ឡូយ​ហួសស្មាន! យូហ្គា​ ៧​ក្បាច់​ ​នេះ​មាន​គុណប្រយោជន៍​ដល់​សុខភាព​ដល់​ម្លឹង

  • 2019-12-18 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ យូហ្គា​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​ដល់​សុខភាព និង សម្រស់។ អ្នក​ខ្លះ​ជ្រើស​រើស​ហាត់​យូហ្គាដើម្បី​សុខភាព ឯ​អ្នក​ខ្លះ​ទៀត​ហាត់​ក្នុង​បំណង​រក្សា​រាង ឬ សម្រក​ទម្ងន់​ជាដើម។ គួរ​បញ្ចាក់​ផង​ដែរ​ថា ក្នុង​នោះ​មាន​ក្បាច់​យូហ្គា​មួយ​ចំនួន​ដែល​មាន​អត្ថប្រយោជន៍​ដល់​ការ​សម្រួល​នូវ​ចរន្តឈាម បំបាត់​ការ​ស្រ្តេស​ និង ជួយ​ក្នុង​ការ​រក្សា​រាង​បាន​យ៉ាង​ល្អ រួម​មាន៖

១. ក្បាច់ Downward-Facing Dog

រូបតំណាង

សម្រាប់​ក្បាច់​នេះ អ្នក​​គួរ​ហាត់​ពេល​ព្រឹក​មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ ហើយ ពត់​ក្បាច់​នេះ​រយៈ​ពេល​ ១-៣ នាទី​ឱ្យ​ជាប់។ វា​ជួយ​សម្រួល​ចរន្តឈាម​ ព្រម​ទាំង​ធ្វើ​ឱ្យ​ឈាម​រត់​ចូល​ផ្នែក​ខួរក្បាល​។ លើស​ពី​នេះ​ទៀត វា​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ជួយ​ពន្លាត​ឆ្អឹង​ក​ និង ឆ្អឹង​ខ្នង ហើយ កាត់​បន្ថយ​ការ​ស្រ្តេស ដោយជួយ​សម្រួល​នូវ​ភាព​តាន​តឹង​នៃ​ខួរក្បាល។

២. ក្បាច់ Standing Forward Bend

រូបតំណាង

ក្បាច់​នេះ​អាច​ជួយ​សម្រួលដល់​​ផ្លូវ​អារម្មណ៍​បាន​ច្រើន​ បើ​អ្នក​អាច​ពត់​បាន​ពី ១៥-៣០វិនាទី​។ យក​ល្អ​អ្នក​គួរ​ហាត់​ពេល​ព្រឹក​ពេល​ ពោះ​ទទេ ឬ ក៏​ពេល​ល្ងាច​ក្រោយ​ទទួលទាន​អាហារ​ពី ៤-៦​ម៉ោង។ ក្បាច់់​នេះ​ជួយ​ផ្តល់​ថាមពល​ដល់​កោសិកា​ខួរក្បាល ជួយ​បំបាត់​ការ​ឈឺ​ក្បាល និង ការ​គេង​មិន​លក់​ជាដើម។ មិន​ថែម​តែ​ប៉ុណ្នោះ​ វា​ថែម​ទាំង​ជួយ​សម្រួល​ដល់​បញ្ហា​ទល់​លាមក​ទៀត​ផង។​

៣. ក្បាច់ Camel Pose

រូបតំណាង

ការ​ហាត់​ Camel Pose ៣០-៦០​វិនាទី ជួយ​ផ្តល់​នូវ​ជំហ​រាងកាយ​ល្អ និង​​ ធ្វើ​ឱ្យ​រាងកាយ​មាន​ភាព​រឹងមាំ។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​ឱ្យ​អ្នក​បើក​ចំហ​ដើម​ទ្រូង ដើម្បី​បញ្ចេញ​នូវ​កង្វល់ និង​ ស្រ្តេស​ទាំង​ឡាយ​ឱ្យ​ចេញ​មក​ខាង​ក្រៅ​​ផង​ដែរ។ អ្នក​អាច​ហាត់​វា​ពេល​ព្រឹក​ព្រលឹម​​ដើម្បី​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត។

៤. ក្បាច់ Thunderbolt Pose ឬ Diamond Pose

រូបតំណាង

គេ​ហៅ​វា​ថា​ជា​ ក្បាច់​គ្រាប់​ពេជ្រ ព្រោះ​វា​ជួយ​ឱ្យ​រាង​កាយ​របស់​អ្នក​រឹង​មាំ​ដូច​គ្រាប់​ពេជ្រ​អ៊ីចឹង។ យ៉ាង​ណា​មិញ អ្នក​គួរ​ហាត់​ក្បាច់​នេះ​រយៈពេល​ពី ៥-១០​នាទី​ យ៉ាង​តិច ដើម្បី​ឱ្យ​វា​មាន​ប្រសិទ្ធភាព។ វា​ជួយឱ្យ​ខួរ​ក្បាល​មាន​ភាព​នឹងនរ ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ និង ស្រ្តេស​ផង​ដែរ។ មិន​តែ​ប៉ុណ្នោះ​ វា​ជួយ​ដល់​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពោះ សម្រួល​ចរន្ត​ឈាម​ និង ជួយ​ឱ្យ​សាច់ដុំ​រឹង​មាំ។

៥. ក្បាច់ឈរលើស្មា ឬ Shoulder Stand

រូបតំណាង

ក្បាច់​ឈរ​លើ​ស្មា​នេះ គួរ​ហាត់​នូវ​ពេល​ព្រឹក​ព្រលឹម​ដូច​ក្បាច់​ដទៃ​ទៀត​ដែរ ហើយ​គួរ​ពត់​វា​រយៈពេល​ពី ៣០​ទៅ​៦០​វិនាទី​ឱ្យ​ជាប់។ ក្បាច់​នេះ​ជួយ​សម្រួល​ដល់​ស្មារតី បំបាត់​ការ​ស្រ្តេស​ ជួយ​ពន្លាត​ក និង ស្មា ធ្វើ​ឱ្យ​រាងកាយ​អ្នក​មាន​ភាព​សកម្ម និង មិន​មាន​ការ​ឈឺ​ ចុក រោយ​នានា។

៦. ក្បាច់បញ្ចេញខ្យល់ ឬ Wind Relieving

រូបតំណាង

ក្បាច់​នេះ​គឺ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ទើប​ចាប់​ផ្តើម​ហាត់ ហើយ បើ​អាច​ហាត់​ពេល​ព្រឹក​គឺ​ល្អ​ខ្លាំង​ព្រោះ​វា​បញ្ចេញនូវ​ខ្យល់​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ពោះ បំបាត់​បញ្ហា​ទល់​ខ្យល់ ត្រឹម​តែ​ការ​ហាត់​ក្នុង​រយៈពេល​ពី​ ៣០-៦០​វិនាទី។ វា​ជួយ​សម្រួល​ដល់​សរីរាង្គ​ក្នុង​រាង​កាយ ជាពិសេស​គឺ​ផ្នែក​ពោះវៀន និង ផ្នែក​ខាង​ក្រោម​នៃ​ខ្នង ព្រមទាំង​ជួយ​ឱ្យ​ចរន្ត​ឈាម​ដើរ​ល្អ និង ជួយ​សម្រក​ខ្លាញ់​ក្បាល​ពោះ​ទៀត​ផង។

៧. ក្បាច់ឈរលើក្បាល ឬ Headstand Pose

រូបតំណាង

ក្បាច់​ឈរ​លើ​ក្បាល​នេះ គឺ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ ហើយ ច្រើន​តែ​អ្នក​​ដែល​ហាត់​ច្រើន​ឆ្នាំ​ទើប​អាច​ធ្វើ​បាន ព្រោះ​ត្រូវ​ការ​ទាំង​កម្លាំង ទាំង​លំនឹង និង តិចនិក។ បើ​ទប់​ជាប់​បាន​ប្រមាណ ១-៥នាទី​ អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​របស់​វា​កាន់​តែ​ច្រើន​។ ក្បាច់​នេះ ជួយ​បន្ធូរ​អារម្មណ៍ ដោយ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ខួរ​ក្បាល។ វា​ក៏​ជួយ​ឱ្យ​ឈាម​រត់​ចូល​ស្បែក​ក្បាល​ ជួយ​ឱ្យ​សាច់​ដុំ​រឹង​មាំ និង សម្រួល​ដល់​ស្មារតី​ទាំង​មូល​តែ​ម្តង។ ជាពិសេស​ទៅ​ទៀត ក្បាច់​នេះ​ជួយ​សម្រួល​ដល់​ក្រពេញ​ទីរ៉ួអ៊ីត និង កាត់​បន្ថយ​នូវ​ភាព​ល្ហិតល្ហៃ​នៅ​ក្នុង​ខ្លួន​ផង​ដែរ៕ ​​​

អានបន្ត៖ ផ្លែ​ឈើ​ ៥​មុខ​ ដែល​គួរចៀសវាង ប្រសិន​បើ​អ្នកចង់​សម្រក​ទម្ងន់ ឬ រក្សា​រាង​

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម