ស្ទើរតែគ្មានខុស! លាតត្រដាងចរិតពិតតាមរយៈការច្របាច់ថ្នាំដុសធ្មេញ

  • 2019-11-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល ឬ​ហួស​ចិត្ត​ពេល​ប្រាប់​ថា គ្រាន់​តែ​របៀប​ប្រើ​និង​ច្របាច់​ថ្នាំ​ដុស​ធ្មេញ​ដែល​អ្នក​ប្រើ​ប្រចាំ​ថ្ងៃ​សោះ ក៏​អាច​លាត​ត្រដាង​ចរិត​ពិត​ប្រាកដ​របស់​អ្នក​បាន។ ពិត​ណាស់ គ្រប់​​ទង្វើ​និង​ទម្លាប់​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​​ថ្ងៃ​សុទ្ធ​តែ​បង្ហាញ​ពី​ចរិត​លក្ខណៈ​ពិសេស​របស់​មនុស្ស​ម្នាក់ៗ​ដោយ​ឡែក​ៗ​ពី​គ្នា។ បើ​អ៊ីចឹង ចង់​ដឹង​ថា​វិធី​នៃ​ការ​ច្របាច់​ថ្នាំ​ដុស​ធ្មេញ​អាច​ទាយ​ពី​ខ្លួន​អ្នក​ត្រូវ​បាន​កម្រិត​ណា​នោះ មក​សាក​ល្បង​អាន​ចំណុច​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

១. ច្របាច់​ពី​គូទ​ក្រោម​ឡើង​ទៅ​លើ៖

អ្នក​ជា​មនុស្ស​ពូកែ​សន្សំ​សំចៃ និង​រៀបរយ​ល្អ។ អ្នក​មិន​ត្រឹម​តែ​ផ្ដោត​លើ​របស់​ដែល​នៅ​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឱ្យ​តម្លៃ​របស់​និង​មនុស្ស​ទាំង​នោះ​ទៀត​ផង។ អ្នក​ជា​មនុស្ស​​ដែល​តែង​ពិចារណា​បាន​ល្អិត​ល្អន់​មុន​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ មិន​ថា​ទិញ​អ្វី បោះ​ចោល​អ្វី​ ជា​ពិសេស​ការ​ចាយវាយ។ លក្ខណសម្បត្តិ​របស់​អ្នក​នេះ​ហើយ​ដែល​តែង​ធ្វើ​ឱ្យ​អ្នក​ដទៃ​ចូលចិត្ត​មក​​ពឹង​ពាក់​រូប​អ្នក ហើយ​ក៏​មិន​ដែល​អស់​សង្ឃឹម​ដោយ​សារ​តែ​រូប​អ្នក​ដែរ។

២. ច្របាច់​ពី​ពាក់​កណ្ដាល​ទីប​ទៅ៖

អ្នក​ជា​មនុស្ស​សកម្ម មិន​ចូល​ចិត្ត​នៅ​មួយ​កន្លែង និង​មាន​សមត្ថភាព​អាច​រស់​បាន​មិន​ថា​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាង​ណា​​ឡើយ។ ហេតុ​នេះ​ហើយ​ទើប​អ្នក​មាន​ពួក​ម៉ាក​និង​មនុស្ស​ស្រលាញ់​រាប់​អាន​គ្រប់​ទីកន្លែង។ និយាយ​ឱ្យ​ខ្លី អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចូល​ក្នុង​សង្គម ជួប​មនុស្ស​ដែល​នៅ​ខាង​ក្រៅ​ឱ្យ​បាន​ស្គាល់​គេ​ស្គាល់​ឯង និង​ចេះ​បែង​ចែក​សមតុល្យ​រវាង​ជីវិត​និង​អារម្មណ៍​បាន​យ៉ាង​ល្អ។

៣. ច្របាច់​​តែ​ផ្នែក​ខាង​លើ៖

អ្នក​ជា​មនុស្ស​ចចេស​រឹងរូស តែ​ចិត្ត​ចង់​ធ្វើ​អ្វី​ហើយ​គ្មាន​អ្នក​ណា​អាច​ហាម​ឃាត់​បាន​ឡើយ ហើយ​​មិន​ថា​ត្រូវ​ចំណាយ​អ្វី​ក៏​ដោយ ត្រូវ​តែ​ធ្វើ​រឿង​នោះ​ឱ្យ​សម្រេច​​ឱ្យ​បាន។ អ្នក​ទំនង​ជា​មនុស្ស​សុទិដ្ឋិនិយម តែ​មិន​សូវ​ទុក​ចិត្ត​អ្នក​​ណា​ងាយ​ៗ​ឡើយ។ អ្នក​ចូល​ចិត្ត​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ជាង​ពឹង​អ្នក​ដទៃ ស្រលាញ់​ខ្លួន​ឯង​ច្រើន​ និង​ចេះ​មើល​ថែ​ខ្លួន​ឯង​បាន​យ៉ាង​ល្អ។ ទោះ​ជា​យ៉ាង​ណា អ្នក​មាន​ចំណុច​អវិជ្ជមាន​មួយ​គឺ​ពេល​ខ្លះ​ដែល​អ្នក​ចង់​សម្រេច​បំណង​ពេក អាច​ក្លាយ​ជា​មនុស្ស​អាត្មានិយម ឬ​ហ៊ាន​ប្រើ​ប្រាស់​អ្នក​ដទៃ​ដើម្បី​ជោគជ័យ​ខ្លួន​ឯង។

៤. ច្របាច់​ដោយ​មិន​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម៖

អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​នៅ​តែ​ម្នាក់​ឯង ជាង​នៅ​កន្លែង​អ៊ូអរ គ្នា​ច្រើន។ ​មនុស្ស​បែប​នេះ​ច្រើន​តែ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ ឬ​អ្នក​ដែល​ប្រើ​គំនិត​ច្នៃ​ប្រឌិត​ធ្វើ​អ្វី​មួយ។ អ្នក​ជា​មនុស្ស​សុភាព​រាបសា ទន់ភ្លន់ និង​ចេះ​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ គ្រាន់តែ​មិន​សូវ​ចង់​អ៊ូអរ​ជាមួយ​គេ។ អ្នក​​តែង​តែ​មាន​គំនិត​ល្អៗ និង​ចង់​ចែក​រំលែក​ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់​ផង​ដែរ។​

៥. ច្របាច់​តែ​តា​ពាស៖

អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​មើល​ពិភពលោក​នេះ​ឃើញ​ប្លែក​ពី​អ្នក​ដទៃ។ អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ហើយ​តែង​តែ​គំនិត​ថ្មីៗ​ជាង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន។ បើ​និយាយ​ពី​ការ​រៀប​ចំ​ទុក​ដាក់​ឱ្យ​មាន​សណ្ដាប់​ធ្នាប់ និង​ទៅ​ណា​មក​ណា​គោរព​ពេលវេលា អាច​ពិបាក​បន្តិច​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ អត្តចរិត​ល្អ មិន​ចូល​ចិត្ត​បៀតបៀន​អ្នក​ដទៃ ​គ្រាន់​តែ​ពេល​ខ្លះ​​អារម្មណ៍​ផ្លាស់​ប្ដូរ​ញឹក​ញាប់​បន្តិច ពិបាក​ឱ្យ​អ្នក​ដទៃ​ស្វែង​យល់​ចិត្ត​អ្នក​ឱ្យ​ច្បាស់៕

​ចុចអាន៖ ​ ចង់ដឹងអ្នកជាមនុស្សរឹងមាំ ឬទន់ជ្រាយក្នុងភ្នែកអ្នកដទៃ សាកល្បងរើសរូបមួយ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម