេះ អ្នក​ត្រូវ​មាន​វិន័យ​ចំពោះ​ខ្លួន​ឯង ​​នោះ​នឹង​មិន​ពិបាក​នៅ​ពេល​ធ្វើ​ការ​ពី​ផ្ទះ​នោះ​ទេ។

រូបតំណាង

៣. ​រៀប​ចំ​បញ្ជី​ប្រចាំ​ថ្ងៃ​

​សម្រាប់​អ្នក​ធ្វើ​កា​ពី​ផ្ទះ ​គឺ​តម្រូវ​ឲ្យ​មាន​វិន័យ​ខ្ពស់​ចំពោះ​ខ្លួន​​ឯង​ណាស់។ ​ដូច្នេះ ​គួរ​មាន​បញ្ជី​ប្រចាំ​ថ្ងៃ​គឺ​ជា​ការ​ល្អ​ ព្រោះ​នឹង​ជួយ​ឲ្យ​អ្នក​ដឹង​ និង​ឃើញ​​ពី​លទ្ធផល​​ការងារ​​ណា​មួយ​ដែល​​កំពុង​ធ្វើ ​និង​មិន​ទាន់​រួច​រាល់​ជា​ដើម។ ​កំណត់​គោល​ដៅ​ច្បាស់​លាស់​ដោយ​វិធី​នេះ ​នោះ​អ្នក​អាច​ធ្វើ​ការ​​ពី​ផ្ទះ​ដោយ​លែង​បារម្ភ ឬ​ភ្លេច​អ្វី​មួយ​ហើយ។

៤. រៀប​ចំ​ការងារ​តាម​គោលការណ៍

​ជា​ការ​ពិត ​នៅ​ពេល​អ្នក​ធ្វើ​បញ្ជី​រួច ​មាន​ន័យ​ថា​​​ដាច់​ខាត​អ្នក​ត្រូវ​តែ​បំពេញ​ការងារ​ទាំង​នោះ​ឲ្យ​រួច​រាល់។ ​មិន​ត្រូវ​គិត​ថា ​ធ្វើ​ការ​នៅ​ផ្ទះ ​ចាំ​បំពេញ​ការងារ​ម៉ោង​ណា​ក៏​បាន​នោះ។ ​ការងារ​ដែល​មិន​ទាន់​​រួច​រាល់ ​គឺ​​ត្រូវ​ប្រញាប់​បញ្ចប់ ម្ល៉ោះ​ហើយ​​ការ​អនុវត្ត​នេះ​យូរ​ទៅ​ៗ​នឹង​បាន​ប្រសិទ្ធភាព​មិន​ខាន។

រូបតំណាង

៥. ​សម្រាក​ភ្នែក ​ឬ​ទម្រេត​ខ្នង​មួយ​ភ្លែត

​​ច្បាស់​ណាស់ ​ច្បាប់​ការងារ​និង​ពេល​វេលា​ដែល​អ្នក​បាន​កំណត់​សម្រាប់​ធ្វើ​ការ​ គឺ​ជា​រឿង​សំខាន់។ ​ប៉ុន្តែ​​ការ​សម្រាក​ភ្នែក​ពី​កញ្ចក់​កុំព្យូទ័រ ឬ​ក៏​ក្រោក​ឡើង​បន្តិច​ដើម្បី​ឲ្យ​សសៃ​សសោង​​មាន​ចលនា​ក៏​សំខាន់​ដូច​គ្នា​។ ​បន្ទាប់​ពី​អង្គុយ​យូរ​ម៉ោង​នៅ​មុខ​កុំព្យូទ័រ ​បណ្ដាល​ឲ្យ​ភ្នែក​ស្រវាំង​​និង​ផ្សារ​ភ្នែក រួម​ទាំង​ខួរ​ក្បាល​មិន​អាច​គិត​អំ​ពី​ការងារ​បាន​ល្អ​​ទៅ​មុខ​ផង​ដែរ។ ​ ដូច្នេះ អ្នក​ត្រូវ​បែង​ចែក​​ម៉ោង​ពេល​ឲ្យ​បាន​ត្រឹម​ត្រូវ កុំ​ផ្តោត​លើ​អ្វី​មួយ​ហួស​ហេតុ​ពេក​៕

អានបន្ត៖ ​ របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម