កំហុស ៨ យ៉ាង ធ្វើឲ្យរន្ធញើសកាន់តែរីកធំទៅៗពិបាកកែខៃ

  • 2020-03-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​មាន​ប្រេង​ច្រើន កោសិកា​ងាប់​ៗ ធូលី​កខ្វក់ រួម​ទាំង​បាក់តេរី​ផ្សេងៗ អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​ស្ទះ​និង​រីក​កាន់​តែ​ធំទៅៗ។ ការ​ថែរក្សា​ស្បែក​ពិត​ជា​រឿង​សំខាន់ ប៉ុន្តែ​ពេល​ខ្លះ​ប្រសិន​បើ​លើសលប់​ពេក ឬ​ធ្វើ​ដោយ​មិន​ត្រឹម​ត្រូវ​ វា​​នឹង​​បង្ក​ផល​អាក្រក់​​ដល់​សុខភាព​ស្បែក​មុខ​តែ​ម្តង។ ​

១. ប្រើ​ក្រដាស​ជូត​ប្រេង​លើ​មុខ​ញឹក​ញាប់

ជាទូទៅ​​ក្រដាស​ជូត​ប្រេង​​លើ​ស្បែក​មុខ ប្រៀប​បាន​​ដូច​ជា​ជំនួយ​ការ ដែល​អ្នក​មិន​អាច​ខ្វះ​បាន​ នៅ​ពេល​អាកាសធាតុ​ក្តៅ​ បណ្តាល​ឲ្យ​​ផ្ទៃ​មុខ​ឡើង​ខ្លាញ់​និង​បែក​ញើស​ជា​ដើម​។ យ៉ាង​ណា​មិញ​ ការ​ប្រើ​ប្រើប្រាស់​ញឹកញាប់​ពេក វា​នឹង​​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក ព្រោះ​​ស្រទាប់​​ស្តើង​នៃ​ជាតិ​ប្រេង​​មុខ​លើ​​ក៏​​មាន​សារប្រយោជន៍​ចំពោះ​ស្បែក​ដែរ។ កាលណា​អ្នក​ជូត​វា​ឲ្យ​ស្ងួត​រហូត​ពេក នោះ​ស្បែក​នឹង​ព្យាយាម​ផលិត​ប្រេង​កាន់​តែ​ច្រើន ជា​ហេតុ​​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស​​និង​រីក​កាន់​តែ​ធំ​។

២. ព្យាយាម​ញេច​​មុន​គ្រប់​ប្រភេទ​ទាំង​មិន​ទាំង​មិន​ទាន់​ទុំ​ស្រួលបួល

ពិត​ណាស់​នៅ​ពេល​​ញេច​មុន​ឲ្យ​ចេញ​មក​ខាង​ក្រៅ អាច​ធ្វើ​ឲ្យ​អ្នក​ស្រឡះ​ក្នុង​ចិត្ត ប៉ុន្តែ​គួរ​គិត​ពី​សុវត្ថិភាព​ផង។ ប្រសិន​បើ​អ្នក​បង្ខំ​​ញេច​ទាំង​មុន​មិន​ទាន់​ទុំ​ស្រួល​​បួល​ បាក់តេរី​នឹង​ជ្រៀត​ចូល​ទៅ​កាន់​ស្រទាប់​នៃ​ស្បែក ដែល​ធ្វើ​ឲ្យ​មុន​កាន់​តែ​​រាល​ដាល រន្ធញើស​រីក​ធំ និង​បន្សល់​ទុក​នូវ​ស្នាម​មិន​ងាយ​ជា​សះស្បើយ។

៣. ប្រើ​ផលិតផល​ជម្រុះ​កោសិកា​ខ្លាំង​ពេក

ការ​ដុះ​ខាត់​ជម្រុះ​កោសិកា​ចាស់​ៗ​លើ​ស្បែក អាច​ជួយ​សម្អាត​ជាតិ​កខ្វក់​​​​ ជាតិ​ប្រេង ដែល​​អាច​បង្ក​ឲ្យ​​ស្ទះ​​រន្ធ​ញើស។ ការ​ធ្វើ​ញឹក​ញាប់​ពេក​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា​ដែរ ដូច្នេះ​អាច​ធ្វើ​ ១-២​ដង​ ក្នុង​មួយ​សប្តាហ៍​​ក៏​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។ សូម្បី​តែ​ការ​លាង​សម្អាត​មុខ ក៏មិន​គួរ​លើស​ពី​ពីរ​ដង​ដែរ​ក្នុង​មួយ​ថ្ងៃ​។

៤. បណ្តោយ​ឲ្យ​ស្បែក​នៅ​ស្ងួត​យូរ

​ស្បែក​ស្ងួត​​ពេក នឹង​បណ្តាល​ឲ្យ​មាន​ស្នាម​ជ្រួញ​ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​​ឆាប់​ចាស់។ មិន​តែ​ប៉ុណ្ណោះ វា​​ក៏​អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​លេច​ចេញ​មក​ក្រៅ​ និង​មើល​ទៅ​ឃើញ​កាន់​តែ​ធំ។ ដើម្បី​ការពារ​​និង​ជៀសវាង​ពី​បញ្ហា​អស់​ទាំង​នោះ គូរ​ប្រើ​ទឹក​ជូត​ឬ​ផលិតផល​ណា​ដែល​អាច​ផ្តល់​សំណើម សម​ស្រប​ទៅ​តាម​ប្រភេទ​ស្បែក​របស់​អ្នក​។

៥. ប្រើ​ផលិតផល​ដែល​​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស​

ធាតុ​ផ្សំ​មួយ​ចំនួន ដែល​ត្រូវ​​បាន​ដាក់​បញ្ចូល​ក្នុង​ផលិតផល​ថែរក្សា​ស្បែក​ ពិត​ជា​មិន​ល្អ​ឡើយ​ប្រសិន​បើ​អ្នក​យក​មក​​លាប​នៅ​លើ​ផ្ទៃ​មុខ​។ ក្នុង​នោះ​មាន​ដូចជា ប៊ឺ​កាកាវ ប្រេង​ដូង គ្រីម​ដែល​មាន​ផ្ទុក​សារធាតុ​ lanolin​...។ វា​មាន​តួនាទី​ផ្តល់​សំណើម​ពិត​មែន ប៉ុន្តែ​ផល​អវិជ្ជមាន​នោះ​គឺ អាច​បណ្តាល​ឲ្យ​ស្បែក​​​មាន​ស្នាម និង​​បន្សល់​ជាតិ​កខ្វក់​នៅ​ក្នុង​រន្ធ​ញើស​ទៀត​ផង​។

៦. ថែម​គ្រឿង​សម្អាង​ញឹក​ញាប់​ពេក

អ្នក​អាច​​ផាត់​មុខ​ស្តើង​ៗ​បែប​ធម្មជាតិ​​រាល់​ថ្ងៃ ប៉ុន្តែ​មិន​​គួរ​ថែម​ញឹក​ញាប់​ពេក​ទេ​។ បើ​អ្នក​ផាត់​ម្សៅ​ក្រាស់​ៗ ប្រៀប​បាន​ដូច​ជា​អ្នក​កំពុង​​បញ្ជូន​ជាតិ​កខ្វក់​ ជា​តិ​ប្រេង និង​បិទ​រន្ធ​ញើស​​ជិត​ឈឹង​។ ពេល​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ស្បែក​ងាយ​នឹង​កើត​បញ្ហា​ផ្សេងៗ ជាពិសេស​គឺ​ចេញ​មុន​តែ​ម្តង។

៧. ញ៉ាំ​​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ស្បែក

​​​អាហារ​ផលិត​ចេញ​ពី​ទឹកដោះគោ ជាតិ​អាល់កុល ជាតិ​ស្ករ​ខ្ពស់ ហឹរ​ ឬ​ប្រើ​ខ្លាញ់​ច្រើន គឺ​មិន​ល្អ​ទាល់​តែ​សោះ​សម្រាប់​សុខភាព​ស្បែក​។ វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​​ឡើង​កម្តៅ ជា​ហេតុ​បង្ក​ឲ្យ​ឡើង​មុន​។ ការ​កើត​មុន​​នាំ​ឲ្យ​ក្រពេញ​ញើស​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​កាន់​តែ​ធំ​។ ហេតុ​នេះ​គួរ​ជ្រើសរើស​​របប​អាហារ​ដែល​ត្រឹម​ត្រូវ​ និង​អាច​ជួយ​ឲ្យ​សុខភាព​ស្បែក​ប្រសើរ​ឡើង​។

៨. មិន​ប្រើ​ប្រាស់​ផលិតផល​ការពារ​កម្តៅ​ថ្ងៃ

ពន្លឺ​ព្រះ​អាទិត្យ​​​​ពិត​ជា​មាន​ផល​​ប៉ះពាល់​​ជា​​ច្រើន​ដល់​ស្បែក​​ដូច​ជា ធ្វើ​ឲ្យ​ស្បែក​ស្ងួត​​រឹង​ បាត់​បង់​ខូឡាជែន ភាព​រលាស់ ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​​ជាលិកា​រួម​តូច​។ បញ្ហា​ទាំង​នេះ​ដែរ នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​កាន់​តែ​ធំ​ទៅៗ ដូច្នេះ​គួរ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ មុន​ពេល​ដែល​អ្នក​ចេញ​ទោ​ខាង​ក្រៅ​​ប៉ះ​ជាមួយ​នឹង​កម្តៅ​ថ្ងៃ​៕​​

ចុចអានបន្ត៖ អាហារ ៤ ប្រភេទ នារីមិនគួរបរិភោគ ដើម្បីចៀសវាងបញ្ហាមុខមុន

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម