ចំណុច​ខុស​គ្នា​រវាង​មនុស្ស​​កំពូល​រវល់ និង​​មនុស្ស​សាច់ការ​

  • 2020-02-14 10:00:00
  • ចំនួនមតិ 71 | ចំនួនចែករំលែក 258

គ្រប់​គ្នា​សុទ្ធ​តែ​បាន​ជួប​មនុស្ស​ពីរ​ប្រភេទ​នេះ គឺ​អ្នក​កំពូល​រវល់ មើល​ទៅ​ការងារ​ច្រើន​សន្ធឹក និង​អ្នក​​ធ្វើ​ការ​ងារ​ដូច​គ្នា​ តែ​បាន​ផល​ជាង។ ខាង​ក្រោម​នេះ​គឺ​ជា​ភាព​ខុស​ប្លែក​គ្នា​មួយ​ចំនួន​ដែល​អាច​ឱ្យ​អ្នក​សន្និដ្ឋាន​បាន​ថា មនុស្ស​ដែល​​អ្នក​កំពុង​ធ្វើ​ការ​ជាមួយ​ ឬ​ខ្លួន​អ្នកជា​មនុស្ស​បែប​ណា។

មនុស្ស​រវល់

  • មាន​ការងារ​អាទិភាព​ច្រើន​សន្ធឹក មិន​ដឹង​មួយ​ណា​សំខាន់​ជាង​មួយ​ណា ហើយ​មិន​ដឹង​គួរ​ចាប់​អា​មួយ​ណា​ធ្វើ​មុន

មនុស្ស​សាច់​ការ

  • ពាក្យ​ថា​ "អាទិភាព" គឺ​មាន​តិច​បំផុត ទាល់​តែ​ពិនិត្យ និង​គិត​គូរ​ច្បាស់​លាស់ ទើប​ហ៊ាន​ថា​ការងារ​ណា​សំខាន់ ការងារ​ណា​បន្ទាប់

មនុស្ស​រវល់

  • ឆ្លើយ “Yes” លឿន​ដូច​ផ្លេក​បន្ទោរ។ មេ​ដាក់​អី​ឱ្យ​ក៏​ងក់​ក្បាល​ដែរ។ និយាយ​រួម​គឺ​ជា​ប៊ូតុង “OK” ដោយ​មិន​សូវ​គិត​ឱ្យ​ល្អិត​ល្អន់​ទេ។ ប៉ុន្តែ​លទ្ធផល​ច្រើន​តែ​មិន​សូវ​ដូច​អ្វី​ដែល​សន្យា។

មនុស្ស​សាច់​ការ

  • ចំណាយ​ពេល​គិត​យូរ​បន្តិច​ ទើប​ឆ្លើយ "Yes” ហើយ​ពេល​ខ្លះ​លើក​ហេតុ​ផល ឬ​បញ្ហា​ប្រឈម​មក​ពិភាក្សា​មុន​សម្រេច​ថា​ព្រម​ធ្វើ។

មនុស្ស​រវល់

  • ទាល់​តែ​មេ​ដាស់​តឿន​ញឹក​ញាប់​ ទើប​រត់​ទៅ​ធ្វើ ហើយ​បើ​មិន​រម្លឹក ក៏​ហី​តាម​ហ្នឹង។

មនុស្ស​សាច់​ការ

  • ដឹង​ការងារ​ខ្លួន​ឯង មិន​ចាំបាច់​ទាល់​តែ​អ្នក​ណា​មក​រម្លឹក ឬ​ដាស់​តឿន​ឡើយ។

មនុស្ស​រវល់

  • រអ៊ូ ឬ​ប្រាប់​គេ​ឯង​ថា​ ខ្លួន​រវល់​ខ្លាំង ការងារ​ច្រើន គ្មាន​អ្នក​ជួយ ទាំង​ដែល​ខ្លួន​ឯង​ព្រម​ទទួល​ការងារ​ដោយ​មិន​គិត ឬ​មិន​សូវ​សកម្ម តែ​ស្រែក​ថា​រវល់។

មនុស្ស​សាច់​ការ

  • មិន​សូវ​ចេះ​មាត់ក ច្រើន​តែ​ទុក​ឱ្យ​លទ្ធផល​បង្ហាញ​ការ​ពិត។ ម្យ៉ាង​ទៀត​ មនុស្ស​នេះ​មិន​ងាយ​ទម្លាក់​កំហុស​ឱ្យ​អ្នក​នៅ​ក្នុង​ក្រុម​ទេ ពេល​មាន​បញ្ហា ឬ​លទ្ធផល​មិន​ដូច​ចិត្ត។

មនុស្ស​រវល់

  • ធ្វើ​ការ​ទាំង​មិន​សួរ​នាំ​ឱ្យ​ច្បាស់​លាស់ ពេល​បរាជ័យ ច្រើន​បន្ទោស​គេ​ឯង។ គិត​ឃើញ​អី​ក៏​ធ្វើ​ភ្លាម មិន​បាន​ស្រាវ​ជ្រាវ ឬ​រៀបផែនការ​ឱ្យ​បាន​ល្អិតល្អន់។

មនុស្ស​សាច់​ការ

  • ហ៊ាន​ទទួល​ស្គាល់​ការពិត។ មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ សួរ​ពី​ការណែ​នាំ​ឱ្យ​បាន​ច្បាស់ និង​មាន​ផែនការ​ការងារ​ផ្ទាល់​ខ្លួន៕

ចុចអាន៖ ទង្វើ​ ៣​យ៉ាង​ដែល​អ្នក​គ្រប់គ្រង​គួរ​ធ្វើ ពេល​​បុគ្គលិក​មាន​ជម្លោះ​ផ្ទៃ​ក្នុង

អត្ថបទ៖ ដេត ឈុនអ៉ី