រៀនដោះលែងអ្វីដែលមិនសមជាមួយយើង គឺជារឿងល្អបំផុត
- 2019-11-08 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនដោះលែងអ្វីដែលមិនសមជាមួយយើង គឺជារឿងល្អបំផុត
នៅពេលអ្នកស្រឡាញ់អ្វីមួយ អ្នកប្រាកដជាចង់ឱបក្រសោបជារបស់ខ្លួនឯងជាមិនខាន មិនថាពេលខ្លះអ្នកពិបាកក្ដាប់វាក្នុងដៃក៏ដោយ។ ពេលខ្លះរបស់ដែលអ្នកស្រឡាញ់ មិនប្រាកដថាសក្តិសមនឹងអ្នក ឬល្អនោះទេ តែដោយសារស្រឡាញ់ អ្នកក៏លែងមើលឃើញចំណុចអាក្រក់ទាំងអស់នោះ ហើយថែមទាំងធ្វើឲ្យខ្លួនឯងឈឺចាប់ទៀតក៏មាន។
មិនខុសអីពីអ្នកស្រឡាញ់មនុស្សដែលមិនគួរស្រឡាញ់នោះទេ។ ដោយសារតែក្ដីស្រឡាញ់អ្នកភ្លេចអស់នូវអ្វីជាច្រើនទៀត រហូតភ្លេចទាំងខ្លួនឯងទៀតផង។ អ្នកនៅតែចង់ឱបក្រសោបគេ ទាំងគេមិនដែលមើលឃើញពីតម្លៃ និងក្ដីស្រឡាញ់របស់អ្នកដែលលះបង់ឲ្យគេ តែជំនួសមកវិញគេបានត្រឹមតែផ្ដល់នូវភាពសោះក្រោះ ព្រងើយកន្តើយ ហើយនឹងការមិនអើពើថាអ្នកពេលនេះយ៉ាងម៉េចហើយ។
មានធ្លាប់សួរខ្លួនឯងអត់ថាគេសមជាមួយអ្នកកម្រិតណា? នៅជាមួយគេអ្នកសប្បាយចិត្តកម្រិតណា ឈឺចាប់កម្រិតណា? ឬគ្រាន់តែដោយសារតែក្ដីស្រឡាញ់មួយមុខអ្នកសុខចិត្តបំភ្លេចចោលនៅសេចក្ដីសុខផ្សេងទៀត។
ចាំណា! បើគេពិតជាស្រឡាញ់អ្នកមែន គេមិនដែលចង់ឃើញទឹកភ្នែកអ្នកស្រក់ចុះមកនោះទេ ហើយរឹតតែមិនឲ្យអ្នកមានអារម្មណ៍ថាឯកា។ មនុស្សស្រឡាញ់គ្នាពិតគឺប្រៀបបាននឹងសួនផ្ការីកស្គុះស្គាយមួយដែលមានក្លិនក្រអូប ទេសភាពស្រស់ត្រកាល មិនមែនជាកន្លែងដែលបង្ហូរទឹកភ្នែកនោះទេ។
កុំដោយសារអនុស្សាវរីយ៍ ២ឆ្នាំ ៥ឆ្នាំ ហើយមកបំផ្លាញអនាគតអ្នក ៣០ឆ្នាំ ៥០ឆ្នាំទៀតនោះ។ មនុស្សយើងពេលខ្លះគឺត្រូវរៀនលះបង់អ្វីដែលមិនសមជាមួយយើង គឺត្រូវរៀនបោះបង់សម្ពាយដែលធ្វើឲ្យជីវិតយើងមានសម្ពាធខ្លះ នោះទើបយើងអាចរកសុភមង្គលឲ្យខ្លួនឯងបាន។
ការដើរចេញដំបូងអាចនឹងទទួលវិបត្តិផ្លូវចិត្តខ្លាំង ឈឺចាប់ខ្លាំង ពិបាករស់នៅខ្លាំង ពិបាកធ្វើចិត្តខ្លាំង តែពេលវេលានឹងជួយព្យាបាលរបួសនោះឲ្យជាម្ដងបន្តិចៗ រហូតទាល់តែអស់។ ការដែលខំឱបក្រសោបមនុស្សដែលមិនបានស្រឡាញ់យើង គឺដូចឱបបន្លាអីចឹង កាន់តែឱបកាន់ទេមុតខ្លួន បន្លាកាន់តែចាក់ជ្រៅ ហើយយើងកាន់តែឈឺ៕
ចុចអាន៖កុំស្រលាញ់មនុស្សប្រុសដែលមិនព្យាយាមធ្វើអ្វីសោះ ដើម្បីបានបេះដូងអ្នក