ចៀសវាង​បញ្ហា​ធ្ងន់ មុន​ហាត់​ប្រាណ មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​ឡើយ

  • 2019-12-17 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ឃ្លាន​មុន​ពេល​ហាត់​ប្រាណ​ នោះ​អ្នក​គួរ​តែ​ញាំ​តែ​កុំ​ឱ្យ​ឆ្អែត​ពេក​។ អ្នក​មិន​អាច​ហាត់​ប្រាណ​ទាំង​ដែល​ពោះ​ទទេ​នោះ​ទេ ព្រោះ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​នឹង​កើន​ឡើង។​ ប៉ុន្តែ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​អ្នក​ញាំ​មុន​នឹង​ហាត់​ប្រាណ​។ អាហារ​ខាង​ក្រោម​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ណែនាំ​ថា​មិន​គួរ​ទទួលទាន​ឡើយ​នៅ​មុន​ពេល​ហាត់​ប្រាណ៖

១. គ្រឿង​ស្រវឹង

ប្រសិន​បើ​អ្នក​ត្រូវ​ទៅ​ហាត់​ប្រាណ​ អ្នក​គួរ​តែ​ផឹក​ទឹក​ធម្មតា​ជា​ជាង​ផឹក​ទឹក​ដែល​មាន​ជាតិ​អាកុល​។ ជាតិ​អាកុល​ធ្វើ​ឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ ទោះ​បី​ជា​ផឹក​ច្រើន​ឬ​តិច​ក៏​ដោយ។​ លើស​ពី​នេះ​ទៅ​ទៀត​​ជាតិ​អាកុល​ទាំង​នោះ​ធ្វើ​ឱ្យ​ការ​ហាត់​ប្រាណ​របស់​អ្នក​ទៅ​អត់​ប្រយោជន៍​។

២.​ គ្រាប់​អាល់ម៉ុន​

គ្រាប់​អាល់ម៉ុន​ពោរ​ពេញ​ទៅ​ដោយ​វីតាមីន​ សម្រាប់​រាង​កាយ​។​ ប៉ុន្តែ​សារ​ធាតុ​ដែល​មាន​នៅ​ក្នុង​គ្រាប់​អាល់ម៉ុន​ វា​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្រពះ​ពេល​កំពុង​ហាត់​ប្រាណ​។​ គួរ​តែ​ទុក​វា​សម្រាប់​ក្រោយ​ពេល​ហាត់​ប្រាណ​វិញ​ទៅ​ល្អ​ជាង។

៣. ផ្លែ​ប៉ោម​

មនុស្ស​ភាគ​ច្រើន​តែង​គិត​ថា​ ផ្លែ​ប៉ោម​គឺ​ល្អ​បំផុត​សម្រាប់​ញាំ​មុន​ពេល​ហាត់​ប្រាណ​។​ ផ្ទុយ​ទៅ​វិញ​ វា​ក៏​ដូច​ជា​គ្រាប់​អាល់ម៉ុន​ដែរ​ គឺ​អាច​ធ្វើ​ឱ្យ​ជាតិ​អាស៊ីត​កើន​ឡើង​។​ ដូច្នេះ​ហើយ​ គួរ​តែ​ញាំ​ក្រោយ​ពេល​ហាត់​ប្រាណ​។​

៤​. ផ្លែ​ប័រ​

ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​សារធាតុ​បំប៉ន​ និង​Fiber​ជា​ច្រើន​។​ វា​អាច​ជួយ​ឱ្យ​អ្នក​ដើរ​ខ្យល់​ច្រើន​ពេល​កំពុង​ហាត់​ប្រាណ​។​ ម្យ៉ាង​វិញ​ទៀត​ផ្លែ​ប័រ​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្ជិល​ ក៏​ព្រោះ​តែ​ថាមពល​ដែល​អ្នក​មាន​ពេល​កំពុង​ហាត់​ប្រាណ​នឹង​ផ្ទុក​នៅ​ក្នុង​ក្រពះ​។

៥. សណ្តែក

សណ្តែក​គឺ​ជា​បន្លែ​ដែល​មាន​ប្រូតេអ៊ីន​ច្រើន​ជាង​គេ​ ប៉ុន្តែ​វា​មិន​មែន​ជា​ជម្រើស​ល្អ​ទេ​ ដែល​ញាំ​សណ្តែក​មុន​ពេល​ហាត់​ប្រាណ​។​ សណ្តែក​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ដើរ​ខ្យល់​ច្រើន​ និង​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ពោះ។​

៦. ស៊ុត​

ស៊ុត​ល្អ​សម្រាប់​អាហារ​ពេល​ព្រឹក​ ឬ​អាហារ​សម្រន់​តែ​មិន​មែន​ការ​ហាត់​ប្រាណ​នោះ​ទេ។​ វា​សំបូរ​ទៅ​ដោយ​ ប្រូតេអ៊ីន​និង​ជីវជាតិ​ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ការ​ច្រើន​ពេក​ទេ​មុន​ពេល​​ហាត់​ប្រាណ​ព្រោះ​ថា​ប្រូតេអ៊ីន​ច្រើន​ពេក​អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ទៅ​វិញ។

៧. អាហារ​បំពង

ដូច​អ្នក​បាន​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល​ញាំ​របស់​មាន​ជាតិ​ខ្លាញ់​ច្រើន​ នោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ងងុយ​គេង​។​ ជាតិ​ខ្លាញ់​ទាំង​អស់​ធ្វើ​ឱ្យ​អ្នក​ឡើង​គីឡូ​ ថែម​ទាំង​ខ្ជិល​ហាត់​ប្រាណ​ថែម​ទៀត​ផង។

៨​. អាហារ​ហិល​

អ្នក​ប្រហែល​ជា​គិត​ថា​អាហារ​ហិល​អាច​និង​ជួយ​ដុត​បំផ្លាញ​កាល់ឡូរី​ ប៉ុន្តែ​មិន​មែន​កំឡុង​ពេល​ហាត់​ប្រាណ​ទេ។​ វា​ជួយ​ពន្លឿន​មេតាប៉ូលីស​ តែ​វា​អាច​ធ្វើ​ឱ្យ​ឆួល​នៅ​ក្នុង​ពោះ​ និង​រំលាយ​អាហារ​មិន​បាន​ល្អ៕​

ចុចអាន៖

ប្រភព៖ thisisinsider ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម