រៀបការយូរប៉ុណ្ណាក៏ស្នេហានៅតែរឹងមាំ បើប្តីប្រពន្ធអាចធ្វើរឿងទាំងនេះជាមួយគ្នា

  • 2020-01-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ច្រើន​ណាស់​ ដែល​ចង់​ចំណាយ​ជីវិត​រស់​នៅ​ជាមួយ​ដៃ​គូ​ដែល​ខ្លួន​ស្រលាញ់​រហូត​ទាល់​តែ​ចាស់​សក់​ស្កូវ។ ដើម្បី​អាច​ឈាន​ទៅ​ដល់​ចំណុច​នោះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​ដែល​​​បាន​គិត​ទុក​ឡើយ។ ស្នេហា​​និង​ជីវិត​ជា​ប្តី​ប្រពន្ធ​ ត្រូវ​​ឆ្លង​កាត់​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន ដូច្នេះ​ហើយ​មាន​តែ​​វិធី​ថែរក្សា​ការពារ​ប៉ុណ្ណោះ ទើប​អាច​​ធ្វើ​ឲ្យ​ទំនាក់ទំនង​នៅ​តែ​រឹង​មាំ ជាមួយ​នឹង​ភាព​រ៉ូមែនទិក និង​ក្តី​សប្បាយ​​រីករាយ។

១. ចែក​រំលែក​ក្តី​ស្រមៃ​ឲ្យ​ដៃ​គូ​បាន​ដឹង

ការ​បង្ហើប​ប្រាប់​ពី​ក្តី​ស្រមៃ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ដៃគូ​ មិន​ថា​​​តូច​​ឬ​ធំ​ក៏​ដោយ វា​ជា​វិធី​មួយ​ដែល​​អាច​​ជួយ​ផ្តល់​​ក្តី​សង្ឃឹម ដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅ​រួម​គ្នា។ អ្នក​ទាំង​ពីរ អាច​គិត​គូរ​ពី​រឿង​សន្សំ​លុយ​ដើរ​លេង​ក្រៅ​ប្រទេស ទិញ​ផ្ទះ ឬ​ឡាន​ថ្មី​ជាដើម​។ កាលណា​​ប្តី​ប្រពន្ធ ចេះ​ស្រុះស្រួល​ និង​ចូលរួម​លើក​ទឹក​ចិត្ត​ក្នុង​កិច្ច​ការ​នានា ភាព​ជិតស្និទ្ធ​​និង​ស្រស់​​បំព្រង​ នឹង​កើន​ថែម​មួយ​កម្រិត​ទៀត។

២​. ព្យាយាម​ជួយ​បំពេញ​​នូវ​បំណង​តូច​តាច​ជាមុន​សិន

​ក្តី​សុខ​ពិត​ប្រាកដ មិន​រំពឹង​តែ​លើ​របស់​ធំ​ដុំ​ថ្លៃ​លើស​លប់​ពេក​ក៏​បាន​។ ត្រឹម​ការ​យក​ចិត្ត​ទុក​ដាក់​នូវ​​​បំណង​តូច​តាច ដូច​ជា​​​ចងចាំ​ថ្ងៃ​កំណើត ខួប​អាពាហ៍ពិពាហ៍ ជូន​ទៅ​ញ៉ាំ​អាហារ​ដែល​ដៃ​គូ​ចូល​ចិត្ត...ក៏​សប្បាយ​ចិត្ត​ពេក​ពន់​ណាស់​ទៅ​ហើយ។

៣. ចេះ​ធ្វើ​ឲ្យ​ដៃ​គូ​​រំភើប​ភ្ញាក់​ផ្អើល

កុំ​មាន​ទង្វើ​បែប​នេះ​តែ​គ្រា​ដំបូង។​ ទោះ​បី​ជា​ស្រលាញ់​គ្នា​យូរ​ប៉ុណ្ណា គួរ​បន្ត​វិធី​ដែល​អាច​ធ្វើ​ឲ្យ​ដៃ​គូ រំភើប​ចិត្ត ដោយ​ការ​រៀប​ចំ​​ជា​កាដូ​បន្តិច​បន្តួច ជូន​ទៅ​កន្លែង​ដែល​នាង​ប្រាថ្នា​ជាដើម។ ទាំង​នោះ​ហើយ​ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី ក្តី​ស្រលាញ់​មិន​ប្រែប្រួល។

៤. មិន​ទម្លាក់​កំហុស​ពេល​ឈ្លោះ​គ្នា

ប្រសិន​បើ​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា ហើយ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ គួរ​នៅ​ឲ្យ​ឆ្ងាយ​​ដាច់​ពី​គ្នា​ចំនួន ២០​នាទី​សិន។ ធ្វើ​បែប​នេះ​ដើម្បី​​ទុក​ពេល​វេលា​ឲ្យ​ចិត្ត​ត្រជាក់ និង​អាច​បែក​ចែក​វែក​ញែក​ពី​មូលហេតុ​នាំ​ឲ្យ​ឈ្លោះ​។ ដាច់​ខាត​កុំ​ទម្លាក់​កំហុស​ឲ្យ​ម្ខាង​ណា​ឲ្យ​សោះ។ បើ​ដឹង​ខ្លួន​ជា​អ្នក​ខុស ត្រូវ​ហ៊ាន​និយាយ​សុំទោស ឬ​រក​ដំណោះ​ស្រាយ​សម​រម្យ​មួយ​។

៥. អនុវត្ត​វិធី ៣-១

ដើម្បី​ការពារ​មិន​ឲ្យ​មាន​រឿង​ស្មុគស្មាញ​ច្រើន នៅ​ពេល​ត្រូវ​សម្រេច​ចិត្ត​ គួរ​មាន​ជម្រើស​៣ សម្រាប់​​ឲ្យ​ដៃ​គូ​​ទាំង​សង​ខាង​ងាយ​ស្រួល​ក្នុង​ការ​​ជ្រើសរើស​យក​តែ​មួយ​គត់ នូវ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។

៦. នៅ​ឆ្ងាយ​ពី​គ្នា​ខ្លះ ដើម្បី​បង្កើន​ការ​នឹក​រលឹក​

ប្រសិន​បើ​អ្នក​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​គ្រប់​ពេល​ គ្រប់​នាទី​ពេក ពេល​ខ្លះ​អាច​បង្ក​ទៅ​ជា​អារម្មណ៍​ធុញ​ទ្រាន់​​ទៅ​វិញ​។ ត្រូវ​ចេះ​បែង​ចែក​ ទុក​ពេល​វេលា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​រឿង​ផ្សេង​គ្នា​ខ្លះ នៅ​ឆ្ងាយ​ពី​គ្នា​ខ្លះ ទើប​មាន​ចិត្ត​នឹក​រលឹក​ និង​បាន​យល់​ពី​អារម្មណ៍​ដែល​​គ្មាន​អ្នក​យល់​ចិត្ត​នៅ​ក្បែរ។

៧. ជួយ​ឲ្យ​ប៉ា​ម៉ាក់​ក្មេក​និង​សាច់​ដៃ​ចូល​ចិត្ត​ដៃ​គូ

ប៉ា​ម៉ាក់​ក្មេក​និង​សាច់​ដៃ​អាច​នឹង​ស្រលាញ់​ឬ​មិន​សូវ​ចូល​ចិត្ត​​ដៃ​គូ​របស់​អ្នក​ វា​ជា​រឿង​ទូ​ទៅ​ ដែល​នរណា​ក៏​ជួនបប្រទះ។ យ៉ាង​ណា​​មិញ ក្នុង​នាម​ជា​ប្តី​ប្រពន្ធ​ល្អ គួរ​​រិះ​រក​វិធី​ណា​ដែល​​ជួយ​ឲ្យ​ពួក​គាត់​ត្រូវ​រ៉ូវ​គ្នា ហើយ​ព្យាយាម​លើក​ចំណុច​វិជ្ជមាន​ជាក់​ស្តែង​ឲ្យគាត់​ដឹង​ផង។

៨. ធ្វើ​ការងារ​រួម​គ្នា

ចេះ​បង្កើត​កិច្ចការ​​រួម​គ្នា​ ដូច​ជា​ចម្អិន​ម្ហូប ជួសជុល​តុបតែង​ផ្ទះ​សម្បែង​​ជាដើម។ នៅ​ពេល​ដែល​បាន​​ធ្វើ​ចប់​សព្វ​គ្រប់ នោះ​អ្នក​ទាំង​ពីរ​ ប្រាកដ​ជា​ត្រេក​អរ​ជាមួយ​នឹង​ស្នាដៃ​ ដែល​បាន​សាង​រួម​គ្នា។

៩. ថ្នាក់​ថ្នម

ការ​ប៉ះ​អង្អែល​របស់​មនុស្ស​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ ដែល​មាន​ន័យ​ជាង​ពាក្យ​សម្តី​ទៅ​ទៀត។ ការ​ថ្នាក់​ថ្នម​ អាច​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា អុកស៊ីតូស៊ីន (អ័រម៉ូន​ស្នេហា) ដែល​អាច​ជួយ​ឲ្យ​អ្នក​​រួម​ទាំង​ដៃ​គូ សប្បាយ​រីករាយ មាន​អារម្មណ៍​សុវត្ថិភាព និង​កាន់​តែ​ផ្អែមល្ហែម។

១០. ចំណាយ​ពេល​មួយ​ថ្ងៃ ដើម្បី​ធ្វើ​រឿង​ណា​ដែល​ដៃ​គូ​ចង់​ធ្វើ

ពេល​ខ្លះ ទោះ​បី​វា​មិន​មែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ក៏​ដោយ ត្រូវ​តែ​ចំណាយ​ពេលវេលា ហ៊ាន​លះ​បង់ ដើម្បី​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់​។ ដរាប​ណា អ្នក​ទាំង​ពីរ​ព្យាយាម​សម្រប​ខ្លួន​ទៅ​វិញ​ទៅ​​មក ភាព​ខុស​ប្លែក​គ្នា ​មិន​មែន​ជា​ឧបសគ្គ​របស់​អ្នក​ទៀត​ឡើយ៕​

ចុចអានបន្ត៖ ​អត្តចរិត​​​​មនុស្ស​ប្រុស ​ដែល​ស្ថិត​​នៅ​ក្នុង​ក្តី​​ស្រមៃ​នារី​​គ្រប់​រូប

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម