សាកល្បងវិធីមួយគត់ ជួយ​​ឱ្យ​អ្នក​​បំភ្លេច​មនុស្ស​ម្នាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត

  • 2020-02-24 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​តែង​ធ្លាប់​បាន​ជួប​ប្រទះ​នូវ​ការ​បែក​បាក់​ស្នេហា ឬ ទំនាក់ទំនង​មិន​សម​បំណង​ជាដើម។ ពេល​ដែល​ទំនាក់​ទំនង​មួយ​ដ៏​សែន​មាន​អត្ថន័យ​សម្រាប់​អ្នក​បាន​បញ្ចប់​ទៅ​យ៉ាង​ផុយ​ស្រួយ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិបាក​ទទួល​យក​ការ​ពិត​។ ពេល​នោះ​ហើយ​ដែល​អ្នក​នឹង​ប្រឈម​នូវ​អារម្មណ៍​ខូច​ចិត្ត​​មួយ​នេះ។ មនុស្ស​ម្នាក់ៗ​​តែង​តែ​គិត​ថា​នៅ​ពេល​ខ្លួន​ពិបាក​ចិត្ត​​គឺ​ត្រូវ​ធ្វើ​អ្វីៗ​ដែល​អាច​បន្លប់​ខួរ​ក្បាល​កុំ​ឱ្យ​គិត​ កុំ​ឱ្យ​នឹក​ដល់​រឿង​នោះ។

រូបតំណាង​

អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​អំពី​ការ​បាត់​បង់​ស្នេហា​នោះ​គឺ​អ្នក​មិន​មែន​នឹង​ឃើញ​រូប​គេ​តែ​ពេល​អ្នក​ពិបាក​ចិត្ត​នោះ​ទេ សូម្បី​តែ​ពេល​ដែល​អ្នក​កំពុង​សើច​សប្បាយ​ត្រេកអរ​នោះ​ក៏​អាច​​នឹក​ឃើញ​​អនុស្សាវរីយ៍​របស់​អ្នក​ទាំង​ពីរ​ភ្លាមៗ​ដែរ។ ភាគ​ច្រើន​ ក្រោយ​បាត់​បង់​ស្នេហា មិន​ថា​នារី​ឬ​បុរស​ច្រើន​រក​នឹក​​ធ្វើ​រឿង​អ្វី​ដើម្បី​ឱ្យ​ខ្លួន​មើល​ទៅ​រវល់ គ្មាន​ពេល​គិត​រឿង​ខក​ចិត្ត​ដែល​ធ្លាប់​កើត​ឡើង ក៏​ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា​ការ​បន្លប់​អារម្មណ៍​ខ្លួន​ឯង​បែប​នេះ​មិន​មែន​ជា​ជម្រើស​ល្អ​ក្នុង​ការ​កាត់​ចិត្ត​នោះ​ទេ។

រូបតំណាង​

​អ្នក​ខ្លះ​ព្យាយាម​បន្លប់​អារម្មណ៍​ខ្លួន​ឯង​ដោយ​ការ​​ធ្វើ​រឿង​មួយ​ចំនួន​ដូច​ជា​ ទៅ​ហាត់​ប្រាណ មើល​កុន​ ដើរ​លេង​ជាមួយ​មិត្តភក្តិ​ រាប់​អាន​អ្នក​ថ្មី​ ឬ ទៅ​ផឹក​​សុរា​ជា​ដើម​ ព្រោះ​ពួក​គេ​គិត​ថា​ការ​ធ្វើ​បែប​នេះ​នឹង​អាច​ឱ្យ​ពួក​គេ​បំភ្លេច​រឿង​រ៉ាវ​អស់​មួយ​រយៈ។ ផ្ទុយ​ទៅ​វិញ ពេល​អ្នក​ទំនេរ​ពី​សកម្មភាព​ទាំង​នោះ​ អនុស្សាវរីយ៍​ទាំង​នោះ​នឹង​ផុស​ឡើង​នៅ​មុខ​អ្នក​ទ្វេ​ដង​តែ​ម្តង។ វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដែល​មិន​ចាំ​បាច់​ឱ្យ​អ្នក​ត្រូវ​បង្ខំ​ខ្លួន​ឯង​ឱ្យ​ធ្វើ​រឿង​ដែល​លោក​អ្នក​មិន​ចង់​ ឬ ពិបាក​នឹង​ធ្វើ​នោះ​គឺ​ ការ​បង្កើត​នូវ​វឌ្ឍនភាព​សម្រាប់​ខ្លួន​ឯង។

រូបតំណាង​
រូបតំណាង​

ជំហាន​ដំបូង​ក្នុង​ការ​កាត់​ចិត្ត​ពី​រឿង​រ៉ាវ​ដែល​កន្លង​ហួស​គឺ​ការ​ផ្តោត​ទៅ​លើ​រឿង​បច្ចុប្បន្ន​ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​​អនាគត​របស់​អ្នក។ វឌ្ឍនភាព​នេះ​អាច​សំដៅ​ទៅ​លើ​ភារកិច្ច​អ្វី​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ការងារ ​ឬ​ ជីវិត​របស់​អ្នក ពោល​គឺ​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​បំពេញ​កិច្ចការ​អ្វី​មួយ​ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក​ ហើយ​ពេល​ដែល​អ្នក​សម្រេច​វា​បាន​ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ត្រេកអរ​ជាមួយ​ការ​តាំង​ចិត្ត​និង​ភាព​ជោគជ័យ​របស់​ខ្លួន​ឯង។ ពេល​នោះ​ហើយ​ដែល​​អ្នក​គិត​ថា​ អ្នក​អាច​មាន​សមត្ថភាព​សម្រេច​នូវ​អ្វី​ដែល​សំខាន់​ៗបាន​ច្រើន ដូច្នេះ​ទស្សនៈ​នោះ​នឹង​ដាស់​តឿន​អ្នក​ថា អ្នក​មិន​គួរ​ចំណាយ​ធ្វើ​អ្វី​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​ជីវិត​ខ្លួន​ឯង​ទេ ជាពិសេស​ការ​ចំណាយ​ពេល​ឱប​ក្រសោប​រឿង​ដែល​កន្លង​ហួស និង បុគ្គល​ដែល​បាន​ចាក​ចេញ​បាត់​ទៅ​ហើយ៕ ​​​

រូបតំណាង​

អានបន្ត៖ ហេតុ​ផល​ ៥ យ៉ាង​​ធ្វើ​​ឱ្យ​នារី​សុខ​ចិត្ត​នៅ​ម្នាក់​ឯង ទោះ​បី​មនុស្ស​ជុំវិញ​ខ្លួន​មាន​គូ​អស់​ក្តី​

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម