អានច្រើន បង្កើនចំណេះ ជម្រុញឲ្យយុវតីខ្មែរមួយរូបបង្កើតវេបសាយអភិវឌ្ឍខ្លួននេះឡើង

  • 2020-03-16 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យចាស់លោកតែងពោលថា «កាន់តែអាន កាន់តែចេះ» ពំនោលមួយនេះពិតជាពុំខុសមែន។ ជាក់ស្តែង យុវតីខ្មែរមួយរូប កញ្ញា សៀង សុខចេង ជាសហស្ថាបនិកវេបសាយ វប្បធម៌ (Wapatoa) ជាគំរូតែម្តង។ វេបសាយមួយនេះត្រូវបានបង្កើតឡើងដោយមានសហស្ថាបនិកមួយរូបទៀតគឺជាមិត្តភ័ក្តិរបស់កញ្ញា សុខចេង ជន​ជាតិ​បរទេស ឈ្មោះ Alix Feschotte ដោយចូលរួមបង្កើតបានរយៈពេលជិត ៣ ឆ្នាំមកហើយគិតចាប់តាំងពីដើមឆ្នាំ ២០១៨ មក​ម្ល៉េះ។ កញ្ញា សុខចេង បានសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មនិងភាសាអង់​គ្លេស​ហើយ​កន្លង​មកក៏ធ្លាប់ធ្វើជាអ្នកបកប្រែផងដែរ។

រូបភាពពី Facebook កញ្ញា សៀង សុខចេង

ដំបូងឡើយ កញ្ញា សុខចេង គ្រាន់តែជាអ្នកសរសេរប្លុកមួយរូបប៉ុណ្ណោះ។ បន្ទាប់មកក៏មានការចាប់អារម្មណ៍ពីសំណាក់មិត្តយុវវ័យដោយការអានប្លុកនោះធ្វើឲ្យយុវជនមួយចំនួនបានផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ក្រោយមកទៀតខ្លួនក៏បានជួបជាមួយសហស្ថាបនិករបស់ខ្លួនគឺ Alix ហើយក៏បានផ្តួចផ្តើមគំនិតបង្កើតវេបសាយ វប្បធម៌ (Wapatoa) នេះឡើងមក។ កញ្ញាក៏បន្ថែមទៀតថា គោលបំណងនៃការបង្កើតវេបសាយនេះគឺដោយសារចង់ជួយឲ្យកូនខ្មែរទាំងអស់ចេះអភិវឌ្ឍខ្លួន។

រូបភាពពី Facebook កញ្ញា សៀង សុខចេង

ការ​សម្រេច​ចិត្តបង្កើតវេបសាយមួយនេះឡើងគឺដោយសារតែបទពិសោធន៍ផ្ទាល់របស់ខ្លួន​របស់សុខចេងកាលនៅវ័យ​វិទ្យា​ល័យ។ កញ្ញា សុខចេង បានប្រាប់ថា៖«ខ្ញុំជាមនុស្សដែលចាប់អារម្មណ៍ការអភិវឌ្ឍន៍ខ្លួន ជាពិ​សេស​ពេល​ដែល​ចូលវិទ្យាល័យ ចាប់បផ្តើមឃើញខ្លួនឯងខ្វះខាតច្រើនមែនទែនដូចជាយើងខ្លាចគេ យើង​អត់សូវមានទំនុក​ចិត្ត​លើខ្លួនឯង យើងអត់សូវយល់ពីសង្គម បញ្ហាជាមួយមិត្តភ័ក្តិ គ្រួសារ ឬសង្សារ យើងឃើញថាខ្លួន​ឯង​ខ្វះ​ច្រើន។»

គួរបញ្ជាក់ផងដែរថា នៅក្នុងវេបសាយមួយនេះមានជាពីរភាសាគឺភាសាខ្មែរ និងភាសាអង់គ្លេស។ ភាគ​ច្រើន​ផ្តោត​ទៅ​លើប្រធានបទដូចជាសុខភាពផ្លូវ​ចិត្ត ការចេះគ្រប់គ្រង់លុយ សិល្បៈ ការថែរក្សា​បរិ​ស្ថាន និងការដើរ​លេង​ជាដើម។ វេបសាយមួយនេះនឹងជួយអភិវឌ្ឍដល់អ្នកបានចំនួន ៥០% ហើយសល់ ៥០% ទៀត​គឺ​អា​ស្រ័យ​ទៅលើអ្នកអានផ្ទាល់ដោយពួកគេត្រូវតែយកគន្លឹះទាំងនោះមកអនុវត្តផ្ទាល់នៅក្នុងជីវិតប្រចាំថ្ងៃ។

រូបភាពពី Facebook កញ្ញា សៀង សុខចេង

ជាសមិទ្ធផលនៃការបង្កើតវេបសាយ សហស្ថាបនិករូបនេះបានទទួលបានពាន​រង្វាន់ ស្រ្តីទីមួយ​​ដែល​​បង្កើត​មាតិកា​​ព័ត៌មាន​​ច្នៃ​​ប្រឌិត ពី Cambodian Women in Tech Award 2019។

កញ្ញា សុខចេង បានថ្លែងថា ឆ្នាំថ្មីនេះ ក្រុមការងាររបស់ខ្លួននឹងបង្កើតជាសៀវភៅណែនាំ (Guide Book) សម្រាប់អ្នកអាន និងបង្កើតជាកម្មវិធីជួបជុំគ្នានៅខាងក្រៅឬ meet up ទៅតាមប្រធានបទផ្សេងៗបន្ថែមទៀត៕

អានបន្ត៖ ​ ទម្រាំមានថ្ងៃនេះ ជីវិតតស៊ូរបស់កូនចាបមាសធ្លាប់ជាអ្នកស៊ីឈ្នួលតាមផ្ទះសន្សំលុយរៀន

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម