មនុស្ស​ប្រុស​ល្អ​ពេក មនុស្ស​ស្រី​បែរ​ជា​មិន​សូវ​ចាប់​អារម្មណ៍ មែន​ឬ​មិនមែន?

  • 2019-12-19 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មាន​ដែលមានចិត្ត​​ឆ្ងល់​ដែរ​ទេថា​ ហេតុ​អ្វី​បាន​ជា​នារី​មួយ​ចំនួន​សុខចិត្ត​ស្រលាញ់​មនុស្ស​ដែល​មិន​អើពើនឹង​ខ្លួន​ ហើយ មើល​រំលង​មនុស្ស​ល្អ​ដែល​នៅ​នឹង​មុខ​ទៅ​វិញ? មនុស្ស​ប្រុស​មួយចំនួនតែង​និយាយ​ថា នារី​ចូលចិត្ត​បុរស​ដែល​រៀង​ខូច​ហើយ​ខិល​បន្តិច នាង​មិន​ងាយ​ចាប់​អារម្មណ៍​ទេ​មនុស្ស​ប្រុស​ដែល​សុភាព​រម្យទម​ ឬ ល្អ​ពេក​នោះ។ ជា​ក់​ស្តែង វា​មិន​មែន​​ការគិតរបស់ពួកគេ​ឡើយ។

រូបតំណាង

នារី​ក៏​មាន​ការ​គិត​ផ្សេង​គ្នា ហើយបុរស​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​ក៏​មាន​លក្ខណៈ​សម្បត្តិ​ផ្សេង​គ្នា​ដែរ។ អ្នក​ខ្លះ​ចូលចិត្ត​ បុរស​មិន​សូវ​និយាយ​ស្តី​ សុភាព​ រម្យទម និង​ មិន​ហួង​ហែង​ច្រើន ឯ អ្នក​ខ្លះ​ទៀត​គាត់​ពេញ​ចិត្ត​មនុស្ស​ប្រុស​ដែល​ចូលចិត្ត​និយាយ​លេង​សើច ចេះ​បង្កើត​បរិយាកាស​ល្អៗ​ពេល​នៅ​ជាមួយ​គ្នា ហើយ ចេះ​យក​ចិត្ត​ទុក​ដាក់ និង ​ខ្វល់​ខ្វាយ​ពី​នាង​ជាដើម។

រូបតំណាង

យ៉ាង​ណា​មិញ ពេល​ខ្លះ នារី​មើល​ឃើញ​ថា​បុរស​ម្នាក់​នោះ​គឺ​ល្អ​ហើយ​ព្រោះ​ពី​ដំបូង​គេ​ខិត​ខំ​យក​ចិត្ត​ខ្លាំង​ណាស់​ តែ​ពេល​នាង​មាន​ចិត្ត​ស្រឡាញ់​ដែរ ស្រាប់​តែ​ផ្លាស់​ប្តូរ​អត្តចរិត​តែ​ម្តង ហើយ​បែរ​ជា​មិន​សូវ​រវល់​នឹង​នាង តែង​ចេញ​ទៅ​ក្រៅ​ផឹក​ស៊ី​ ទុក​នាង​ចោល ឬ អាច​ឈាន​ដល់​ការ​លួចលាក់​នឹង​អ្នកថ្មី​ទៀត​ផង។ ដូច​នេះ​ នាង​មាន​តែ​ទ្រាំ​សិន​មិន​ចង់​បាត់​បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ​ទេ តែ​វា​ក៏​មិន​មែន​មាន​ន័យ​ថា​នាង​ចូលចិត្ត​មនុស្ស​ប្រុស​បែប​នោះ​ឡើយ។ ការ​អត់​ធ្មត់​គឺ​មាន​កំណត់ មិន​យូរ​មិន​ឆាប់ នាង​គង់​ចាក​ចេញ​ពី​អ្នក​ដែល​មិន​អើពើ​នឹង​នាង។

រូបតំណាង
រូបតំណាង

នារី​ណា​ក៏​ប្រាថ្នា​ចង់​បាន​មនុស្ស​ដែល​ចេះ​ស្រឡាញ់​ថ្នាក់​ថ្នម​នាង​ដែរ​ តែ​បើ​នាង​ធ្លាប់​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​មិនល្អ​ជាមួយ​អ្នក​ចាស់​ ឬ តែង​ជួប​នូវ​បុរស​ដែល​ធ្វើ​ល្អ​បាន​តែ​ដំបូង​នោះ ការ​គិត​របស់​នាង​នឹង​ចាប់​ផ្តើម​ផ្លាស់​ប្តូរជា​មិន​ខាន។ នាង​នឹង​មាន​ការ​ចង​ចាំ​មួយ​ថា បុរស​ដែល​មក​ធ្វើ​ល្អ​ខ្លាំង​ពី​ដំបូង​ ថ្នាក់​ថ្នម​នាង យក​ចិត្ត​នាង​ ខ្វល់ខ្វាយ​ពី​នាង​នោះ​ គឺ​ប្រាកដ​ជា​បាន​តែ​ពីដំបូង​តែ​ប៉ុណ្ណោះ ពេល​នាង​ចាប់​ផ្តើម​មាន​ចិត្ត​ស្រឡាញ់ គេ​នឹង​ផ្លាស់​ប្តូរ​ចរិត​ដូច​អ្នក​មុនៗ​ដែរ។ បទពិសោធន៍​មិន​ល្អ​ទាំង​អស់​នោះ​ហើយ​ដែល​បាន​បង្រៀន​ឱ្យ​នាង​ខ្លាច​នូវ​​បុរស​ដែល​មក​ធ្វើ​ល្អ​ដាក់​ខ្លួន​ គឺ​មិន​មែន​មក​ពី​នាង​មិន​ចាប់​អារម្មណ៍​នឹង​មនុស្ស​ល្អ​នោះ​ទេ ប៉ុន្តែ​គឺ​មក​ពី​នាង​ខ្លួនឯងខ្លាច​ទៅ​វិញ​ទេ។

រូបតំណាង

ដូច្នេះ ទោះ​ពេល​ខ្លះ​នាង​បាន​ជួប​នឹង​បុរស​ល្អ​ដែល​ស្រឡាញ់​នាង​ពិត តែ​នាង​បែរ​ជា​ខ្លាច​រហូត​មើល​រំលង​គេ​ជា​ដើម។ យ៉ាង​ណា​មិញ នេះ​បញ្ចាក់​ឱ្យ​ឃើញ​ថា​ មិនមែន​មក​ពី​នាង​មិន​ចាប់​អារម្មណ៍​នោះ​ទេ គឺ​ខ្វះ​ភាព​ក្លាហាន និង​ ការ​ជឿ​ទុកចិត្ត​។ ចំពោះ​បុរសៗ ក៏​ដូច​គ្នា បើ​មាន​នារី​ដែល​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ហើយ ត្រូវ​ថែរក្សា​នាង​ឱ្យ​បាន​ល្អ និង បន្ត​ធ្វើ​ល្អ​ដាក់​នាង​តទៅ​មុខ​រហូត មិនមែន​ល្អ​តែ​ពី​ដំបូង​នោះ​ទេ ធ្វើ​បែប​នោះ នារី​ៗនឹង​អាច​កសាង​ទំនុកចិត្ត​ឡើង​វិញ​ដើម្បី​បើក​ចិត្ត និង ទទួល​យក​នូវ​មនុស្ស​ប្រុស​ល្អៗ​ដែល​នៅ​ចំពោះ​មុខ​ខ្លួន៕

រូបតំណាង

អានបន្ត៖ សាមញ្ញៗ ៥យ៉ាង បុរសតែងធ្វើ​ដោយ​មិន​ដឹង​ខ្លួន តែ​នារីគិត​ថា​ទាក់​ទាញ

​​

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម