របៀបហ្វឹកហាត់ខ្លួន ធ្វើការពីផ្ទះឲ្យមានប្រសិទ្ធភាព មិនធុញទ្រាន់

  • 2020-03-27 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទះ​សម្បែង​ដែល​ជា​​ទី​សម្រាក​ ស្នាក់​នៅ​កក់​ក្តៅ​​​រៀង​រាល់​ថ្ងៃ ឥលូវ​​ក៏​​បាន​​ប្រែ​ក្លាយ​​ជា​​​កន្លែង​​សម្រាប់​​ធ្វើ​ការ​បណ្តោះ​អាសន្ន ដើម្បី​ការពារ​​អ្នក​ពី​កូវីដ​១៩។ មាន​មនុស្ស​ចំនួន​ងាយ​​ស្រួល​ក្នុង​ការ​សម្រប​ខ្លួន​ ឯ​​អ្នក​​ខ្លះ​វិញ​​​​​មាន​ធុញ​ទ្រាន់ ស្មុគស្មាញ​ពិបាក​នឹង​ផ្តោត​អារម្មណ៍​ ដោយ​សារ​តែ​ស្ថានភាព​ការងារ​ត្រូវ​ផ្លាស់​ប្តូរ​ភ្លាមៗ​។ ដើម្បី​ជួយ​សម្រួល​​​សភាពការណ៍​​ឲ្យ​ប្រសើរ​ឡើង​វិញ​ អាច​ធ្វើ​ការ​ពី​ផ្ទះ​​ប្រកប​ដោយ​ប្រសិទ្ធភាព គួរ​​អនុវត្ត​វិធី​ដូច​ខាង​ក្រោម។

១. រៀប​ចំ​កន្លែង​អង្គុយ​ធ្វើ​ការ​សមរម្យ​មួយ

អ្នក​អាច​រក​ជ្រុង​ណា​មួយ​នៅ​​បរិវេណ​ក្នុង​ផ្ទះ ដើម្បី​រៀប​ចំ​ទុក​អង្គុយ​​សម្រាប់​តែ​ធ្វើការ​ងារ​។ វិធី​​នេះ​​សំខាន់​ណាស់​ ព្រោះ​វា​​​អាច​ជួយ​​ឲ្យ​អ្នក​​​​ផ្តោត​អារម្មណ៍​​បាន​មូល​ជាង​មុន ជា​ជាង​ការ​ងាក​ចុះ​ឡើង មើល​​នេះ​នោះ​រញ៉េរញ៉ៃ​​នាំ​ឲ្យ​​វិលវល់។

២. ងូត​ទឹក​មុន​នឹង​ស្លៀកពាក់ឲ្យ​បាន​ស្អាត​

ទោះ​បី​ជា​នៅ​ផ្ទះ​ មិន​ចាំ​បាច់​ស្លៀក​ពាក់​រៀបរយ​ដូច​ជា​ពេល​មក​ធ្វើ​ការ​ក៏​ដោយ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ពេល​ភ្ញាក់​ឡើង​ អ្នក​គួរ​តែ​ងូត​ទឹក​ឲ្យ​បាន​ស្អាត​​បាត ផ្លាស់​ប្តូរ​សម្លៀកបំពាក់ ញ៉ាំ​អាហារ​ពេល​ព្រឹក ដើម្បី​​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​​ថ្លា មាន​កម្លាំង​កំហែង​​ក្នុង​ការ​បន្ត​​ការងារ​បាន​ពេញ​មួយ​ថ្ងៃ​​។

៣. កំណត់​ម៉ោង​ធ្វើការ​និង​​ម៉ោង​សម្រាក

ចាប់​ផ្តើម​ធ្វើ​ការ​ងារ​ ដូច​ជា​ពេល​​ដែល​អ្នក​ត្រូវ​​ទៅ​ធ្វើ​នៅ​ខាង​ក្រៅ​ដូច​សព្វ​ដង ដោយ​មិន​អូស​បន្លាយ​យូរ។ ក្នុង​រយៈ​ពេល​១​ម៉ោង គួរ​ឈប់​សម្រាក​ឲ្យ​បាន ៥-១០​នាទី។ អាច​ឈរ​ ដើរ​ឬ​បត់បែន​ដ​ង​ខ្លួន​ខ្លះ​ទើប​ល្អ​។ មិន​ត្រូវ​ធ្វើ​ការ​រហូត​ដល់​ខក​ម៉ោង​បាយ​ថ្ងៃ​ត្រង់​យូរ​ពេក ពុំ​ដូច្នោះ​ទេ អ្នក​ច្បាស់​ជា​ឆាប់​អស់​កម្លាំង​ស្រ្តេស​មួម៉ៅ។ ជៀស​វាង​ការ​ធ្វើ​រហូត​ដល់​យប់​ជ្រៅ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​រាង​កាយ​​នឿយ​ហត់​លើស​កម្រិត ប៉ះពាល់​ដល់​ដំណេក និង​ដំណើរការ​នៃ​ខួរក្បាល​។

៤. បែង​ចែក​ពេល​វេលាហាត់ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ

​ពេល​ធ្វើ​ការ​ងារ​នៅ​ផ្ទះ អ្នក​អាច​នឹង​អង្គុយ​យូរ​ម៉ោង​មិន​សូវ​បាន​ដើរ​ឬ​ធ្វើ​អ្វី​ផ្សេង​។ បែប​នេះ​ពិត​ជា​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​​ណាស់ ថែម​ទាំង​អាច​នាំ​ឲ្យ​អ្នក​ប្រឈម​​នឹង​បញ្ហា​ផ្សេងៗ​ដូច​ជា​ ដំណើរ​ឈាម​មិន​ល្អ លើស​ទម្ងន់ ឈឺ​ចង្កេះ​ឬ​​​រោយ​ស្មា​ជា​ដើម​។ បន្ទាប់​ពី​ធ្វើ​ការ​រួច គួរ​ឆ្លៀត​ពេល​ហាត់​ប្រាណ ដោយ​ការ​ដើរ​ រត់ ពត់​ពែន​ដង​ខ្លួន​ ដើម្បី​បញ្ចេញ​ជាតិ​ពុល​​កាត់​បន្ថយ​ភាព​តាន​តឹង និង​មាន​សុខភាព​ល្អ​៕

ចុចអានបន្ត៖ ទោះកូវីដ១៩ មិនអាចបញ្ឈប់ងាយៗ យ៉ាងហោចណាស់ អ្នកអាចគ្រប់គ្រងរឿងទាំងនេះបានដោយខ្លួនឯង ដើម្បីសុវត្ថិភាព

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី