មិន​សរសើរ​មិន​បាន​! យុវតី​ខ្មែរ​រូប​​នេះបាន​ផ្លាស់​ប្តូរ​ការរស់​នៅ​​​ទាំងស្រុង ដើម្បីបរិស្ថាន!

  • 2020-03-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​បរិស្ថាន​គឺ​ជា​រឿង​សំខាន់។ ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ការពារ​ពី​សំណាក់​​បុគ្គល​ម្នាក់ៗ​រឹត​តែ​សំខាន់។ ដោយ​ហេតុ​ស្រឡាញ់​បរិស្ថាន​ ​យុវតី​ខ្មែរ​មួយ​រូប​បាន​ខិត​ខំ​​ត្រិះ​រិះ​​រក​វិធី​ដើម្បី​​ជួយ​កាត់​បន្ថយ​សំរាម​ អស់​ពី​លទ្ធភាព​ដែល​ខ្លួន​មាន។

សុចិន្តា (ស្ថាបនិកនៃ ZEROW)

​យុវតី​ដែល​មាន​ឆន្ទៈ​ខ្ពស់​នេះ​មាន​ឈ្មោះ​ថា​ ​​ឱក សុចិន្តា។​ នាង​ជា​ស្ថាបនិក ក៏​ដូច​ជា​អ្នក​បង្កើត​មាតិកា​ផ្នែក​បរិស្ថាន​នៅ **ZEROW**។ នាង​ក៏​ជា​និស្សិត​អាហារូបករណ៍​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី **The University of Pécs** នៃ​ប្រទេស​ហុងគ្រី​ផង​ដែរ។ យោង​តាម​បទ​សម្ភាស​ជាមួយ **"កញ្ញា​”** តាម​រយៈ​បណ្ដាញ​សង្គម​បាន​ឱ្យ​ដឹង​ថា​ ចិន្តា​បាន​ស្គាល់ពី​ការ​រស់​នៅ​បែប​ zero waste ពី​ក្រុម​ជជែក​ពិភាក្សា​ Life Group នៅ​ពេល​ដែល​ពួក​គេ​ជជែក​គ្នា​អំពី​បញ្ហា​បរិស្ថាន។

សុចិន្តា (ស្ថាបនិកនៃ ZEROW)

ចិន្តា​បាន​និយាយ​ថា៖ "បន្ទាប់​ពី​ខ្ញុំ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​បរិស្ថាន ខ្ញុំ​មើល​ឃើញ​ថា​របៀប​រស់​នៅ​របស់​យើង​សព្វថ្ងៃ បាន​បង្កើត​សំរាម​ជាច្រើន ជាពិសេស​សំរាម​ដែល​​មិន​ចាំបាច់។ ដូចនេះ​ហើយ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ប្តូរ​របៀប​រស់នៅ​មក​​បែប zero waste ឬ ការ​រស់​នៅ​ដោយ​គ្មាន​សំណល់។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​ចង់​ចែក​រំលែក​នូវ​ដំណើរ និង វិធី​នានា​ក្នុង​ការ​រស់នៅ​បែប​នេះ ដើម្បី​ឱ្យ​ប្រជាជន​ខ្មែរ​បាន​ស្គាល់ និង​ យល់​ដឹង​បន្ថែម"។

សុចិន្តា (ស្ថាបនិកនៃ ZEROW)

ចិន្តា​បាន​បន្ត​ទៀត​ថា​ "ZEROW បាន​នាំ​ខ្ញុំ​ឱ្យ​ស្គាល់​មនុស្ស​ថ្មីៗ​ដែល​មាន​ការ​គិត​ស្រដៀង​នឹង​ខ្ញុំ ហើយ​វា​បាន​ផ្តល់​ឱកាស​ជា​ច្រើន​ដើម្បី​​ឱ្យ​ខ្ញុំ​អាច​ចូលរួម​​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា។ ដោយ​ពេល​នេះ​ដែរ ​មាន​ប្រិយមិត្ត​របស់ ZEROW មួយចំនួន​ចាប់ផ្តើម​យល់ដឹង និង ព្យាយាម​កាត់បន្ថយ​កាក​សំណល់ ឬ សំរាម​​ក្នុង​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពួក​គាត់ ZEROW ក៏​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​បន្ត​រស់​នៅ​បែបនេះ"។

សុចិន្តា (ស្ថាបនិកនៃ ZEROW)

យុវតី​គំរូ​រូប​នេះ​ក៏​បាន​បញ្ចេញ​ពី​អារម្មណ៍​រំភើប​អបអរ​នៅ​ពេល​ដែល​មាន​មនុស្ស​ជុំវិញ​ខ្លួន ដូចជា​គ្រួសារ​ មិត្តភក្តិ ​ក៏ដូចជា​ប្រិយមិត្ត​​ក្នុង​បណ្ដាញ​សង្គម​ជា​ច្រើន ​បាន​ផ្ញើ​សារ​ប្រាប់​នាង​ថា​ ក្រោយ​ពី​បាន​ទស្សនា​វីដេអូ​​របស់​នាង ពួក​គេ​បាន​តាំង​ចិត្ត​​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​​កាត់​បន្ថយ​សំរាម​ ឬ​ ​ការ​ឈប់​ប្រើ​ថង់​ប្លា​ស្ទីក​ជាដើម​ ។ ពាក់ព័ន្ធ​ទៅ​នឹង​វិធី​សាស្ត្រ​ក្នុង​ការ​ចែក​រំលែក​បញ្ហា​បរិស្ថាន​នេះ​ផង​ដែរ ចិន្តា​យល់​ថា បណ្តាញ​សង្គម ​​​Facebook គឺ​ជា​កន្លែង​មួយ​ដ៏​ល្អ​​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង​ ព្រម​ទាំង​មាតិកា​ល្អៗ ព្រោះ​ប្រជាជន​​ខ្មែរ​នៅ​លើ​បណ្តាញ ​Facebook ប្រមាណ​ពី ​៥ទៅ ៦​លាន​នាក់ ​កំពុង​ត្រូវ​ការ​ចែក​រំលែក​នូវ​ព័ត៌មាន​សំខាន់ៗ និង​មាតិកាល្អៗ ដូចជា វិធីសាស្រ្ដ​ក្នុង​ការ​កាត់​បន្ថយ​សំរាម ឬ ថង់​បា្ល​ស្ទីក​នេះ​​ជាដើម៕ ​

គន្លឺះការពារបរិស្ថានរបស់ ZEROW
គន្លឺះការពារបរិស្ថានរបស់ ZEROW
គន្លឺះការពារបរិស្ថានរបស់ ZEROW

អានបន្ត៖ ជម្នៈលើរូបរាងខាងក្រៅ ម៉ូដែលថ្មីម្នាក់យកទេពកោសល្យ និងភាពជឿជាក់ បោះជំហានចូលសិល្បៈ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម