ជីវិត​​​នឹង​លែង​អាប់​អួ​ បើ​អ្នក​អាច​ជៀស​ផុត​ពី​​មនុស្ស​​ ១០​ ប្រភេទ​​នេះបាន​

  • 2019-12-03 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់​ថ្ងៃ អ្នក​បាន​ជួប​មនុស្ស​ប្លែក​មុខ​ជា​ច្រើន ហើយ​មនុស្ស​ប្លែក​មុខ​នោះ អាច​នឹង​ក្លាយ​ទៅ​ជា​មិត្ត​របស់​អ្នក​នៅ​ថ្ងៃ​​ណា​មួយ ព្រោះ​​ភាព​ចៃដន្យ​​​អាច​​កើត​​ឡើង​គ្រប់​ពេល​ ដោយ​គ្មាន​ការ​គ្រោងទុក។ ​ប៉ុន្តែបើ​អាច​​អ្នក​​​គួរ​និយាយ​លេង​ធម្មតាៗ​សិន​បាន​ហើយកុំ​ទាន់​អាល​ប្រញាប់​ធ្វើ​ជា​ស្និទ្ធស្នាល រាប់​​អាន​ជា​​​មិត្ត​លឿន​ពេក ព្រោះ​​ខ្លាច​ប៉ះ​ចំ​មនុស្ស​​ ដែល​​ធ្វើ​ឲ្យ​ជីវិត​អាប់​​អួ​គ្មាន​រស្មី​។

​១. មនុស្ស​ចូល​ចិត្ត​បញ្ជា

​មនុស្ស​បែប​នេះ ​​បើ​មើល​ពី​សំបក​​ក្រៅ ចេះ​និយាយ​លេង​សើច​​ច្រើន ចេះ​យក​ចិត្ត​គេ​​ឯង ប៉ុន្តែ​ក្នុង​ចិត្ត​លាក់​កំនួច ពេល​ធ្វើ​អ្វី​មួយ​ចង់​យក​ឈ្នះ​ចាញ់ ខ្លាច​តែ​អ្នក​ផ្សេង​បាន​​លើស​ខ្លួន ព្រោះ​បើ​អន់​ជាង​គេ​ ខ្លាច​​ពេល​និយាយ​អី​ទៅ​ គ្មាន​ឥទ្ធិពល​ គេ​​លេង​ស្តាប់ បញ្ជា​លែង​បាន​ទៀត។

​២. មនុស្ស​ចូល​ចិត្ត​រិះគន់

​​បើ​រិះ​គន់​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើង​គ្មាន​បញ្ហា​នោះ​ទេ ​យ៉ាប់​តែ​អ្នក​ខ្លះ​មក​ដល់​បង្អាប់ ឲ្យ​បាក់​ទឹក​ចិត្ត​ខ្ទេចខ្ទី​អស់​តែ​ម្តង។ ពេល​ខ្លះ​ធ្វើ​​ត្រូវ​ហើយ ក៏​នៅ​តែ​​​ទើស​ខុស​រឿង។

​៣. មនុស្ស​​ចូល​ចិត្ត​និយាយ​ដើម

ជាតិ​ជា​​មនុស្ស​ គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​និយាយ​ដើម​គេ​នោះ​ទេ ប៉ុន្តែ​បើ​​និយាយ​​ដើម​ពី​​អ្នក​ដទៃ​លើស​លប់​​នៅ​ចំពោះ​មុខ​អ្នក នោះ​ថ្ងៃ​ណា​មួយ​មាត់​​របស់​គេ​ច្បាស់​​ជា​រអិល និយាយ​ដើម​អ្នក​អី​ចឹង​ដូច​គ្នា។

​៤. មនុស្ស​អាត្មា​​​និយម

គេ​​​​យល់​​តែ​​អារម្មណ៍​ និង​ព្យាយាម​បំពេញ​តម្រូវការ​ផ្ទាល់​ខ្លួន ដោយ​មិន​​ខ្វាយ​ពី​អ្នក​ដទៃ​បន្តិច​សោះ​ឡើយ ចង់​អ្នក​ណា​កើត​អី​ក៏​កើត​ទៅ។

​៥. មនុស្ស​ពូកែ​ច្រណែន​

មនុស្ស​បែប​នេះ គ្មាន​​មក​ចូល​រួម​ត្រេក​អរ​ ពេល​ឃើញ​អ្នក​ជោគជ័យ​នោះ​ទេ មាន​តែ​​ដេក​ក្រហាយ​ទ្រូង ច្រណែន​ឈ្នានីស​នឹង​អ្នក​ទៅ​វិញ។

​៦. មនុស្ស​ចូល​ចិត្ត​តែ​ពឹង​​ពាក់​គេ

រស់​នៅ​ក្នុង​​សង្គម​មួយ​ ការ​ពឹង​ពាក់​​ជួយ​យក​អសារ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ តែ​អ្នក​ខ្លះ​​​ឆ្លៀត​ឱកាស​យក​​​ទឹក​ចិត្ត​ដ៏​ល្អ​របស់​អ្នក​ដទៃ​មក​ប្រើ​ប្រាស់​ជា​ប្រយោជន៍ ហើយ​​សុំ​ពឹង​ឲ្យ​គេ​ជួយ​សូម្បី​តែ​រឿង​តូចតាច​ ដែល​អាច​ធ្វើ​ខ្លួន​ឯង​បាន។

​៧. មនុស្ស​ឆេវឆាវ​

មនុស្ស​បែប​នេះ​មិន​ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​ទាល់​តែ​សោះ ពេល​មាន​បញ្ហា​អី​មួយ គេ​នឹង​​ច្រឡោត​​គំហក​ដាក់​អ្នក ដោយ​គ្មាន​ហេតុផល ថែម​ទាំង​ទម្លាក់​កំហុស​​ឲ្យ​អ្នក​ទៀត​ផង។

​៨. មនុស្ស​អវិជ្ជមាន

មនុស្ស​ប្រភេទ​នេះ ទោះ​បី​ជា​អ្នក​ឈរ​នៅ​ទី​​​កន្លែង​ភ្លឺ​​ស្រលះ​យ៉ាង​ណា​ក៏​ដោយ បើ​គេ​ដើរ​ចូល​មក​ភ្លាមអ្វី​ៗ​នឹង​ងងឹត​អាប់​អួ ​ព្រោះ​តែ​​ពួក​គេ​​​​តែង​​មាន​គំនិត​សោះ​កក្រោះ​​ មិន​ជ្រះ​ថ្លា។

​៩. មនុស្ស​ពូកែ​កុហក

​គ្មាន​នរណា​ជៀស​ផុត​​ពី​ការ​និយាយ​កុហក​បាន​ឡើយ ប៉ុន្តែ​ពេល​ខ្លះ​យើង​និយាយ​កុហក ក្នុង​​បំណង​ដើម្បី​កែ​ប្រែ​ស្ថានភាព​ឲ្យ​ល្អ​ប្រសើរ​ឡើង មិន​មែន​និយាយ​កុហក​រហូត​ដល់​ទុក​ចិត្ត​គ្នា​លែង​បាន​នោះ​ទេ។

​១០. មនុស្សគ្មាន​ទំនួល​ខុស​ត្រូវ

មនុស្ស​បែប​​នេះ​បាន​តែ​សម្តី បើ​ធ្វើ​វិញ​មិន​សូវ​ជា​ពូកែ​ប៉ុន្មាន​ទេ​​ ព្រោះ​ចូលចិត្ត​និយាយ​អី​ឲ្យ​តែ​រួច​ពី​មាត់ ​ហើយ​ក៏​មិន​អាច​​ពឹង​ពាក់ ឬ​​ទុក​ចិត្ត​អី​​បាន​ឡើយ​ ដូច្នេះ​គួរ​តែ​ជៀស​ឲ្យ​ឆ្ងាយ៕

ចុចអានបន្ត៖

ប្រភព៖ alignthoughts ប្រែ​សម្រួល៖ ដេត ឈុនអ៉ី