៥មូលហេតុ​ធ្វើ​ឲ្យ​ជីវិត​អ្នក​​ធ្វើ​អ្វីក៏​មិន​សម្រេច​សាច់​ការ​នឹង​គេ

  • 2020-03-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​​រីក​ចម្រើន​ទៅ​មុខ​មិន​រួច​នឹង​គេ។ អ្នក​ខ្លះ​ជ្រើសរើស​បន្ទោស​អ្នក​ដទៃ ឬ​ស្ថានការណ៍​ផ្សេង​ៗ អ្នក​ខ្លះ​​បិទ​ផ្លូវ​​ខ្លួន​ឯង មិន​​ព្រម​ទទួល​ស្គាល់​ការ​ពិត​នៅ​ជុំវិញ ខណៈ​អ្នក​ខ្លះ បែរ​ជា​អាច​បោះជំហាន​ទៅ​មុខ​បាន​លឿន​ជាង​អ្នក​ដទៃ។ បើ​ប្រិយមិត្ត​កញ្ញា​រូប​ណា​គិត​ថា​ខ្លួន​ឯង​កំពុង​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ជីវិត សូម​សាក​ល្បង​មក​មើល​មូលហេតុ​សំខាន់​ចំនួន ៧​ដែល​ធ្វើ​រាំង​ស្ទះ​ជីវិត​របស់​យើង​មិន​ឲ្យ​លូតលាស់​ទៅ​មុខ​៖

រូបតំណាង

**១. ឱប​ក្រសោប​ក្ដី​ស្រមៃ​ដែល​មិន​អាច​ទៅ​រួច**

អ្នក​ណា​ៗ​ក៏​មាន​ក្ដី​ស្រមៃ ប៉ុន្តែ​អ្នក​ខ្លះ​ប្រើ​ជីវិត​រស់​នៅ​ដោយ​ចង​ខ្លួន​ឯង​ជាមួយ​ក្ដី​ស្រមៃ​​រវើរវាយ រហូត​ភ្លេច​ផ្ដោត​លើ​អ្វី​ជា​ការ​ពិត និង​មិន​ព្យាយាម​ធ្វើ​ការងារ​ចំពោះ​មុខ។ ដូចជា​អ្នក​ខ្លះ​មាន​ក្ដី​ស្រមៃ​ចង់​រៀបការ​ជាមួយ​មនុស្ស​អស្ចារ្យ​ម្នាក់ ស្រមៃ​ចង់​ឈ្នះ​ឆ្នោត​​រង្វាន់​ទី​មួយ ហើយ​នឹង​មិន​បាច់​ធ្វើ​ការ​អី​ទាំង​អស់។ អ្នក​ខ្លះ​ស្រមៃ​ថា​នឹង​បាន​បើក​ហាង​នៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ​មិន​ព្រម​ចាប់​ផ្ដើម​រៀន​ភាសា ឬ​បញ្ចេញ​សកម្មភាព​អ្វី​ដើម្បី​ឲ្យ​បាន​ក្ដី​ស្រមៃ​នោះ​សោះ។

ដំណោះស្រាយ៖​

បើ​អ្នក​ដឹង​ខ្លួន​ថា​កំពុង​ជា​មនុស្ស​បែប​នេះ ដំណោះស្រាយ​នោះ​គឺ​ គួរ​ដក​ឃ្លា​ពី​អ្វី​ដែល​អ្នក​ធ្វើ​ជា​ទម្លាប់​  ហើយ​សាក​ល្បង​ធ្វើ​អ្វី​ម្យ៉ាង​ដែល​យើង​មិន​ធ្លាប់​ធ្វើ​បាន​សម្រេច​កាល​ពី​មុន​ឲ្យ​សម្រេច​​ម្ដង។ អារម្មណ៍​ដែល​ធ្វើ​អ្វី​ថ្មី​​បាន​សម្រេច​នោះ នឹង​ជំរុញ​ឲ្យ​យើង​ចង់​ធ្វើ​អ្វី​ថ្មី​ៗ ដែល​អាច​ទៅ​រួច​កាន់​តែ​ច្រើន ជំនួស​ឲ្យ​ការ​រស់​នៅ​ជាមួយ​ការ​ស្រមើស្រមៃ។

២. រវល់​ធ្វើ​នេះ​នោះ រហូត​ភ្លេច​គោលដៅ​ខ្លួន​ឯង

ធ្លាប់​អត់ ដែល​ប្រាប់​ខ្លួន​ឯង​ថា​ ឆែក Facebook មួយ​ភ្លែត សឹម​ទៅ​ធ្វើ​ការ​ទៀត ប៉ុន្តែ​ចុះ​ឡើង​ៗ​ក៏​ជ្រុល​អស់​កន្លះ​ម៉ោង ខ្លះ​ដល់​ទល់​ភ្លឺ​ក៏​មាន។ នេះ​គឺ​ជា​ចំណុច​អាក្រក់​មួយ​​នៃ​បច្ចេកវិទ្យា ដែល​ធ្វើ​ឲ្យ​មនុស្ស​ភ្លើតភ្លើន​ជាមួយ​ទូរសព្ទ ឬ​បណ្ដាញ​សង្គម ព្រោះ​លទ្ធផល​របស់​វា​គឺ ការងារ​​​ដែល​គួរ​ធ្វើ​ហើយ ក៏​បែរ​ជា​ធ្វើ​មិន​ហើយ។

ដំណោះស្រាយ៖

ត្រូវ​ដាក់​កំហិត​ចំពោះ Deadline សម្រាប់​ខ្លួន​ឯង។ រៀប​ចំ​ការងារ​ណា​សំខាន់ ការ​ងារ​ណា​ត្រូវ​ធ្វើ​មុន ហើយ​បែង​ចែក​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់ មិន​​រវល់​ភ្លើតភ្លើន​​ជាមួយ​អ្វី​ផ្សេង​ៗ​ដែល​ធ្វើ​​ឲ្យ​យើង​បង្ហិន​ពេល​វេលា​ជីវិត។

រូបតំណាង

៣. តែង​បន្ទោស​អ្នក​ដទៃ​ជានិច្ច

សម្រាប់​អ្នក​ដែល​ឲ្យ​តែ​មាន​រឿង​ខុស​ឆ្គង ក៏​បែរ​ទៅ​បន្ទោស​អ្នក​ដទៃ​ក្រៅ​ពី​ខ្លួន​ឯង​ ដូច​ជា​បន្ទោស​មេឃ​ដី អាកាសធាតុ បន្ទោស​អ្នក​នៅ​ជុំវិញ​ខ្លួន​ ឬ​សូម្បី​តែ​ឪពុក​ម្ដាយ ថា​ជា​ដើមហេតុ​នៃ​បញ្ហា​ទាំង​ឡាយ​ក្នុង​ជីវិត​របស់​ខ្លួន គួរ​តែ​​គិត​គូរ​​ផ្លាស់​ប្ដូរ​​ការ​គិត​ជា​ថ្មី។ យើង​អាច​ខូច​ចិត្ត​ចំពោះ​អ្វី​ដែល​ខុស​ឆ្គង​បាន ប៉ុន្តែ​បើ​ទោះ​បី​យើង​បន្ទោស​អ្នកដទៃ វា​ក៏​មិន​មាន​ប្រយោជន៍​អី​ដែរ មែន​អត់?

ដំណោះស្រាយ៖

ដំណោះស្រាយ​តែ​ម្យ៉ាង​គឺ​រៀន​ទទួល​ស្គាល់ និង​កែប្រែ​កំហុស​របស់​ខ្លួន ហើយ​​ក្រោក​ឡើង​​មក​តាំង​គោលដៅ​ជា​ថ្មី ​ព្យាយាម​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង មិន​ថា​បាន​ជោគជ័យ ឬ​បរាជ័យ​គឺ​អាស្រ័យ​លើ​ខ្លួន​ឯង។  

៤. ខ្វះ​កម្លាំង​ជំរុញ​ចិត្ត និង​ការ​តស៊ូ

ធ្លាប់​តាំង​ចិត្ត​ធ្វើ​អ្វី​មួយ​ហើយ​ ប៉ុន្តែ​បែរ​បោះបង់​វា​ចោល​កណ្ដាល​ទី​អត់? ជឿ​ថា​ពេល​ខ្លះ អ្នក​ក៏​ធ្លាប់​បែប​នេះ ដូច​ជា​គិត​ថា​ថ្ងៃ​នេះ​នឹង​ចូល Gym ស្អែក​នឹង​ចាប់​ផ្ដើម​ Diet ប៉ុន្តែ​ធ្វើ​បាន​ប្រមាណ​តែ​មួយ​អាទិត្យ ឬជាង​មួយ​ខែ ក៏​ឈប់​បាត់។ បញ្ហា​បែប​នេះ​គឺ​ដោយ​សារ​យើង​ខ្វះ​ភាព​មោះមុត និង​កម្លាំង​ជំរុញ​ចិត្ត​​ឲ្យ​ចង់​ធ្វើ​នោះ​គ្រប់គ្រាន់។

ដំណោះស្រាយ៖

ត្រូវ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​ត្រូវធ្វើ ឬ​ចង់​សម្រេច​បាន។ អាច​ចាប់​ផ្ដើម​ម្ដង​បន្តិច​ៗ​ទៅ​សិន ហើយ​រំឭក​ខ្លួន​ឯង​ជានិច្ច​ថា​​តើ​វា​នឹង​ល្អ​បែប​ណា​បើ​យើង​ធ្វើ​វា​បាន​ជោគជ័យ​មែន​ទៅ​អនាគត។ មិន​គួរ​ដាក់​សម្ពាធ​ខ្លួន​ឯង​ពេក​នោះ​ទេ ព្រោះ​បើ​យើង​ស្ត្រេស វា​ក៏​អាច​ជះ​ផល​មិន​ល្អ​ដល់​សុខភាព ឬ​ធ្វើ​ឲ្យ​​យើង​បរាជ័យ​​ទាំង​កណ្ដាល​ទី។

រូបតំណាង

៥. គិត​ច្រើន​ជ្រុល រហូត​លែងហ៊ាន​ធ្វើ​អ្វី​ទាំង​អស់

ការ​គិត​វិភាគ​ច្រើន​ជ្រុល​លើ​ចំណុច​ខ្សោយ​របស់​ខ្លួន​​នឹង​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​បញ្ហា​​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​ការ​គិត​ទាំង​នោះ​នឹង​ចាក់​ឫស​កាន់​តែ​ជ្រៅ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​មិន​ល្អ​​ចំពោះ​ហេតុការណ៍​អាក្រក់​ៗ ឬ​កំហុស​ឆ្គង​ផ្សេង​ៗ​​ដែល​​មិន​ទាន់​ទាំង​​កើត​ឡើងផង។ ហើយ​ច្បាស់​ណាស់ វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្រ្តេស​ និង​មិន​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​​អ្វី​ទាំង​អស់។

ដំណោះស្រាយ៖

យក​ល្អ យើង​គួរ​ស្វែង​រក​ចំណុច​អ្វី​ដែល​វិជ្ជមាន និង​អ្វី​ដែល​ខ្លួន​ឯង​អាច​ធ្វើ​ទៅ​បាន ដែល​អាច​ជួយ​ឲ្យ​ខ្លួន​យើង​មាន​អារម្មណ៍​ល្អ ស្វាហាប់ និង​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ម្យ៉ាង។ អាច​សាក​ល្បង​ពិភាក្សា​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​បាន​ដឹង​ពី​ការ​មើល​​បញ្ហា និង​ឧបសគ្គ​របស់​ខ្លួន​ឯង​ក្នុង​ខ្សែ​ភ្នែក​អ្នក​ដទៃ។ គ្មាន​ជោគជ័យ​ឯណា​កើត​ឡើង​បាន​នោះ​ទេ បើ​យើង​មិន​ចាប់​ផ្ដើម​ធ្វើ ធ្វើ​ហើយ​មាន​ត្រូវ​មាន​ខុស វា​ជា​រឿង​ធម្មតា ៕

ចុចអាន៖

ប្រភព៖ goodlifeupdate ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម