ប្រពន្ធ​ល្អ​នឹង​មិន​ទាមទារ​រឿង​ទាំង​នេះ​ពី​ប្ដី​ដាច់​ខាត

  • 2020-02-19 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រៀបការ​ជាមួយ​គ្នា ប្ដី​ប្រពន្ធ​នឹង​ត្រូវ​​ចែករំលែក​ការ​ស្រលាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​នឹង​គ្នា​ ជាជាង​ការ​ទាមទារ​ពី​គ្នា​មិន​ចេះ​​ចប់។ យ៉ាង​ណា​មិញ បើ​ទោះ​បី​​ចរិត​ងរង៉ក់ ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដែល​ខ្លួន​ស្រលាញ់​ជា​ធម្មជាតិ​របស់​មនុស្ស​ស្រី​ក៏​ដោយ តែ​ក្នុង​នាម​ជា​ភរិយា​ល្អ នាង​នឹង​មិន​ទាមទារ​រឿង​ខាង​ក្រោម​នេះ​ពី​ស្វាមី​ដាច់​ខាត ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ។

ហាម​ប្ដី​មិន​ឱ្យ​មើល​ស្រី​ផ្សេង​ដាច់​ខាត

អ្នក​ណា​ក៏​ដូច​អ្នក​ណា​តែង​ត្រូវ​ទាក់ទាញ​ដោយ​សម្រស់​ និង​ភាព​ស្រស់​ស្អាត​ពី​មនុស្ស​ផ្ទុយ​ភេទ។ ដូច្នេះ​បើ​ស្វាមី​របស់​អ្នក​គ្រាន់​តែ​ងាក​មើល​នារី​ម្នាក់​ដែល​ស្អាត ឬ​តែង​ខ្លួន​សិច​ស៊ី វា​មិន​មែន​ជា​រឿង​ធំ​ដុំ​ដែល​អ្នក​ត្រូវ​រក​រឿង ជេរ​ស្ដី ឬ​មួល​ក្ដិច​ខ្ញាំ​នៅ​មុខ​គេ​ឯង​ឡើយ។ គួរ​តែ​យល់​ថា ពេល​ខ្លះ​មិន​ថា​តែ​ស្វាមី​ទេ សូម្បី​ខ្លួន​យើង​ក៏​គង់​ចេះ​ចាប់អារម្មណ៍​បុរស​ណា​ដែល​សង្ហា ឡួយ​ឆាយ​ តែ​មិន​មែន​ជា​ការ​ដាក់​អារម្មណ៍​ត្រូវ​តែ​តាម​ស្រលាញ់​ឱ្យ​បាន​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​មួយ​ពេល ហើយ​ក៏​បាត់​ទៅ​វិញ ពេល​គេ​ដើរ​ហួស​ទៅ​ប៉ុណ្ណឹង​ឯង។

ប៉ុន្តែ​បើ​ស្វាមី​របស់​អ្នក​ជា​មនុស្ស​ដែល​ភ្នែក​រវាម មាត់​ក៏​រវាម ឯ​ដៃ​ក៏​ដល់ ទើប​ជា​អ្វី​ដែល​អ្នក​គួរ​ប្រុង​ប្រយ័ត្ន និង​ចេះ​រក​វិធី​និយាយ​ប្រាប់​គាត់​ពី​អារម្មណ៍​ពិត ដើម្បី​កុំ​ឱ្យ​ប៉ះ​ទង្គិច​អារម្មណ៍​នៅ​ពេល​ក្រោយ។

ចុចអាន៖ រឿង​សំខាន់​​ៗ​ដែល​ប្ដី​ប្រពន្ធ​​​ដាច់​ខាត​ត្រូវ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក

ទាមទារ​ឱ្យ​ប្ដី​ត្រូវ​តែ​កាន់​ជើង ពេល​អ្នក​ឈ្លោះ​គ្នា​ជាមួយ​ម្ដាយ​ឬ​ឪពុក​ក្មេក

ទោះ​បី​គេ​មិន​បាន​និយាយ ប៉ុន្តែ​សម្រាប់​គេ សម្រាប់​យើង​ ម្ដាយ​ឪពុក​គឺ​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ជីវិត​ដែល​មិន​ចង់​ឱ្យ​អ្នក​ណា​ប៉ះពាល់ ឬ​មើល​ងាយ​ឡើយ។ ដូច្នេះ​ហើយ បើ​ទោះ​ប្ដី​ស្រលាញ់​អ្នក​ខ្លាំង​យ៉ាង​ណា សូម​កុំ​ព្យាយាម​ដាក់​សម្ពាធ​គាត់​ថា​ត្រូវ​តែ​កាន់​ជើង ឬ​នៅ​ខាង​អ្នក​ ពេល​អ្នក​មាន​បញ្ហា​ជាមួយ​ឪពុក​ម្ដាយ​ក្មេក ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​គាត់​ពិបាក​អារ​កាត់ និង​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ។

បើ​អ្នក​ធ្វើ​ខុស ត្រូវ​ទទួល​ស្គាល់​ថា​ខុស ហើយ​ចេះ​សុំ​ទោស​លោក​ តែ​បើ​អ្នក​ធ្វើ​ត្រូវ នោះ​ស្វាមី​នឹង​ដឹង​ថា​អ្នក​ណា​ត្រូវ​អ្នក​ណា​ខុស ហើយ​គាត់​ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ចប់​ដោយ​ត្រឹម​ត្រូវ​ដែរ។

ទាម​ទារ​មិន​ឱ្យ​ប្ដី​ជួប​ជុំ​ជាមួយ​មិត្ត​ភក្ដិ

ក្រៅ​ពី​ពេល​វេលា​សម្រាប់​ក្រុម​គ្រួសារ ប្ដី​ប្រពន្ធ​ក៏​ត្រូវ​ការ​ពេលវេលា​សម្រាប់​ខ្លួន​ឯង និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ដែរ។ មិត្តភ័ក្ដិ អ្នក​រួម​ការងារ អ្នក​រៀន​ថ្នាក់​ជាមួយ​គ្នា ​ដៃ​គូ​រក​ស៊ី ឬ​អ្នក​រាប់​អាន​ផ្សេង​ទៀត គឺ​ជា​មិត្តភាព​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចំណាយ​ពេល​ជាមួយ​ខ្លះ​ដើម្បី​បំពេញ​អត្ថន័យ​ជីវិត​ឱ្យ​បាន​រីករាយ។ ដូច្នេះ ក្នុង​នាម​ជា​ភរិយា​ល្អ មិន​គួរ​ហាម​ប្រាម​ប្ដី​មិន​ឱ្យ​ចេញ​ទៅ​ជួប​ជុំ​មិត្តភ័ក្ដិ ហើយ​ចំណាយ​ពេល​២៤​ម៉ោង​ជាមួយ​តែ​គ្រួសារ ប្រពន្ធ​កូន​ពេក​នោះ​ដែរ។

ការ​ជួបជុំ​ផឹក​ស៊ី​ គឺ​ជា​រឿង​ធម្មតា​របស់​បុរស​ពេល​ជួប​គ្នា​​យូរ​ៗ​ម្ដង។ រឿង​នេះ​ប្រពន្ធ​ក៏​គួរ​យោគយល់​ និង​បើក​ចិត្ត​ទូលាយ​សម្រាប់​ប្ដី​ផង​ដែរ។ វា​អាច​ជា​ការ​ជួប​ជុំ​ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា ពេល​ខ្លះ​ជា​ការ​ពិភាក្សា​ការ​ងារ ពេល​ខ្លះ​ក៏​ជា​ការ​បន្ធូរ​អារម្មណ៍​តានតឹង​ពី​ការងារ​។

ចុចអាន៖ ចង់​បាន​​នារី​​មាន​មហិច្ឆតា​ធំ​ធ្វើ​ជា​ភរិយា បុរស​គួរ​មាន ៨​ ចំណុច​នេះ​ក្នុង​ខ្លួនសិន​​

ទាម​ទារ​ឱ្យ​ប្ដី​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ដូច​គេ​ផ្សេង

ការ​ដែល​ត្រូវ​បាន​យក​ខ្លួន​​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ គ្មាន​អ្នក​ណា​ពេញ​ចិត្ត​នោះ​ទេ។ បើ​ស្រលាញ់​ប្ដី នាង​មិន​ត្រូវ​យក​ប្ដី​របស់​ខ្លួន​ទៅ​ប្រៀប​ធៀប​នឹង​អ្នក​នេះ អ្នក​នោះ ហើយ​ដាក់​កំហិត​ថា​គាត់​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ដូច​គេ​ឡើយ ព្រោះ​មនុស្ស​ម្នាក់ៗ​កើត​មក​មាន​ចំណុច​ពិសេស​ខុស​ៗ​គ្នា។ បើ​ឃើញ​គេ​ល្អ គួរ​តែ​ចេះ​រក​វិធី​និយាយ​បង្ហាញ​ឧទាហរណ៍​ឱ្យ​គាត់​មើល ឬ​ប្រឹក្សា​យោបល់​ជាមួយ​គាត់ ជា​ជាង​បង្ខំ​គាត់​ឱ្យ​ធ្វើ​តែ​ម្នាក់​ឯង។

ទាមទារ​ឱ្យ​ស្វាមី​ត្រូវ​តែ​មាន​កាដូ​គ្រប់​ឱកាស​

កាល​ពី​នៅ​ជា​គូ​ស្នេហ៍ គាត់​តែង​តែ​មាន​កាដូ​ជូន​អ្នក​ស្ទើរ​គ្រប់​ពេល មិន​ថា គម្រប់​ខួប​នៃ​ការ​ស្រលាញ់​គ្នា ​ថ្ងៃ​កំណើត​អ្នក ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ​បុណ្យ​ណូអែល ​ឬ​ឱកាស​ដទៃ​ៗ​ទៀត​។ ប៉ុន្តែ​ពេល​ក្លាយ​ជា​ប្ដី​ប្រពន្ធ​រួម​ខ្នើយ​នឹង​គ្នា​ហើយ ហេតុ​អី​ត្រូវ​ទាមទារ​ឱ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ថ្ងៃ​ទាំង​នោះ​ដូច​មុន​ទៀត? ពេល​នេះ​អ្នក​ទាំង​ពីរ​មិន​មែន​ក្មេង​ដូច​មុន​ទេ ហើយ​ទំនួល​ខុស​ត្រូវ​ក៏​លែង​ធម្មតា​ដូច​មុន​ដែរ។ អ្នក​ទាំង​ពីរ​ ជា​ពិសេស​ស្វាមី ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ធំ​ណាស់​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​មួយ​នេះ និង​ផ្ដល់​ភាព​កក់​ក្ដៅ​សម្រាប់​អ្នក​និង​កូនៗ។

មួយ​វិញ​ទៀត កុំ​យក​អតីតកាល​មក​រម្លឹក​ថា ហេតុ​អី​កាល​មិន​ទាន់​រៀបការ​ចេះ​ទិញ​នេះ​ទិញ​នោះ​ឱ្យ ហើយ​រៀបការ​ហើយ​បែរ​ឈប់​ទិញ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា ហើយ​ម្យ៉ាង​ទៀត ការ​ស្រលាញ់​មិន​មែន​អាស្រ័យ​លើ​កាដូ ​ឬ​អនុស្សាវរីយ៍​ពី​មុនៗ​ទេ វា​អាស្រ័យ​លើ​សកម្មភាព​​បច្ចុប្បន្ន​ទៅ​វិញ​ទេ។

អ្វី​ដែល​លើក​ឡើង​ខាង​លើ​នេះ សុទ្ធ​តែ​ជា​រឿង​ដែល​សូវ​ចាំបាច់​សម្រាប់​បំពេញ​និយម​ន័យ​នៃ​ពាក្យ​សុភមង្គល​គ្រួសារ​ឡើយ។ ជំនួស​ឱ្យ​ការ​ទាមទារ​ទាំង​នេះ អ្នក​គួរ​តែ​នឹក​ឃើញ​ដល់​សកម្មភាព​ល្អៗ​របស់​គាត់​កន្លង​មក ដូច​ជា គាត់​សុខ​ចិត្ត​ធ្វើ​ម្ហូប ពេល​អ្នក​ត្អូញ​ថា​អស់​កម្លាំង ឬ​ឈឺ ពេល​គាត់​សុខ​ចិត្ត​ជិះ​ទៅ​ទិញ​ថ្នាំ ពេល​អ្នក​ឈឺ គាត់​ពាក់​មួក​ការពារ និង​កិប​គន្លឹះ​ឱ្យ​អ្នក​ ពេល​ដៃ​អ្នក​កំពុង​ជាប់​កាន់​របស់​ ពេល​គាត់​មក​ពី​ហត់ ហើយ​នៅ​តែ​ញញឹម​ និង​ឱប​អ្នក​ជា​ដើម។ វា​ទើប​ជា​ការ​ស្រលាញ់​ពិត​ប្រាកដ ដូច្នេះ​មិន​ចាំបាច់​មាន​រឿង​ខាង​លើ​ក៏​បាន​ដែរ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម