តើ​​ក្តី​ស្រឡាញ់​តែ​មួយ​មុខ វា​គ្រប់​គ្រាន់​ដែរ​ឬ​ទេ សម្រាប់​ការ​កសាង​អនាគត​​ជាមួយ​គ្នា?

  • 2019-12-20 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​ថា​កាដូ​ដ៏​ពិសេស​បំផុត​ដែល​មនុស្ស​ម្នាក់​អាចប្រគល់​ជូន​មនុស្ស​ម្នាក់​ទៀត​បានគឺ "ក្តី​ស្រឡាញ់"។ តើ​វា​គ្រប់​គ្រាន់​ទេ បើ​មនុស្ស​ពីរ​នាក់​មាន​ក្តី​ស្រឡាញ់​ឱ្យ​គ្នា ​តែ​មិន​បាន​គិត​គូ​ដល់​រឿង​រ៉ាវ​ផ្សេង​ទៀត?

មនុស្ស​យើង​ ភាគ​ច្រើន​តែង​សម្រេច​ចិត្ត​ទៅ​តាម​អារម្មណ៍ និង​ ការ​យល់​ឃើញ​មួយ​ឆាវ ហើយ​ក្រោយ​មក​មាន​ការ​សោក​ស្តាយ​នឹង​ជម្រើស​របស់​ខ្លួន​ក៏​មាន។ ដូចនេះ​ហើយ​ មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​រឿង​អ្វី​មួយ គួរ​គិត​គូ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទើប​មិន​សូវ​ខក​បំណង ជាពិសេស​រឿង​កសាង​អនាគត​ជាមួយ​នរណា​ម្នាក់ ព្រោះ​វា​រឿង​សំខាន់​ខ្លាំង។

រូបតំណាង

មនុស្ស​ម្នាក់​ៗ​តែង​មាន​គោល​ចំហ​ផ្សេង​គ្នា​ ហើយ​តម្រូវការ​ក៏​ផ្សេង​គ្នា មិន​ថា​បុរស ឬ នារី។ អ្នក​ខ្លះ​គិត​យ៉ាង​ងាយ​ថា "ឱ្យ​តែ​មាន​ក្តី​ស្រឡាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក អ្វីៗ​ក៏​អាច​ទៅ​រួច​ដែរ”។ ជា​ការ​ពិត ការ​គិត​បែប​នេះ​គឺ​មិន​ខុស​នោះ​ទេ កាល​ណា​មាន​ក្តី​ស្រឡាញ់ នោះ​នឹង​មាន​កម្លាំង​តស៊ូ​ជា​មួយ​គ្នា​។ យ៉ាង​ណា​មិញ វា​មិន​សូវ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។ ការ​កសាង​ផ្លូវ​ជីវិត​រួម​គ្នា វា​មិន​ងាយ​ស្រួល​នោះ​ទេ ទោះ​មាន​ក្តី​ស្រឡាញ់​ឱ្យ​គ្នា​ក៏​ដោយ តែ​នៅ​មាន​​​ចំណុច​សំខាន់ ៣ ត្រូវ​ពិចារណា៖

១. ភាព​ស័ក្តិសម​នឹង​គ្នា

ភាព​ស័ក្តិសម​នោះ​សំដៅ​ទៅ​លើ​ អត្តចរិត កាយវិការ ពាក្យ​សម្តី និង ​សីលធម៌​ជាដើម។ ពេល​ខ្លះ អ្នក​អាច​លង់​ស្រឡាញ់​នឹង​អំពើ​ល្អ​តិចតួច​ដែល​គេ​បាន​ធ្វើ​ ហើយ​ធ្វើ​ឱ្យ​អ្នក​អាច​មើល​រំលង​នូវ​ចំណុច​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ច្រើន​នៅ​ពេល​ខាង​មុខ ពេល​រស់​នៅ​ជាមួយ​គ្នា ដូចជា សម្តី​មិន​ដឹង​តូច​ធំ មិន​ចេះ​គោរព​ចាស់ទុំ ចរិត​មួរម៉ៅ​ច្រើន ឬ ចូលចិត្ត​ស្តី​បន្ទោស​ជាដើម។ ចំណុច​ពិសេស​មួយ​ទៀត ក្រៅ​ពី​អ្វី​ដែល​បាន​រៀប​រាប់​ គឺ​ក្តី​គោរពស្រឡាញ់​ចំពោះ​គ្រួសារ​របស់​អ្នក។ បើ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ គេ​មាន​ចិត្ត​ស្រឡាញ់​តែ​អ្នក​ម្នាក់​ ហើយ​មិន​ស្រឡាញ់​រាប់អាន​គ្រួសារ​របស់​អ្នក​សោះ នោះ​ក៏​ត្រូវ​ពិចារណា​ឡើង​វិញ​ដែរ ព្រោះ​ជា​រឿង​សំខាន់​​ដែល​អាច​នាំ​មក​នូវ​បញ្ហា​ពេល​រស់​នៅ​ជាមួយ​គ្នា។​

រូបតំណាង
រូបតំណាង

២. ការ​ស្រឡាញ់​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ

ថ្វី​ដ្បិតតែ ការ​ស្រឡាញ់​វា​សំខាន់​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​ តែ​វា​មិន​អាច​ផ្លាស់​ប្តូរ​ចរិត​មនុស្ស​បាន​នោះ​ទេ។ បើ​កាល​ណា​អ្នក​មាន​ចរិត​ផ្សេង​គ្នា ឬ ការ​គិត​ផ្សេង​គ្នាហើយ ពេល​រស់​នៅ​ជាមួយ​គ្នា​ច្រើន​មាន​ការ​ប្រកែក ឬ ជំទាស់ជា​មិន​ខាន។ ការ​ឈ្លោះ​ប្រកែក​នោះ​ទៀត​សោត នឹង​បង្ហាញ​ថា​ការ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ តែ​មាន​​អត្តចរិត​ផ្សេង​គ្នា​នោះ​ វា​លំបាក​យ៉ាង​ណា។

រូបតំណាង

៣. ការ​ស្រឡាញ់​មិន​អាច​ឱ្យ​អ្នក​ទ្រាំ​លះ​បង់​អ្វី​គ្រប់​យ៉ាង​នោះ​ទេ

ទោះ​ជា​មាន​ក្តី​ស្រឡាញ់​ឱ្យ​គ្នា​ក៏​ដោយ តែ​បើ​អ្នក​ទាំង​ពីរ​​​ត្រូវ​លះ​បង់​របស់​សំខាន់​ផ្សេង​ទៀត​ក្នុង​ឆាក​ជីវិត សួរ​ថា​អ្នក​អាច​លះ​បង់​ដែរ​ឬ​ទេ? ឧទាហរណ៏​ងាយៗ​ជាក់​ស្តែង ឧបមា​ថា​ អ្នក​ស្រឡាញ់​គ្នា ដាច់​ខាត​ត្រូវ​នៅ​ជាមួយ​គ្នា ទោះ​ជា​គ្រួសារ​មិន​ពេញ​ចិត្ត​ក៏​ដោយ នោះ​អ្នក​ប្រឈម​នឹង​ការ​លះ​បង់​គ្រួសារ។ មួយ​ទៀត បើ​អ្នក​ស្រឡាញ់​គ្នា ចង់​នៅ​ជាមួយ​គ្នា​ទាំង​ដឹង​ថា​អត្តចរិត​មិន​ចុះ​សម្រុង​គ្នា នោះ​អ្នក​នឹង​ត្រូវ​លះ​បង់​សុភមង្គល​របស់​ខ្លួន​មួយ​ជីវិត។ លើស​ពី​នេះ បើ​មនុស្ស​អ្នក​ស្រឡាញ់​ជា​មនុស្ស​ដែល​មិន​សូវ​មាន​សីល​ធម៌​ ឬ ចូលចិត្ត​ស្តី​បន្ទោស ទៅ​ណា​មក​ណា​មាន​តែ​នាំ​ក្តី​អាម៉ាស​មក​ខ្លួន នោះ​អ្នក​ត្រូវ​លះបង់​កិត្តិយស​ និង តម្លៃ​ជា​ដើម។ មាន​ការ​លះ​បង់​ច្រើន​ទៀត​ដែល​ត្រូវ​ប្រឈម ដោយ​សារ​​តែ​ការ​គិត​ថា​ ​ក្តី​ស្រឡាញ់​គឺ​គ្រប់​គ្រាន់។

រូបតំណាង

យ៉ាង​ណា​មិញ​ អំណះអំណាង​ខាង​លើ​មិន​មែន​មាន​ន័យ​ថា អ្នក​មិន​គួរ​ជ្រើស​រើស​មនុស្ស​ដែល​អ្នក​ស្រឡាញ់​នោះ​ទេ ប៉ុន្តែ​ចង់​បញ្ចាក់​ថា​ រឿង​កសាង​អនាគត​ជាមួយ​គ្នា​ជា​រឿង​ធំ​ដែលគួរ​មាន​ហេតុផល​ច្រើន​​លើស​តែ​ពី​ការ​ស្រឡាញ់​តែ​មួយ​មុខ។ ជាក់​ស្តែង គឺ​វា​គួរ​កើត​ចេញ​ពី​ការ​ពិចារណា​ដោយ​ហ្មត់ចត់ គ្រប់​ជ្រុង​ជ្រោយ និង​ជា​ពិសេស​តាម​រយៈ​ការ​ថ្លឹង​ថ្លែង​ច្បាស់លាស់​ មិន​មែន​តាម​អារម្មណ៍​មួយ​ពេល​ឡើយ៕ ​​​

រូបតំណាង
រូបតំណាង

អានបន្ត៖ មនុស្ស​ប្រុស​ល្អ​ពេក មនុស្ស​ស្រី​បែរ​ជា​មិន​សូវ​ចាប់​អារម្មណ៍ មែន​ឬ​មិនមែន?

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម