​ស្នេហា​នៅ​កន្លែង​ការងារ​​មិន​ស្រួល​ទេ​ណា៎! បើ​មិន​ចេះ​បែង​ចែក គូ​ស្នេហ៍​​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ

  • 2020-02-13 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​តែង​លង់​ស្រឡាញ់​មនុស្ស​ដែល​ខ្លួន​ឧស្សាហ៍​ជួប ឬ ចំណាយ​ពេល​ជាមួយ ជាពិសេស​ មនុស្ស​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​តែ​​ម្តង​។ ថ្វី​ត្បិត​តែ​ការ​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​ដល់​អ្នក​ទាំង​ពីរ​ក៏​ពិត​មែន​ តែ​វា​ក៏​មាន​ផល​វិបាក​របស់​វា​ដូច​គ្នា។ អ្នក​ខ្លះ​ពេញ​ចិត្ត​នឹង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​មនុស្ស​ដែល​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​នៅ​កន្លែង​ការងារ​ ឯ​អ្នក​ខ្លះ​មិន​ចង់​ឱ្យ​​វា​កើត​ឡើង​នោះ​ឡើយ ដោយ​សារ​តែ​ហេតុផល​មួយ​ចំនួន​​ រួម​មាន៖

១. អាច​ប៉ះពាល់​ដល់​ការងារ​រៀង​ខ្លួន

រូបតំណាង

ស្ថាប័ន​ភាគ​ច្រើន​មិន​ជម្រុញ​ឱ្យ​បុគ្គលិក​ដែល​ធ្វើ​ការ​កន្លែង​រួម​គ្នា​ផ្តើម​មាន​ទំនាក់​ទំនង​ស្នេហា​ឡើយ។ ហេតុ​ផល​ចម្បង​ដែល​គេ​មិន​ចង់​ឱ្យ​មាន​គូ​ស្នេហ៍​នៅ​កន្លែង​ការ​ងារ​គឺ​ព្រោះ​តែ​គេ​ខ្លាច​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ​អាច​មាន​ការ​ប៉ះ​ទង្គិច​​ដល់​សមិទ្ធផល​ការងារ​រៀង​ខ្លួន។ សម្រាប់​អ្នក​ដែល​គាត់​ចេះ​បែង​ចែក​អារម្មណ៍​ផ្ទាល់​ខ្លួន​ និង ការងារ​ឱ្យ​ដាច់​ស្រេច​ពី​គ្នា គឺ​មិន​សូវ​ជួប​ប្រទះ​នូវ​បញ្ហា​នេះ​ប៉ុន្មាន​ទេ តែ​ផ្ទុយ​ទៅ​វិញ សម្រាប់​អ្នក​ងាយ​បែក​ចែក​អារម្មណ៍​វិញ​នោះ គឺ​អាច​ប៉ះ​ពាល់​ខ្លាំង​ដល់​ការងារ​របស់​ខ្លួន។

២. មិន​សូវ​មាន​សេរីភាព​គ្រប់​គ្រាន់

រូបតំណាង

មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ឱ្យ​ដៃគូ​របស់​ខ្លួន​នៅ​ក្បែរ និង យក​ចិត្ត​ទុក​ដាក់​គ្រប់​ពេល​វេលា ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​សេរីភាព​ផ្ទាល់​ខ្លួន គេ​​ច្រើន​មិន​ចង់​ប្រាថ្នា​​បែប​នេះ​ឡើយ ព្រោះ​ពួក​គេ​គិត​ថា​នឹង​​ប៉ះ​ពាល់​ដល់​សេរីភាព​ និង ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពួក​គេ​ពេក។ យ៉ាង​ណា​មិញ​ បើ​អ្នក​នឹង​ដៃគូ ជា​មនុស្ស​ដែល​ចេះ​យល់​ពី​គ្នា និង ផ្តល់​សេរីភាព​ដល់​គ្នា​បាន​គ្រប់​គ្រាន់ អ្នក​ប្រហែល​ជា​អាច​គេច​ផុត​ពី​ការ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​នេះ។

៣. ជួប​គ្នា​ញឹក​ញាប់​ពេក

រូបតំណាង

ការ​ជួប​មុខ​គ្នា​ជាមួយ​ដៃ​គូ​ជា​រឿង​ល្អ​សម្រាប់​ដៃ​គូ​ទាំង​សង​ខាង ក៏​ប៉ុន្តែ​ការ​ជួប​មុខ​គ្នា​ញឹក​ញាប់​ខ្លាំង​ពេក​ក៏​មិន​ល្អ​ប៉ុន្មាន​ដែរ។ ការ​ជួប​គ្នា​រាល់​ថ្ងៃ និង គ្រប់​ពេល​វេលា​ពេក​អាច​ធ្វើ​ឱ្យ​ដៃគូ​ទាំង​សង​ខាង​មិន​សូវ​មាន​ការ​រំភើប​ក្នុង​​ការ​ជួប​​ចំណាយ​ពេល​ជាមួយ​គ្នា​ប៉ុន្មាន​ឡើយ។

៤. ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ការ​ជាមួយ

រូបតំណាង

ជួន​កាល​រឿង​របស់​មនុស្ស​២រូប​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍ និង​ការងារ​របស់​អ្នក​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ពួក​គេ។ ពេល​គូ​ស្នេហ៍​បញ្ចេញ​នូវ​មនោសញ្ចេតនា ឬ កាយ​វិការ​ផ្អែម​ល្ហែម​ខ្លាំង​ពេក​ក៏​អាច​ប៉ះ​ពាល់​ដល់​គេ​ឯង​ដែល​នៅ​ជុំ​វិញ​ខ្លួន​ ហើយ​ការ​ដែល​គូ​ស្នេហ៍​ឈ្លោះ​ប្រកែក​គ្នា​នៅ​កន្លែង​ការងារ​ក៏​រឹត​តែ​រំខាន​ដល់​អ្នក​ដទៃ។​

សរុប​សេចក្តី​​មក ការ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ដៃគូ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាប័ន​ការងារ​តែ​មួយ​គឺ​ល្អ​ម៉្យាង​សម្រាប់​អ្នក​ទាំង​ពីរ​ តែ​ក៏​មាន​ផល​វិបាក​មួយ​ចំនួន​របស់​វា​ដូច​គ្នា។​ យ៉ាង​ណា​មិញ​ បើ​ដៃគូ​ទាំង​សង​ខាង​ជា​មនុស្ស​ដែល​អាច​បែង​ចែក​រវាង​ជីវិត​នៅ​កន្លែង​ការងារ និង ខាង​ក្រៅ​បាន​ល្អ ពួក​គេ​ក៏​មិន​ងាយ​នឹង​ជួប​ប្រទះ​នឹង​បញ្ហា​ទាំង​អស់​នោះ​ដែរ៕

រូបតំណាង

អានបន្ត៖ Crush លើ Boss មែន​ទេ? វិធីសាស្ត្រ​ធ្វើឲ្យ​អ្នក​កាន់តែ​មាន​តម្លៃ​ក្នុង​កែវភ្នែក​របស់គាត់

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម