បែកចែកឱ្យដាច់! នាងគ្រាន់តែរួសរាយប៉ុណ្ណោះ មិនមែនកំពុងផ្តល់ឱកាសឱ្យអ្នកឡើយ
- 2020-02-07 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកចែកឱ្យដាច់! នាងគ្រាន់តែរួសរាយប៉ុណ្ណោះ មិនមែនកំពុងផ្តល់ឱកាសឱ្យអ្នកឡើយ
បុរសមួយចំនួនធំប្រហែលជាតែងមានគំនិតថា បើនារីម្នាក់តែងតែនិយាយលេងសើច រួសរាយរាក់ទាក់ច្រើនជាមួយខ្លួន ភាគរយគឺអាចមកពីនាងមានចិត្តលើខ្លួនដែរ។ យ៉ាងណាមិញ ពេលខ្លះការពិតមិនដូចការគិតឡើយ ពោលគឺ មិនប្រាកដថាពេលនាងឧស្សាហ៍និយាយលេងហូរហែជាមួយអ្នកមានន័យថានាងកំពុងចាប់ចិត្តលើអ្នក ឬ តបស្នងក្តីស្រឡាញ់នោះឡើយ។ ជាក់ស្តែង មានហេតុផលមួយចំនួនដែលបញ្ជាក់ថា ការនិយាយលេងធម្មតាជាមួយគ្នាគឺព្រោះតែនារីមានភាពរួសរាយរាក់ និង ក្នុងគោលបំណងរាប់អានគ្នាធម្មតាតែប៉ុណ្ណោះ ។ ហេតុផលទាំងនោះរួមមាន៖
**១. នារីអាចនិយាយចែចង់លេងប៉ុណ្ណោះ មិនមែនមានចិត្តចង់បញ្ចេញអារម្មណ៍ពិតអ្វីតាមពាក្យសម្តីលេងសើចនោះឡើយ។**
២. មនុស្សស្រីជឿថា នារី និង បុរសក៏អាចរាប់អានគ្នាជាមិត្តធម្មតាបានដែរ មិនចាំបាច់តែស្រឡាញ់គ្នាក្នុងន័យស្នេហាទើបអាចនិយាយលេងជាមួយគ្នាបានទេ។ ពេលខ្លះនាងគ្រាន់តែចូលចិត្តអត្តចរិតរបស់អ្នក ហើយមានបំណងរាប់អានអ្នកជាមិត្តក៏ថាបាន។
៣. នាងគ្រាន់តែមានភាពរួសរាយ និង គួរសម ព្រោះក្នុងនាមជាអ្នកស្គាល់គ្នា មិត្តភ័ក្តិគ្នា អ្នករួមការងារ ឬ ក្នុងនាមអ្នកជាបងប្រុស។ មនុស្សស្រីមួយចំនួនបញ្ចេញការគោរពរាប់អានក្នុងទម្រង់ជាសន្ទនា ឬការនិយាយឆ្លើយឆ្លង ហើយចំពោះនាង វាជារឿងធម្មតាតែប៉ុណ្ណោះ សំខាន់កុំឱ្យលាយឡំនឹងពាក្យផ្អែមល្ហែមបែបស្នេហា ឬមានការបបួលគ្នាទៅដើរលេងក្នុងលក្ខណៈលើសពីមិត្តធម្មតា។
ក្រៅពីនេះ មនុស្សស្រីអាចមានគោលបំណងជាច្រើនទៀតក្នុងការទាក់ទង និយាយជាមួយបុរសណាម្នាក់ ដោយមិនបានមានបំណងចង់បង្កើតទៅជាទំនាក់ទំនងស្នេហាអ្វីឡើយ។ យ៉ាងណាក៏ដោយមនុស្សស្រីដែលមានចិត្តលើអ្នកប្រាកដជាបញ្ចេញនូវសកម្មភាព ឬ សម្ដែងទង្វើល្អៗទៅកាន់អ្នកជាងបុរសដទៃដែលនៅជុំវិញខ្លួននាង។ បើអ្នកសង្ស័យ ឬ មានការស្រពិចស្រពិល មិនច្បាស់ថានារីម្នាក់មានចិត្តលើអ្នក ឬ គ្រាន់តែជាការរាប់អានធម្មតា អ្នកគួរធ្វើការសួរនាងដោយត្រង់ៗតែម្តងចៀសវាងការយល់ច្រឡំ៕
អានបន្ត៖ បើមាន ៤ ចំណុចនេះ មានន័យថាគេលង់ស្រឡាញ់អ្នកហើយ