បើអ្នកក្លាយជាមនុស្សស្រីរឹងមាំ កុំភ្លេចដឹងគុណអ្នកម្តាយដែលបានធ្វើជាគំរូល្អជួយជ្រោមជ្រែងរហូតដល់ត្រើយ
- 2020-02-19 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកក្លាយជាមនុស្សស្រីរឹងមាំ កុំភ្លេចដឹងគុណអ្នកម្តាយដែលបានធ្វើជាគំរូល្អជួយជ្រោមជ្រែងរហូតដល់ត្រើយ
អ្នកម្តាយដែលពោរពេញដោយភាពរឹងមាំ គឺជាមនុស្សដ៏សំខាន់បំផុតនៅក្នុងជីវិត។ អ្នកអាចនឹងមិនបានចាប់អារម្មណ៍ថា តាមការពិតនៅលើលោកនេះ អ្នកម្តាយដែលរឹងមាំ មានច្រើនក្រៃលែង។
ការលះបង់គ្រប់បែបយ៉ាងរបស់អ្នកម្តាយ ជាគុណតម្លៃដែលអាចធ្វើឲ្យអ្នកប្រែក្លាយទៅជាមនុស្សដែលគួរឲ្យស្ញប់ស្ញែង ក្លាហាន និងរឹងប៉ឹងដូចជាគាត់។ រឿងអស្ចារ្យជាច្រើនដែលគាត់បានផ្ទេរមកឲ្យអ្នកតាំងពីតូចក្រូចឆ្មាររហូតដល់ធំដឹងក្តី មើលទៅហាក់បីដូចជាសាមញ្ញៗមែនពិត ប៉ុន្តែជាក់ស្តែងវាសុទ្ធសឹងតែជាចំណុចពិសេសមិនអាចកាត់ថ្លៃបាន ដែលអ្នកមិនគួរភ្លេចនិយាយពាក្យថា "អរគុណ” ទៅកាន់គាត់ឡើយ។
អ្នកម្តាយបានបង្ហាត់បង្រៀនអ្នក ឲ្យចេះតស៊ូងើបឈរមិនរុញរាជាមួយនឹងឧបសគ្គ។ ថ្វីត្បិតគាត់មិនអាចផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់អ្នក តែគាត់នៅតែអាចផ្តល់កម្លាំងចិត្តគ្រប់ពេលវេលា ជួយឲ្យអ្នកមានជំហរលើខ្លួនឯង ដោយពុំចាំបាច់ព្យាយាមតម្រូវចិត្តអ្នកដទៃ ឬខ្វល់ខ្វាយពីសម្តីមនុស្សគ្រប់គ្នា។ គាត់ចាត់ទុកអ្នកជាគ្រាប់ពេជ្រមានពន្លឺចែងចាំងពោរពេញដោយតម្លៃ គាត់ចាត់ទុកអ្នកដូចជាផ្កាត្រូវទឹកសន្សើមដែលស្រស់ស្អាតគ្រប់ពេលវេលា ក្នុងក្រសែភ្នែករបស់គាត់។
អ្នកម្តាយជាមនុស្សម្នាក់ដែលជួយអ្នកឲ្យធំលូតលាស់ រីកចម្រើន និងធ្វើរឿងត្រឹមត្រូវ។ ពេលខ្លះអ្នកអាចនឹងធុញទ្រាន់នឹងពាក្យរអ៊ូរទាំ ការហាមប្រាម និងមានអារម្មណ៍ថា គាត់ពិតជាបិទសិទ្ធិមិនផ្តល់សេរីភាពគ្រប់គ្រាន់ទាល់តែសោះ។ កុំទាន់អាលភាន់ច្រឡំ គាត់ធ្វើបែបនេះ គ្មានបំណងអ្វីផ្សេង ក្រៅពីចង់ការពារសុវត្ថិភាព រក្សាតម្លៃនិងភាពថ្លៃថ្នូររបស់អ្នកនោះទេ។
ពេលអ្នកកើតទុក្ខ ពេលអ្នកចង់យំ អ្នកម្តាយតែងតែឲ្យស្មាផ្អែក ចំណាយពេលនៅលួងលោម និងមិនដែលបោះបង់ចោលអ្នកដូចមនុស្សមួយចំនួនឡើយ។ មិនមែនមនុស្សស្រីទាំងអស់សុទ្ធតែរឹងមាំដូចគ្នាទេ ម្ល៉ោះហើយប្រសិនបើអ្នកអាចអភិវឌ្ឍឈានដល់ដំណាក់កាលមួយនេះ មិនគួរភ្លេចគុណអ្នកម្តាយដែលខិតខំជួយជ្រោមជ្រែងរហូតដល់ត្រើយ៕
ចុចអានបន្ត៖ ចង់ឲ្យគេស្រលាញ់ឲ្យតម្លៃ ដរាបណាអ្នកចេះឲ្យតម្លៃខ្លួនឯងតាមវិធីទាំងនេះសិន