សញ្ញា ៧ បង្ហាញថាអ្នកជាឪពុកម្តាយដ៏ល្អ ទោះបីជាអ្នកមិនសូវប្រាកដក្នុងចិត្តក៏ដោយ

  • 2020-03-11 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្តាយគ្រប់រូបតែងតែធ្វើល្អដាក់កូនៗគ្រប់គ្នា។ មានឪពុកម្តាយមួយចំនួនតឹងរឹងចំពោះកូនរបស់ខ្លួន ហើយមួយចំនួនទៀតពុំសូវតឹងរឹង តែទង្វើដែលពួកគាត់ធ្វើសុទ្ធសឹងតែធ្វើឡើងដើម្បីឲ្យរូបកូនមានអនាគតល្អតែប៉ុណ្ណោះ។ តើអ្នកចង់ដឹងទេ ៧ ចំណុចអាចបង្ហាញថា អ្នកជាឪពុកម្តាយដ៏ល្អសម្រាប់កូននោះ? ចំណុចអស់ទាំងនោះរួមមាន៖

១. អ្នកចែករំលែកបញ្ហាជាមួយកូនៗ

រូបតំណាង

នៅពេលកូនស្រីឬកូនប្រុសចែករំលែកពីការជោគជ័យនិងស្នាដៃរបស់ពួកគេ ក្នុងនាមជាឪពុកម្តាយអ្នកពិតជាសប្បាយរីករាយក្រៃ។ តែវាកាន់តែប្រសើរជាងនេះទៅទៀតគឺនៅពេលកូនៗរបស់អ្នកចែករំលែកពីបញ្ហារបស់ពួកគេ​ទៅកាន់អ្នក។ វាពិតជាសំខាន់អ្នកនៅពេលមាននរណាម្នាក់ស្តាប់និងគាំទ្រអំពីបញ្ហាដែលខ្លួន​បាន​ជួប​ប្រទះ ដូច្នេះកូនៗរបស់អ្នកនឹងមានភាពកក់ក្តៅនៅពេលស្តាប់ពីការពន្យល់និងលើកទឹកចិត្តរបស់​ម្តាយ​ឪពុក​ខ្លួន ព្រោះនរណាក៏ធ្លាប់សាងកំហុសដែរ។

២. អ្នកមិនគិតថា ពិន្ទុល្អគឺត្រូវតែកើតឡើងគ្រប់ពេលនោះទេ

រូបតំណាង

កុមារមិនតិចឡើយតែងមានការភ័យខ្លាចនៅពេលពួកគេទទួលបានពិន្ទុតិចក្នុងការសិក្សា។ កូនៗគួរតែប្រាប់ឪពុកម្តាយដោយគ្មានការភ័យខ្លាច ប្រសិនបើគេទទួលបានលទ្ធពុំសូវល្អក្នុងការសិក្សា។ ឪពុកម្តាយល្អគួរតែពន្យល់ប្រាប់កូនៗថាការប្រឹងប្រែងរៀនសូត្រគឺជារឿងល្អ តែចំណេះដឹងដែលយើងមានទើបជារឿងដែលខ្វះមិនបានព្រោះពិន្ទុតិចមិនបានសម្រេចលើរឿងគ្រប់យ៉ាងឡើយ។

៣. ចេះគោរពចំពោះពេលវេលាផ្ទាល់ខ្លួនរបស់សមាជិកគ្រប់រូប

រូបតំណាង

ឪពុកម្តាយជាច្រើនតែងតម្រូវឲ្យកូនៗគោះទ្វារមុនចូលបន្ទប់របស់ខ្លួន។ ដូចគ្នានេះដែរ មុនចូលបន្ទប់របស់កូនៗ ឪពុកម្តាយគប្បីចេះគោរពច្បាប់ក្នុងគ្រួសារដូចគ្នា គឺត្រូវចេះគោះទ្វាររបស់កូនមុនពេលចូលបន្ទប់។ ទង្វើបែបនេះទើបហៅថាការគោរពសិទ្ធិស្មើគ្នាចំពោះសមាជិកគ្រួសារគ្រប់រូប។

៤. អ្នកមិនរិះគន់ចាប់កំហុសកូនៗ

រូបតំណាង

ឪពុកម្តាយដែលល្អគឺមិនដែលរិះគន់ ស្តីឲ្យថាឲ្យ ឬហៅកូនខ្លួនថា ល្ងង់ ស្គម ឬធាត់ឡើយ។ ការប្រើប្រាស់ពាក្យអស់ទាំងនេះអាចបណ្តាលឲ្យពួកគេមានអារម្មណ៍មិនល្អ ឬដិតដាមក្នុងចិត្តរបស់ពួកគេរហូតក៏ថាបាន។ ដូច្នោះ អ្នកគួរប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍មុននិយាយទៅកាន់កូនៗ។

៥. អ្នកទទួលស្គាល់កំហុសរបស់ខ្លួននិងនិយាយសុំទោស

នរណាក៏ចេះបង្កើតកំហុស មិនថាក្មេងៗឬមនុស្សពេញវ័យ។ ឪពុកម្តាមួយតែងប្រាប់កូនៗឲ្យចេះសុំទោសរាល់ពេលកូនសាងកំហុស តែឪពុកម្តាយក៏គួរតែចេះសុំទោសដែរនៅពេលដែលខ្លួនសាងកំហុសនោះ។ អ្នកមិនគួរខ្មាសអៀនឡើយក្នុងការនិយាយសុំទោស។ មនុស្សដែលដឹងពីចំណុចខ្សោយរបស់ខ្លួនជាមនុស្សមានភាពរឹងមាំ។

៦. អ្នកមិនបង្ខំកូនឲ្យធ្វើរឿងដើម្បីផលប្រយោជន៍ខ្លួន

រូបតំណាង

កុមារគួរតែធ្វើរឿងដែលពួកគេចូលចិត្ត មិនមែនជារឿងដែលឪពុកម្តាយចូលចិត្តឡើយ។ អ្នកគួរតែចេះកត់សម្គាល់ទេពកោស្យនិងចំណង់ចំណូលចិត្តរបស់កូនៗខ្លួនថាពួកគេចូលចិត្តធ្វើអ្វី។ ឪពុកម្តាយល្អជាឪពុកម្តាយដែលចេះជម្រុញនិងលើកទឹកចិត្តកូនខ្លួនដើម្បីសម្រេចក្តីស្រម៉ៃរបស់ខ្លួនចង់បាន។

៧. អ្នកជឿជាក់លើពាក្យកូនៗរបស់អ្នក

រូបតំណាង

ជារឿងដែលតែងកើតឡើងចំពោះកុមារនោះគឺបញ្ហានៅសាលារៀនផ្ទាល់តែម្តង។ នៅពេលមានបញ្ហានៅសាលាកើតឡើង អ្នកគប្បីចេះស្តាប់ហេតុផលកូន និងសួរពួកគេដោយសម្តីសមរម្យ ទើបធ្វើឲ្យកុមារពុំសូវមានភាពភ័យខ្លាច។ ការធ្វើបែបនេះនឹងជួយឲ្យកុមារអាចឆ្លើយប្រាប់ពីស្ថានការណ៍ដែលពិតជាបានកើតឡើង៕

ចុចអានបន្ត៖

ជីវិតគ្រួសារគ្មានថ្ងៃបែកបាក់ ស្រលាញ់គ្នាដល់ចាស់កោងខ្នងដោយកត្តាតូចៗទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម