របៀបនៃការដើរអាចបញ្ជាក់យ៉ាងច្បាស់ពីអត្តចរិតខុសៗគ្នារបស់មនុស្ស

  • 2020-03-05 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​សិក្សា​ស្រាវជ្រាវ​​ពិសេស​​ ផ្សាយ​​ចេញ​ក្នុង​ឆ្នាំ​​ ២០១៧ ដោយ​លោក Caleb Backe ដែល​ជា​អ្នក​ជំនាញ​ផ្នែក​សុខភាព បាន​ចែក​រំលែក​ពី​របៀប​ដើរ ដែល​អាច​បញ្ជាក់​ពី​អត្តចរិត​​ខុស​ៗ​គ្នា​របស់​មនុស្ស​។ ចង់​ដឹង​កាន់​តែ​ច្បាស់ អាច​សង្កេត​មើល​តាម​រយៈ​ចំណុច​និមួយៗ តាម​ប្រភេទ​មនុស្ស​ផ្សេងៗ​គ្នា​ដូច​ខាង​ក្រោម​។

ប្រភេទទី១៖ ចរិត​ចៅហ្វាយ​នាយ

ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ចរិត​ប្រភេទ​ទី​១​នេះ ជា​ទូ​ទៅ​អ្នក​តែង​តែ​ដើរ​លឿន​ៗ​និង​ផ្តោត​ចិត្ត​យ៉ាង​មុតមាំ​​ទៅ​លើ​ជំហាន​​របស់​ខ្លួន។ អ្នក​ដើរ​ដោយ​ទំនុក​ចិត្ត ងើយ​មុខ​​ឡើង​ជាមួយ​នឹង​ការ​គិត​អ្វី​ម្យ៉ាង​​នៅ​ក្នុង​ខួរក្បាល។ ភាគ​ច្រើន​អ្នក​ពុំ​សូវ​ចាប់​អារម្មណ៍​ជាមួយ​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ទេ ប៉ុន្តែ​អាច​ឆាប់​មាន​ប្រតិកម្ម​បើ​មាន​គេ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​អ្នក​។

​​​អ្នក​ជា​មនុស្ស​​​គិតគូរ​ពី​គោលដៅ និង​ចេះ​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ។ យ៉ាង​ណា​មិញ ពេល​ខ្លះ​អ្នក​ពុំ​សូវ​បង្ហាញ​ភាព​រួសរាយ​ប៉ុន្មាន​ទេ។

ប្រភេទទី២៖ ចរិត​អ្នក​សម្របសម្រួល

​ដំណើរ​របស់​អ្នក​គឺ​មាន​ជំហាន​ខ្លីៗ ហើយ​ទម្លាក់​ស្មា​ចុះ​ក្រោម។ អ្នក​ក៏​មិន​ចូលចិត្ត​សម្លឹង​ភ្នែក​អ្នក​ដទៃ​ចំៗ​ដែរ។ ដោយ​សារ​តែ​​ចរិត​ប្រភេទ​នេះ​ ភាគ​ច្រើន​ជា​មនុស្ស​ស្ងប់ស្ងៀម មិន​សូវ​បាន​សម្តី និង​ខ្មាស​អៀន​ច្រើន​។ មុន​នឹង​​សម្រេច​ចិត្ត​រាប់​អាន​នរណា​ម្នាក់​ពិត​ប្រាកដ អ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។

ប្រភេទទី៣៖ ចរិត​អ្នក​នយោបាយ

ដំណើរ​របស់​អ្នក​ពោរពេញ​ដោយ​ភាព​ជឿជាក់ មាន​ថាមពល​ ងើយ​មុខ​ឡើង​យ៉ាង​ម៉ត់ចត់ ​តម្រង់​ទ្រូង​​មក​មុខ​ ហើយ​ស្មា​ទាំង​សង​ខាង​បើក​ទៅ​ខាង​ក្រោយ​បន្តិច។ អ្នក​ក៏​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រឈម​នឹង​បញ្ហា​នានា មិន​រុញរា​​​​ក្នុង​ការ​រៀន​សូត្រ​នូវ​បទ​ពិសោធ​ថ្មីៗ​។ អ្នក​ប៉ិន​ប្រសប់​​ផ្នែក​​វោហារ​សាសព្ទ និង​ទំនាក់​ទំនង​ក្នុង​សង្គម។ ​​

ប្រភេទទី៤៖ ចរិត​បារម្ភ​ភ័យ​ព្រួយ

បើ​អ្នក​ជា​មនុស្ស​ពូកែ​ខាង​ពិបាក​ចិត្ត ​ភ័យ​ព្រួយ​ អ្នក​តែង​ដើរ​​យឺត​ៗ​និង​ប្រុង​ប្រយ័ត្ន។ ជំហាន​និមួយ​ៗ​ក៏​ខ្លី​ ប៉ុន្តែ​អាច​នឹង​អូស​បន្តិច។ ក្តី​បារម្ភ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​សម្លឹង​​ចុះ​​ក្រោម មើល​ទៅ​​ហាក់​ដូច​ជា​គិត​អី​មិន​ចេញ​។

ប្រភេទទី៥៖ ចរិត​ស្រស់​ស្រាយ

មនុស្ស​ដែល​រីករាយ​ស្រស់​ស្រាយ តែង​ដើរ​ដោយ​មិន​​ខ្វល់​ខ្វាយ មើល​ទៅ​ពិត​ជា​ធូរ​ស្រាល​អារម្មណ៍​។ គ្រប់​ជំហាន​គឺ​យឺត​ល្មម​ រាង​កាយ​មិន​តឹង​តែង​ជាមួយ​នឹង​កាយវិការ​សប្បាយ​ៗ​។ បើ​អ្នក​ជា​មនុស្ស​ប្រភេទទី​៥​នេះ អ្នក​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង​ទៅ​​ទៀត។ អ្នក​មាន​ចិត្ត​ត្រជាក់ ចូលចិត្ត​បង្ហាញ​អារម្មណ៍​​ពិត គ្រាន់​តែ​ពេល​ខ្លះ​មិន​សូវ​ខ្វល់​ខ្វាយ​​ពី​កិច្ច​ការងារ​​និង​ឆាប់​ទទួល​រង​ឥទ្ធិពល​ពី​អ្នក​ដទៃ។ ​

ប្រភេទទី៦៖ ចរិត​​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង

ជាទូទៅ​អ្នក​តែង​ដើរ​ដោយ​ការ​ជឿជាក់​និង​គោលបំណង​ក្នុង​ចិត្ត។ អ្នក​​បោះ​ដៃ​ទាំង​សង​ខាង​ចុះ​ឡើង និង​មាន​ជំហាន​ខ្លាំងៗ ដែល​នរណា​ឃើញ​ហើយ​ក៏​ចាប់​អារម្មណ៍​ចង់​ងាក​មើល។ អ្នក​ងើយ​ក្បាល​​ពើង​ទ្រូង​ឡើង និង​ផ្តោត​ចិត្ត​លើ​ខ្លួន​ឯង។ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​អាច​ធ្វើ​អ្វីៗ​បាន​ដោយ​ខ្លួន​ឯង ចូល​ចិត្ត​បង្គាប់​បញ្ជា​និង​មាន​មន្ត​ស្នេហ៍​ផង​ដែរ។​

ប្រភេទទី៧៖ ចរិត​គាំ​ទ្រ​លើក​ទឹក​ចិត្ត

អ្នក​បោះ​ជំហាន​ក្នុង​ប្រវែង​សមរម្យ​ល្មម ជាមួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់។ ចរិត​បែប​នេះ តែង​តែ​ពូកែ​ខាង​សហការ​ជាមួយ​អ្នក​ដទៃ ចេះ​ស្តាប់​ហេតុផល និយាយ​ស្តី​ដោយ​មាន​ការ​គិត​ម៉ត់ចត់ ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ​និង​ទំនាក់​ទំនង​ជាមួយ​មនុស្សគ្រប់​គ្នា។ អ្នក​តែង​ជួយ​យក​អសារ​គេ​ឯង ស្មោះ​ត្រង់​និង​អាច​ពឹង​ពាក់​បាន។

សូម្បី​តែ​​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់​ខល​មក​​លេង ក៏​​អាច​ធ្វើ​ឲ្យ​ថ្ងៃ​ថ្មី​របស់​អ្នក​ពោរពេញ​ដោយ​ពន្លឺ​ដែរ។ មិន​ខុស​ពី​ចរិត​ប្រភេទ​ទី​៣​ប៉ុន្មាន​ទេ ព្រោះ​អ្នក​ចូលចិត្ត​ធ្វើ​កាយវិការ​ពេល​និយាយ​ស្តី សម្លឹង​ភ្នែក​ចំៗ និង​​ចេះ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​​ដទៃ​សូម្បី​តែ​ពេល​ដើរ។ ​

ប្រភេទទី៨៖ ចរិត​មួយ​ៗ

អ្នក​តែង​ដើរ​មួយ​ៗ​ បោះ​ជំហាន​ខ្លី​ៗ ដែល​អាច​បង្ហាញ​ថា អ្នក​ជា​មនុស្សផ្តោតលើខ្លួនឯង​ច្រើន​ជាង​អ្នក​ដទៃ និង​មិន​សូវ​ស្វះស្វែង​​ក្នុង​កិច្ចការ​ផ្សេងៗ​។ យ៉ាង​ណា​មិញ​ សម្រាប់​អ្នក​ដែល​មាន​ដំណើរ​បែប​នេះ ពេល​​ខ្លះ​គឺ​អាច​បណ្តាល​មក​ពី​បញ្ហា​ឈឺ​សាច់​ដុំ​កំភួន​ជើង​ឬ​ជាប់​សរសៃ​ត្រគាក​ជាដើម​។ ​​​

រភេទទី៩៖ ចរិត​​ដើរ​ខ្វែង​ដៃ​លើ​គ្នា

បើ​អ្នក​មាន​ទម្លាប់​ដើរ​បែប​នេះ មាន​ន័យ​ថា អ្នក​ចូល​ចិត្ត​នៅ​ម្នាក់​ឯង និង​រស់​នៅ​​តែ​ឯង​ៗ។ វា​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា​ អ្នក​ជា​មនុស្ស​ដែល​ឆាប់​ងាយ​នឹង​រក​ភាព​ឈឺ​ចាប់​ផង​ដែរ។ តាម​ការ​អះ​អាង​របស់​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​បាន​និយាយ​ថា​ ការ​ដើរ​ដាក់​ដៃខ្វែង​លើ​គ្នា ពិត​ជា​អាច​បង្ក​គ្រោះថ្នាក់​ ជាពិសេស​នៅ​ពេល​យប់ ព្រោះ​​អ្នក​បាន​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ ដែល​ងាយ​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​របស់​​ជន​ខិលខូច។ យល់​ល្អ​គួរ​ដើរ​ឲ្យ​បាន​លឿន បង្កប់​ដោយ​ទំនុក​ចិត្ត និង​ដាក់​ដៃ​ចុះ​ក្រោម​ទើប​ប្រសើរ​។ ​

ប្រភេទទី១០៖ ចរិត​រូតរះ

​​បើ​អ្នក​មាន​ដំណើរ​រូតរះ អាច​បណ្តាល​មក​ពី​អ្នក​កំពុងតែ​ខឹង តប់​ប្រមល់ និង​មាន​កិច្ចការ​បន្ទាន់​ ឬ​អាច​មាន​ន័យ​ថា រាង​កាយ​របស់​អ្នក​ កំពុង​​បញ្ជូន​សញ្ញា​អ្វី​មួយ​ទៅ​កាន់​ខួរក្បាល។ រី​ម្យ៉ាង​ទៀត​គឺ​មក​ពី​​អ្នក​មិន​អាច​​គ្រប់គ្រង​អារម្មណ៍​​ ដែល​ប៉ះពាល់​ដល់​ការ​បញ្ជា​របស់​អវយវៈ​។

​ប្រភេទទី១១៖ ចរិត​កំពូល​រវល់

អ្នក​ជាមនុស្ស​ដែល​តែង​តែ​រវល់​ឥត​ល្ហែ សូម្បី​តែ​ពេល​ដើរ​ក៏​មាន​កិច្ចការ​ក្នុង​ដៃ។ បែប​នេះ​គឺ​កម្រ​មាន​ខ្លាំង​ណាស់ ហើយ​អ្នក​​ក៏​ជា​មនុស្ស​​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ផង​ដែរ។ អ្នក​មាន​សមត្ថភាព​អាច​គ្រប់គ្រង​រឿង​ជា​ច្រើន​​ក្នុង​ពេល​តែ​មួយ។ អ្នក​ក្លាហាន និង​ពូកែ​ដោះ​ស្រាយ​បញ្ហា​ ហើយ​ក៏​ចូល​ចិត្ត​ពេល​មាន​មិត្ត​ភ័ក្តិ​ពឹង​ឲ្យ​​ជួយ​៕

ចុះ​អ្នក​អ្នក​វិញ តើ​ស្ថិត​ក្នុង​ប្រភេទ​មួយ​ណា​ដែរ​ទៅ?

ចុចអានបន្ត៖ ៥ យ៉ាង​អ្នក​គួរ​ពិចារណា ប្រសិន​ចង់​បាន​ទំនុក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម