គន្លឹះ​សំខាន់ៗ​ទាំង​៥ អាចយក​រាង​ស្អាត​មក​វិញ ក្រោយ​​ពេល​សម្រាល​កូន

  • 2020-01-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ធ្លាប់​មាន​បុត្រ​ប្រាកដ​ជា​ដឹង​ស្រាប់​ហើយ​ថា​ ក្រោយ​ពេល​សម្រាល​កូន វា​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឱ្យ​រាង​របស់​អ្នក​ត្រឡប់​មក​ដូច​មុន​ពេល​មាន​កូន​វិញ ព្រោះ​ក្នុង​កំឡុង​ពេល​ពពោះ នារី​ច្រើន​ទទួល​រង​នូវ​ការ​ឡើង​ទម្ងន់​ជា​លំដាប់​ ដែល​មិន​ងាយ​ក្នុង​ការ​សម្រក​មក​វិញ​ឡើយ។ យ៉ាង​ណា​មិញ វា​មិន​មែន​ជា​កង្វល់​ទៀត​ឡើយ ប្រសិន​បើ​អ្នក​អាច​អនុវត្ត​នូវ​គន្លឹះ​រក្សា​រាង​ទាំង​នេះ ​​ក្រោយ​ពេល​សម្រាល​កូន​រួច៖

១. ព្យាយាម​ឱ្យ​ទារក​បៅ​ទឹក​ដោះ

រូបតំណាង

ការ​បំបៅ​ទឹក​ដោះ​ដល់​កូន​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​ទារក​ទេ ថែម​ទាំង​ល្អ​សម្រាប់​ស្ត្រី​ជា​ម្តាយ​។ វា​ជួយ​ឱ្យ​រាង​កាយ​របស់​ពួក​គេ​មាន​ការ​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​សម្រក​ទម្ងន់​ ពី​ព្រោះ​ជាតិ​ខ្លាញ់​មួយ​ចំនួន​ធំ​ត្រូវ​បាន​រំលាយ​ដើម្បី​ផលិត​ជា​ទឹកដោះ​សម្រាប់​ទារក​បៅ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គឺ​ មាន​គុណប្រយោជន៍​សម្រាប់​ផ្តល់​នូវ​សារជាតិ​ចិញ្ចឹម​ដល់​ទារក​ផង និង ជួយ​ម្តាយ​ក្នុង​ការ​សម្រក​ទម្ងន់​ រក្សា​រាង​របស់​ខ្លួន​ផង​។

២. ឧស្សាហ៍​ធ្វើ​ចលនា​រាងកាយ​

រូបតំណាង

ក្រោយ​ពេល​អ្នក​សម្រាល​កូន​បាន​មួយ​រយៈ ហើយ​អ្នក​អាច​ប្រមូល​ផ្តុំ​កម្លាំង​វិញ​បាន​ច្រើន អ្នក​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​ចលនា​រាង​កាយ​ឡើង​វិញ​ដែល​រួម​មាន​ ការ​ពរ​កូន​ដើរ​លេង​ ឬ ធ្វើ​កិច្ចការ​ផ្ទះ​ជាដើម។ ការ​ធ្វើ​ចលនា​រាង​កាយ​អាច​ជួយ​ជម្រុញ​ដល់​ការ​រំលាយអាហារ​ អាច​ឱ្យ​អាហារ​រំលាយ​បាន​លឿន ដូច្នេះ​វា​អាច​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​សម្រក​រាង​ជាង​អ្នក​ដែល​គាត់​មិន​បញ្ចេញ​ចលនា​រាង​កាយ​សោះ។

៣. ធ្វើ​លំហាត់​ប្រាណ

រូបតំណាង

ម្តាយ​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ​អាច​ចាប់​ផ្តើម​ហាត់​ប្រាណ​បាន​​ក្រោយ​ពេល​សម្រាល​ ២ទៅ៣​ថ្ងៃ ឬ អ្នក​ខ្លះ​អាច​ចាប់​ផ្តើម​បាន​ក្រោយ ២០ថ្ងៃ​ក៏​បាន​ដែរ។ សម្រាប់​ក្បាច់​ហាត់ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ឱ្យ​បាន​ត្រឹម​ត្រូវ​សិន ឬ អាច​ជ្រើស​រើស​ហាត់​ដោយ​ខ្លួន​ឯង​ដោយ​ធ្វើ​ការ​អនុវត្ត​តែ​ក្បាច់​ណា​ងាយៗ​តែ​ប៉ុណ្ណោះ។

៤. ត្រូវ​លៃលក​របប​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ

រូបតំណាង

ការ​សម្រក​ទម្ងន់​មិន​មែន​ត្រូវ​តែ​បង្អត់​អាហារ​នោះ​ទេ ជា​ពិសេស​គឺ​សម្រាប់​ស្ត្រី​កូន​ខ្ចី​ ពី​ព្រោះ​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ខ្លួន​ឯង​ ព្រម​ទាំង​កូន​ដែល​បំបៅ​ទឹកដោះ។ ដូច្នេះ ជំនួស​ការ​បង្អត់​អាហារ​ទៅ​ជា​ការ​បរិភោគ​ក្នុង​កម្រិត​ល្មម និង ជាពិសេស​បរិភោគ​អាហារ​សុខភាព​វិញ​ទើប​ប្រសើរ។

៥. ពិសារ​ទឹក​ឱ្យ​បាន​ច្រើន

រូបតំណាង

ការ​ផឹក​ទឹក​បាន​ច្រើន​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​សម្រក​រាង​ដែរ។ ទឹក​អាច​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​រំលាយ​អាហារ​ និង ប្រព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​រាង​កាយ​​ដែល​ជួយ​ដល់​ការ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ជា​ដើម។ ដូច្នេះ​ វិធី​នេះ​អាច​ជា​វិធី​ដែល​ងាយ​ស្រួល​ជាង​គេ​ក្នុង​ចំណោម​វិធី​ទាំង​អស់ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ផង​ដែរ។

នារី​ជា​ម្តាយ​ដែល​កំពុង​ជួប​ប្រទះ​នូវ​វិបត្តិ​នៃ​ការ​សម្រក​ទម្ងន់ សម្រក​រាង ឱ្យ​ត្រឡប់​ទៅ​ដូច​ជា​កាល​ពី​មុន​សម្រាល​កូន​ សូម​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សាក​ល្បង​អនុវត្ត​នូវ​គន្លឹះ​សំខាន់ៗ​ខាង​លើ​ ព្រោះ​ថា​រូប​រាង​គឺ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​នារី​គ្រប់​រូប។ ដូចនេះ មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា បើ​អាច​ជួយ​ស្តា​ឡើង​វិញ​នូវ​ភាព​ជឿ​ជាក់​របស់​ខ្លួន​មក​វិញ​បាន​ អ្នក​គួរ​ធ្វើ​ដើម្បី​ខ្លួន​ឯង៕

រូបតំណាង
រូបតំណាង

អានបន្ត៖ រូបមន្ត​ចេក​ខ្ចី​ ដុត​ខ្លាញ់​សាហាវ​ជាង​ទៅ​ហាត់​ដល់ gym ទៀត

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម